Join with Health.com.kh on Telegram

​ជាធម្មតា ការ​មក​រដូវ​នឹង​កើតឡើង​ម្តង​ក្នុង​មួយ​ខែ​ហើយ​រយៈពេល​នៃ​ការ​មក​រដូវ​នេះ​ដែរ​យូរ​បំផុត​គឺ​មិន​លើស ៧​ថ្ងៃ​ឡើយ (​អាច​ត្រឹម ៥ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​)​។ យ៉ាងណាមិញ ពេលខ្លះ រដូវ​មនុស្ស​ស្រី​អាច​មាន​រយៈពេល​យូរ​ជាង​ធម្មតា ដែល​វា​អាច​ជា​សញ្ញា​បញ្ជាក់ថា មាន​អ្វី​មួយ​ខុស​ប្រក្រតី​ចំពោះ​រាងកាយ​។ ជាមួយគ្នានេះដែរ បញ្ហា​បែប​នេះ​អាច​បញ្ជាក់​ថា មាន​អតុល្យភាព​អ័រម៉ូន ឬ​ប្រែប្រួល​ចំពោះ​ស្បូន ដែល​យើង​មិន​អាច​មិន​ខ្វល់​មិ​នខ្វាយបាន​ឡើយ​។ ដូច្នេះ​ត្រូវតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ឲ្យបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើបាន​ដើម្បី​ទទួលបាន​ការព្យាបាល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​មូលហេតុ​មួយចំនួន​ដែល​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ និង​ធ្វើឲ្យ​ស្ត្រី​មក​រដូវ​យូរៗ​ដូចជា​៖

ការ​ហូរ​ឈាម​ខុសធម្មតា​
រឿង​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជាការ​ហូរ​ឈាម​ក្នុង​ស្បូន​មិនធម្មតា ដែល​វា​បណ្តាល​មកពី​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​។ ករណី​ភាគច្រើន វា​បញ្ជាក់​អំពី​ការ​ដែល​មិន​ជ្រុះ​អូ​វ៉ុល ប៉ុន្តែ​បែរជា​មាន​ការ​ហូរឈាម​ចេញពី​ស្បូន​ទៅវិញ​។ រឿង​នេះ​ច្រើនតែ​ឃើញ​ជា​ញឹកញាប់​លើ​ស្ត្រី​ស្ថិតក្នុង​វ័យ​បន្ត​ពូជ (១៨ ទៅ​៣៥​ឆ្នាំ​)​។

មាន​ជំងឺ​ឈាម​
រឿង​នេះ​ច្រើនតែ​ឃើញ​មាន​ជា​ញឹកញាប់​លើ​ក្មេងស្រី​វ័យ​ជំទង់ ដូច្នេះ​គួរតែ​ឲ្យ​ពេទ្យ​ធ្វើតេស្ត​ឈាម​ដើម្បី​រក​មើល​បញ្ហា​នេះ​ទៅ​។ ករណីខ្លះ អាច​នឹង​ត្រូវ​ការថត​អេកូ​ពោះ​ផ្នែក​ខាងក្រោម​ទៀត​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មក​រដូវ​យូរៗ​ក្រោយ​ពី​មក​រដូវ​ជា​លើកដំបូង​រួច យក​ល្អ​គួរតែ​ដល់ពេល​ទៅ​ជួប​ពេទ្យ​ហើយ​។

ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​
មែន​ហើយ កាលណា​ធ្លាក់​ឈាមរដូវ​យូរៗ​អាច​ដោយសារ​តែ​កម្រិត​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ថយចុះ​។ ដើម្បី​កំណត់​រោគវិនិច្ឆ័យ​នេះ គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ធ្វើ​តេស្ត​ឈាម​បន្ថែម​។

ជិត​រ៉ាំ​ង​រដូវ​
រឿង​នេះ​ច្រើនតែ​កើតមាន​លើ​ស្ត្រី​អាយុ​ចាប់ពី ៤៧ ទៅ​៥១​ឆ្នាំ​។ យ៉ាងណាមិញ វា​មាន​ឱកាស​ច្រើនណាស់​ដែល​អ្នក​អាច​មាន​បញ្ហា​ឆាប់​រ៉ាំ​ង​រដូវ​បែបនេះ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​អា​ការៈធ្លាក់​ឈាមរដូវ​ក្រោយពី​រ៉ាំ​ង​រដូវ​រួច​នោះ ត្រូវតែឲ្យ​ពេទ្យ​ពិនិត្យរក​មើល​ជំងឺ​មហារីក​ហើយ​។

ដុំ​សាច់​ក្នុង​ស្បូន​
មូលហេតុ​មួយ​ផ្សេង​ទៀត​នៃ​ការធ្លាក់​ឈាមរដូវ​យូរៗ​គឺជា​ការ​មាន​ដុំ​សាច់​ក្នុង​ស្បូន​ដែល​វា​ជា​សាច់​ស្លូត​ស្ថិតក្នុង​ស្រទាប់​សាច់ដុំ​របស់​ស្បូន ហើយក៏​មិន​មែណ​មហារីក​ដែរ​។ ម្យ៉ាងវិញទៀត ដុំ​សាច់​ក្នុង​ស្បូន​ប្រភេទ ប៉ូ​លី​ព​អាចជា​កោសិកាលូតលាស់​ជ្រុល​ក្នុង​ភ្នាស​ខាងក្នុង​របស់​ស្បូន តែ​ក៏​មិនមែន​ជា​មហារីក​ដែរ​។

មហារីក​
ការធ្លាក់​ឈាមរដូវ​យូរ​ជាង​មួយ​សប្តាហ៍ ជា​ពិសេស​ស្ត្រី​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​មាត់ស្បូន​។ ដូច្នេះ អ្នកជំនាញ​ខាង​រោគ​ស្ត្រី​អាច​នឹង​ណែនាំ​ឲ្យ​ថត​អេកូ និង Pap Smear ដើម្បី​ទាត់ចោល​ជំងឺមហារីក​ស្បូន និង​មាត់ស្បូន​។​

ដូច្នេះ បើសិន​ជា​អ្នក​មក​រដូវ​យូរ​ជាង​មួយ​សប្តាហ៍ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​ដើម្បី​ទាត់​ចោល​ជំងឺមហារីក និង​បញ្ហា​រោគ​ស្ត្រី​ផ្សេងៗ​ទៀត​៕