ការគេងថ្ងៃគឺជាទម្លាប់ញឹកញាប់សម្រាប់មនុស្សមួយចំនួនធំ។ វាជាអ្វីដែលយើងទម្លាប់ធ្វើតាំងពីក្មេង។ ទោះជាបច្ចុប្បន្នមនុស្សពេញវ័យភាគច្រើនមិនត្រូវការគេងថ្ងៃ តែការគេងថ្ងៃ គឺជាវិធីមួយដែលធ្វើអោយរាងកាយអាចមានកម្លាំង និងមានសុខភាពល្អ។
លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក ជំនាញខាងជម្ងឺផ្លូវចិត្តនិងបញ្ហាគេងមិនលក់ បានលើកឡើងថា៖ “ទោះបីជាគេងថ្ងៃត្រឹមត្រូវអាចនាំឱ្យមានសុខភាពល្អក៏ដោយ ការគេងថ្ងៃរបស់មនុស្សមួយចំនួន អាចនាំអោយមានសុខភាពមិនល្អផងដែរ។ ប្រសិនបន្ទាប់ពីគេងរួច អ្នកនៅតែមានអារម្មណ៍ថានឿយហត់ ឬ នៅតែមានអារម្មណ៍ចង់គេងបន្តទៀត អ្នកគួរតែពិចារណាឡើងវិញនូវរយៈពេល និងពេលវេលានៃការគេងថ្ងៃរបស់អ្នក។”
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា៖ “ការគេងថ្ងៃច្រើនពេក មិនល្អអាចបណ្តាលឱ្យមានការរំខានដល់ការគេងនៅពេលយប់ ហើយអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ បើបន្តរយៈពេលយូរ។”
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតជំនាញព្យាបាលបញ្ហាគេងមិនលក់ មួង ពៅពន្លឹក ក៏បានលើបង្ហើបពីគន្លឹះក្នុងការគេងថ្ងៃ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង មានប្រយោជន៍ដល់សុខភាព ដែលមានដូចខាងក្រោម៖
- រក្សាវាឱ្យខ្លី៖ សម្រាប់មនុស្សភាគច្រើន ល្អបំផុតនៃការគេងថ្ងៃគឺប្រហែល ១៥-៣០ នាទី។ នេះផ្តល់ឱ្យរាងកាយនូវពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកដោយមិនចាំបាច់អោយការគេងនោះគេងលក់ស្កប់ស្កល់ខ្លាំងពេក។
- ធ្វើអោយបានទៀងទាត់៖ គន្លឹះដើម្បីអោយការគេងថ្ងៃរបស់អ្នកមានសុខភាពល្អគឺអ្នកគប្បីធ្វើវាអោយមានភាពទៀងទាត់។ រាងកាយរបស់មនុស្សគឺចូលចិត្តការបង្កើតទម្លាប់ ហើយការគេងក៏មិនខុសពីគ្នាដែរ។ ការសិក្សាជាច្រើនបានបង្ហាញថាភាពស្ថិតស្ថេរ ទៀងទាត់ គឺជាលក្ខណៈសំខាន់បំផុតមួយនៃការថែរក្សាសុខភាពដំណេក។
- ធ្វើឱ្យបានលឿន៖ រយៈពេលនៃការគេងថ្ងៃរបស់មនុស្សម្នាក់អាចខុសគ្នាអាស្រ័យលើបរិបទការងារ តែការពិសោធន៍មួយចំនួនធំ អ្នកគួរតែព្យាយាមគេងថ្ងៃនៅមុនម៉ោង ៣ រសៀល។
- កន្លែងសម្រាកគប្បីមានផាសុកភាព៖ ព្យាយាមបង្កើតកន្លែងសម្រាកនៅក្នុងផ្ទះឬកន្លែងធ្វើការដែលអ្នកអាចគេងបានស្រួល។ វាជួយឱ្យអ្នកសម្រាលស្រួលបានយ៉ាងឆាប់រហ័ស ហើយភ្ញាក់ក្នុងរយៈពេលកំណត់របស់អ្នក។ ជ្រើសរើសកន្លែងដែលស្ងាត់ស្ងៀម ងងឹតតាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកមានពេលច្រើន នៅពេលរសៀលនៅកន្លែងធ្វើការ សូមពិចារណាទុកគ្រឿងសំរាប់គេងនៅក្នុងការិយាល័យ ដូចជាខ្នើយកល់ក ឬខ្នង របាំងភ្នែក និងកាសត្រចៀក ដែលអាចអោយរាងកាយអ្នកសម្រាកបានស្រួល ដើម្បីបន្តការងារទៅមុខទៀត។
ប្រសិនបើអ្នកមានអនុវត្តវិធីទាំងអស់នេះហើយ នៅតែមានអារម្មណ៍ថាមិនស្រួល សូមធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីឱ្យការទទួលទានដំណេករបស់អ្នកមានភាពប្រក្រតី និង មានសុខភាពល្អ៕