ភាគច្រើននៃពួកយើងចូលចិត្តទទួលទានអាហារអាំង,​ សាច់អាំង ឬបាប៊ីឃ្យូ ក៏ព្រោះវាងាយចម្អិន ហើយមានរសជាតិឆ្ញាញ់ ដោយមិនធ្លាប់ខ្វល់ ឬចាប់អារម្មណ៍ថា អាហារប្រភេទនេះអាចផ្ដល់ផលគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភយ៉ាងណាខ្លះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមពិតទៅអាហារអាំង ជាពិសេស សាច់អាំង គឺមិនល្អសោះឡើយចំពោះសុខភាព ខណៈដែលវាអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗ ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលប៉ះពាល់នៃអាហារ ឬសាច់អាំងចំពោះសុខភាព ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលង៖

១. ផ្សែងចេញពីការអាំងសាច់ គឺមានផ្ទុកជាតិពុល និងអាចបំផ្លាញដល់សុខភាពសួត

ផ្សែងដែលហ៊ុយចេញពីការអាំងសាច់មានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ polycyclic aromatic hydrocarbons ឬ PAHs ដែលមិនត្រឹមតែសាយភាយស្ថិតនៅក្នុងខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប់នឹងអាហារដែលអ្នកដាក់អាំងផងដែរ។ ដូច្នេះដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរ នៅពេលអាំងសាច់ ឬអាហារ ចូរកុំឈរនៅមុខអាហារស្រូប ឬហិតផ្សែងដែលភាយចេញមកឡើយ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺសារធាតុគីមីគ្រោះថ្នាក់ PAHs ឬជាតិពុលផ្សេងៗអាចជ្រាបចូល ឬគ្របដណ្ដប់លើសួតបានយ៉ាងងាយ នៅពេលវាជាប់នឹងសក់ ឬសម្លៀកបំពាក់របស់អ្នក។

២. បង្កើនហានិភ័យនៃជំងឺមហារីក

សាច់អាំង មានផ្ទុកសម្បូរទៅដោយសមាសធាតុដែលបង្កឲ្យកើតជំងឺមហារីកនៅត្រង់កន្លែងខ្លោចខ្មៅៗ។ ផ្នែកខ្លោចខ្លៅលើសាច់ ឬអាហារអាំងផ្សេងៗមិនថាតិច ឬច្រើន គឺមានផ្ទុកសារធាតុ heterocyclic amines (HCAs)  ដែលអាចបង្កជំងឺមហារីក។ សាច់ខ្លោចខ្លាំងប៉ុណ្ណា សារធាតុបង្កជំងឺមហារីកក្នុងអាហារមានកាន់តែច្រើនប៉ុននោះដែរ។ ហើយការទទួលទានសាច់ខ្លោចច្រើនតែបង្កជំងឺមហារីកលំពែង, មហារីកក្រពេញប្រូស្តាត ឬមហារីកពោះវៀនធំ។

៣. សារធាតុគ្រោះថ្នាក់កាន់តែច្រើនលេចឡើងក្នុងអាហារ ឬសាច់អាំង

ភាគច្រើន ការអាំង គឺទាមទារនូវសីតុណ្ហភាពខ្ពស់ដើម្បីចម្អិនអាហារ ហើយក៏ព្រោះតែបែបនេះហើយទើបសង្វាក់នៃប្រតិកម្មគីមីកកើតឡើង។ ជាលទ្ធផល សារធាតុបង្កការរលាក រួមបញ្ចូលទាំងសារធាតុ  advanced glycation end products ឬ (AGEs) ត្រូវបានបង្កើតឡើង។ (AGEs) អាចបង្កផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះរាល់គ្រប់កោសិកាក្នុងរាងកាយ និងថែមទាំងធ្វើឲ្យអ្នកជួបប្រទះនូវបញ្ហានៃភាពចាស់ជាងវ័យផងដែរ។ សារធាតុ Advanced Glycation End Products (AGEs) ក៏​មាន​ទំនាក់ទំនង​ជាមួយការកើតឡើងនូវបញ្ហានៃ​អាកា​រៈ​ភ្លេចភ្លាំងគួរឲ្យព្រួយបារម្ភ៕