ពុលវីតាមីន D មានន័យថាម៉េច? ហើយខ្ញុំកំពុងតែប្រើអាហារបំប៉នវីតាមីន D នេះរាល់ថ្ងៃ អញ្ចឹងខ្ញុំគួរធ្វើដូចម្តេច? ការពុលវីតាមីន D គឺជារឿងកម្រ ប៉ុន្តែ សភាពធ្ងន់ធ្ងរអាចនឹងកើតឡើង នៅពេលដែលរាងកាយរបស់អ្នកមានបរិមាណជាតិវីតាមីន D ច្រើនហួសហេតុពេក។ ការពុលវីតាមីន D ជាធម្មតា ត្រូវបានបង្កឡើងដោយការប្រើអាហារបំប៉នវីតាមីន D ច្រើនលើសកម្រិត មិនមែនដោយសារតែរបបអាហារ ឬការប៉ះត្រូវនឹងព្រះអាទិត្យនោះទេ។
ផលវិបាកនៃការពុលវីតាមីន D គឺការកើនឡើងនៃជាតិកាល់ស្យូមនៅក្នុងឈាម ដែលអាចបណ្តាលអោយអ្នកមានរោគសញ្ញាមួយចំនួន ដូចជា មិនឃ្លានអាហារ ចង្អោរ ក្អួត អស់កម្លាំង បត់ជើងតូចញឹកញាប់ និងមានបញ្ហាតម្រងនោម។ ការព្យាបាល គឺត្រូវបញ្ឈប់ការទទួលទានវីតាមីន D ច្រើនពេក។ វេជ្ជបណ្ឌិតក៏អាចនឹងចាក់បញ្ចូលជាតិទឹក (ចាក់សេរ៉ូម) និងប្រើប្រាស់ថ្នាំពពួកថ្នាំ Corticosteroids ឬ Bisphosphonates ផងដែរ។
សម្រាប់មនុស្សពេញវ័យ គ្រូពេទ្យណែនាំអោយប្រើប្រាស់ត្រឹមតែ ៦០០ IU ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
ការទទួលទានវីតាមីន D លើសពី ៥០០០០ IU ក្នុងមួយថ្ងៃក្នុងរយៈពេលជាច្រើនខែត្រូវបានបង្ហាញថាអាចបណ្តាលអោយអ្នកជំងឺពុល។ យ៉ាងណាមិញ កម្រិតដែលខ្ពស់ជាងការណែនាំ ពេលខ្លះត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាសុខភាពរបស់អ្នកជំងឺមួយចំនួន ដូចជា ជំងឺកង្វះវីតាមីន D ប៉ុន្តែវាត្រូវបានតាមដានយ៉ាងល្អិតល្អន់ពីសំណាក់គ្រូពេទ្យជំនាញ ហើយនៅក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ បើទោះបីជាការពុលវីតាមីន D គឺជារឿងមួយដែលកម្រនឹងកើតមាន សូម្បីតែនៅលើអ្នកដែលប្រើអាហារបំប៉នក៏ដោយ តែអ្នកអាចនឹងមានហានិភ័យខ្ពស់ ប្រសិនបើអ្នកមានបញ្ហាសុខភាព ដូចជា បញ្ហាថ្លើម ឬតម្រងនោម ឬប្រសិនបើអ្នកកំពុងប្រើថ្នាំបញ្ចុះទឹកនោម។ ដូច្នេះ ត្រូវតែពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់អាហារបំប៉នប្រភេទវីតាមីន និងសារធាតុរ៉ែផ្សេងៗទៀត៕