ការសិក្សាចុងក្រោយនេះនៅក្នុងពិភពវេជ្ជសាស្ត្របានអះអាងថាវីតាមីនCរួមបញ្ចូលគ្នាជាមួយ ថ្នាំដែលត្រឹមត្រូវអាចបំផ្លាញកោសិកាមហារីកបាន។ នៅមានភាពចម្រូងចម្រាសមួយចំនួនជុំវិញការអះអាងថាវីតាមីនCមានតួនាទីប្រឆាំងនឹងជំងឺផ្តាសាយ។ ទោះជាយ៉ាងណាវីតាមីនCមានអត្ថប្រយោជន៍សុខភាពដែលមិនមានភាពចម្រូងចម្រាស់គ្នាទេដូចជាវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើអោយសុខភាពបានល្អប្រសើរឡើង។
វីតាមីនCត្រូវបានគេស្គាល់ថាជាអាស៊ីតascorbicដែលគឺជាសរធាតុចិញ្ចឹមដែលរលាយក្នុងទឹកឃើញមាននៅក្នុងអាហារមួយចំនួន។ នៅក្នុងរាងកាយវាដើរតួនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារកោសិកាពីការខូចខាតដែលបង្កឡើងដោយហ្វ្រីរ៉ាឌីកាល់(Free Radical) ។ Free Radicalគឺជាសមាសធាតុដែលបានបង្កើតឡើងនៅពេលដែលរាងកាយរបស់យើងបំបែកអាហារដែលយើងបរិភោគបម្លែងទៅជាថាមពល។ មនុស្សយើងក៏អាចប៉ះពាល់ទៅនឹង Free Radicalនៅក្នុងបរិស្ថានផងដែរជាពិសេសមាននៅក្នុងផ្សែងបារី ខ្យល់ដែលមានការបំពុល និងកាំរស្មីUVពីពន្លឺព្រះអាទិត្យ។ រាងកាយរបស់យើងក៏ត្រូវការវីតាមីនCដើម្បីបង្កើតសារធាតុកូឡាហ្សែន(collagen) ដែលជាប្រូតេអ៊ីនដែលត្រូវការដើម្បីជួយអោយរបួសបានជាសះស្បើយ។ លើសពីនេះទៀតវីតាមីនCធ្វើអោយប្រសើរឡើងនូវការស្រូបយកសារជាតិដែកពីអាហារ និងជួយអោយប្រព័ន្ធការពាររាងកាយធ្វើការបានត្រឹមត្រូវដើម្បីការពាររាងកាយពីជំងឺ។
យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថាក្រូចគឺជាប្រភពលេខមួយនៃវីតាមីនC ប៉ុន្តែមិនមែនមានតែក្នុងផ្លែក្រូចនោះទេមានអាហារជាច្រើនដែលផ្គត់ផ្គង់អោយយើងនូវបរិមាណដ៏ច្រើននៃវីតាមីនC។ រាប់ចាប់ពីកម្រិតខ្ពស់បំផុតដល់កម្រិតទាបបំផុតនៃវីតាមីនCមានដូចជាផ្លែល្ហុង ម្ទេសផ្លោក ផ្លែម្នាស់ ក្រូច និងមានជាច្រើនទៀត។
ការស្រាវជ្រាវថ្មីៗនេះបានអោយដឹងថាវីតាមីនCចាក់តាមសរសៃឈាមវ៉ែនរួមបញ្ចូលគ្នាជាមួយនឹងការព្យាបាលដោយប្រើសារធាតុគីមីអាចសំលាប់កោសិកាមហារីកបាននេះបើយោងតាមសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kansas។ នៅក្នុងការសិក្សាលើអ្នកជំងឺ២៧នាក់ដែលបានធ្វើរោគវិនិច្ឆ័យថ្មីជាមួយនឹងជំងឺមហារីកអូវ៉ែដំណាក់កាលទី៣ឬទី៤ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាអ្នកជំងឺដែលបានទទួលកម្រិតខ្ពស់នៃវីតាមីនCចាក់តាមសរសៃឈាមវ៉ែន រួមជាមួយនឹងការព្យាបាលជំងឺមហារីកដោយប្រើថ្នាំpaclitaxel ឬ carboplatin គេប្រទះឃើញថាមានផលប៉ះពាល់នៃថ្នាំទាំងនេះតិចជាង។ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការសិក្សា ហើយបានសង្កេតឃើញថាការបញ្ចូលសេរ៉ូមវីតាមីនCចាក់តាមសរសៃឈាមវ៉ែនអាចសំលាប់កោសិ កាមហារីកបានដោយមិនមានការសម្គាល់ថាមានការពុល ឬការមានជំងឺនៅក្នុងថ្លើម តម្រងនោម ឬអណ្តើកនោះទេ៕