Join with Health.com.kh on Telegram

មនុស្សម្នាក់ៗតែងតែស្វែងរកវិធីសាស្ត្រផ្សេងៗគ្នា ដើម្បីឱ្យខ្លួនទទួលបានសុខភាពល្អ។​​ ក្នុងនោះដែរ គេក៏បានលើកពាក្យស្លោកមួយមកចង្អុលបង្ហាញ​អំពីវិធីសាស្ត្រ ដើម្បីឱ្យយើងទទួលបានសុខភាពល្អគឺ “កីឡានាំមកនូវសុខភាព”​​។

សព្វថ្ងៃមានកីឡាជាច្រើនប្រភេទដែលពេញនិយមមានដូចជា កីឡាវាយសី ទាត់បាល់​ រត់ចម្ងាយវែង ជាដើម។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងឃើញថា ការជិះកង់ហាត់កីឡា កំពុងតែមានការពេញនិយមយ៉ាងខ្លាំង។ នេះគឺដល់ថ្នាក់ថា មានអ្នកស្រឡាញ់កីឡានេះខ្លាំង រហូតហ៊ានចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារក្នុងការទិញកង់មួយគ្រឿង។ តើការជិះកង់នេះ មានប្រយោជន៍អ្វីខ្លះដល់សុខភាព?

លោកវេជ្ជបណ្ឌិត រ៉ា ប៉លី ជំនាញវេជ្ជសាស្រ្តទូទៅ បានមានប្រសាសន៍ថា៖ “កីឡាជិះកង់ហាត់ប្រាណនេះ ជួយបង្កើនអង្គការពារ នៅក្នុងរាងកាយ ព្រមទាំងជួយដល់ផ្លូវដង្ហើមផ្នែកខាងលើផងដែរ ក្នុងការប្រឆាំងទៅនឹងជម្ងឺផ្ដាសាយមួយចំនួនបាន ជាពិសេសនៅក្នុងរដូវកាលកូវីដនេះ។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Appalachian State។”

ក្រៅពីជួយបង្កើនអង្គការពារ ការជិះកង់ហាត់ប្រាណ ជួយឱ្យយើងស្រកគីឡូបានយ៉ាងងាយ ដោយមួយម៉ោងវាអាចដុតថាមពលយើងបានពី ៤០០ ទៅ ១០០០ កាឡូរី អាស្រ័យទៅលើទម្ងន់និងចម្ងាយរបស់អ្នកជិះកង់។ ស្របពេលនឹងការសម្រកទម្ងន់ វាក៏ពង្រឹងសាច់ដុំរបស់យើងបានទៀតផង។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត រ៉ា ប៉លី។

លោកវេជ្ជបណ្ឌិតក៏បានលើកយក ការសិក្សារបស់សាកលវិទ្យាល័យ Glasgow ដែលគេបានធ្វើការសិក្សាទៅលើមនុស្សចំនួន ២៦ម៉ឺននាក់ ហើយរកឃើញថា ការជិះកង់ក៏អាចជួយកាត់បន្ថយជម្ងឺបេះដូងនិងមហារីក។ ប្រសិនបើអ្នកជិះកង់ទៅធ្វើការទៀត​នោះ អ្នកនឹងទទួលប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជម្ងឺបេះដូងកាន់តែខ្ពស់។

លោកវេជ្ជបណ្ឌិត រ៉ា ប៉លី បានបន្ថែមថា៖ “ក្រៅពីបេះដូងដែលជាផ្នែកសំខាន់របស់រាងកាយ ខួរក្បាលរបស់យើងក៏ទទួលបានផលប្រយោជន៍ច្រើនមិនចាញ់បេះដូងទេ គឺការជិះកង់វាជំរុញឱ្យចរន្តឈាមដែលដឹកជញ្ជូនអុកស៊ីសែននិងអាហារចិញ្ចឹមទៅឱ្យខួរក្បាលបានល្អជាងអ្នកមិនបានជិះកង់ដល់ទៅជាង ៧០%។ លើសពីនោះវាជម្រុញឱ្យយើងកាត់បន្ថយភាពតានតឹងតប់ប្រមល់ និងមួម៉ៅ ព្រមទាំងទទួលដំណេកបានស្កប់ល្អទៀតផង។”

ក្រៅពីសុខភាពការជិះកង់ពីអាចជួយរឹតបន្តឹងចំណងមិត្តភាព គ្រួសារ​ ឬស្នេហាឲ្យកាន់តែស្អិតរមួតនឹងល្អប្រសើរឡើងដោយគ្រាន់តែធ្វើការជិះកង់ដើរលេងកំសាន្តថ្ងៃចុងសប្តាហ៍ជុំគ្នាជាមួយពួកគេ ។ ការជិះកង់នេះវាពិតជាមានសារៈប្រយោជន៍យ៉ាងច្រើនដែលធ្វើឲ្យមនុស្សយើងទទួលបានសុខភាពល្អគឺសុខទាំងកាយសប្បាយទាំងចិត្តបាត់អស់ទុក្ខកង្វល់ ហើយធ្វើឱ្យជីវិតរស់នៅរបស់យើងពោរពេញទៅដោយភាពល្អនិងសេចក្តីសុខ។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានលើកទឹកចិត្តឱ្យមានការហាត់ប្រាណតាមបែបជិះកង់នេះឱ្យច្រើន ដើម្បីទទួលបានសុខភាពល្អទាំងកាយនិងចិត្ត។ ប៉ុន្តែលោកក៏បញ្ជាក់បន្ថែមដែរថា អ្នកគួរតែស្វែងរកកន្លែងដែលមានសុវត្ថិភាពសមស្របនឹងការជិះ ដើម្បីជៀសឆ្ងាយពីហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕