ការថយចុះកម្រិតអុកស៊ីសែននៅក្នុងឈាមគឺជាការថយចុះកម្រិតអុកស៊ីសែនជាងធម្មតានៅក្នុងឈាមរបស់អ្នក។ ទៅតាមមុខងារនៃខ្លួន, ខ្លួនរបស់អ្នកត្រូវការកម្រិតអុកស៊ីសែនថេរនៅក្នុងចរន្តឈាមដើម្បីទៅចិញ្ចឹមកោសិកា និងជាលិកា។ នៅពេលដែលកម្រិតអុកស៊ីសែននេះបានធ្លាក់ចុះ អ្នកអាចមានការដកដង្ហើមខ្លីៗ។
គ្រូពេទ្យកំណត់ថាតើអ្នកមានកម្រិតអុកស៊ីសែនធ្លាក់ចុះដោយការវាស់កម្រិតអុកស៊ីសែនក្នុងឈាម។ កម្រិតអុកស៊ីសែននៅក្នុងឈាមអាចត្រូវបានគេវាស់ដោយការយកឈាមនៅក្នុងសរសៃឈាមអារទែយកទៅពិនិត្យ។
កម្រិតអុកស៊ីសែននៅក្នុងឈាមអាចត្រូវបានកំណត់ដោយការប្រើប្រាស់ឧបករណ៍ម្យ៉ាងដែលមានសភាពតូចរួចយកទៅគាបនឹងម្រាមដៃរបស់អ្នក។ ប៉ុន្តែឧបករណ៍នោះវាស់កម្រិតភាពឆ្អែតនៃអុកស៊ីសែននៅក្នុងឈាមរបស់អ្នកប៉ុណ្ណោះ, លទ្ធផលជារឿយៗត្រូវបានគេប្រើប្រាស់ដើម្បីប៉ាន់ស្មានលើកម្រិតអុកស៊ីសែនក្នុងឈាម។ កម្រិតធម្មតានៃឧបករណ៍នោះគឺមានពី៩៥% ទៅ១០០%។ តម្លៃនៃឧបករណ៍នោះទាបជាង៩០%ត្រូវបានសន្មត់ថាទាប។
មូលហេតុ
មូលហេតុទូទៅនៃការថយចុះកម្រិតអុកស៊ីសែនក្នុងឈាមរួមមានៈ
– ការស្ទះផ្លូវដង្ហើម
– ការស្លេកស្លាំង
– រោគសញ្ញានៃបញ្ហាផ្លូវដង្ហើមស្រួចស្រាវ
– ថ្នាំមួយចំនួនដូចជាថ្នាំ ណាកូទីក និងថ្នាំស្ពឹកដែលធ្វើអោយធ្លាក់ចុះការដកដង្ហើម
– ជំងឺបេះដូងពីកំណើតមួយចំនួន
– ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
– ជំងឺខ្យល់ក្រោមស្បែក
– ជំងឺរលាកសួត
– ជំងឺខ្យល់ក្នុងស្រោមសួត
– ជំងឺហើមសួត
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
សូមរកការសង្គ្រោះប្រសិនបើអ្នកៈ
– ការដកដង្ហើមខ្លីៗធ្ងន់ធ្ងរដែលកើតមានភ្លាមៗ និងធ្វើអោយប៉ះពាល់ដល់សមត្ថភាពនៃមុខងារនៃខ្លួនរបស់អ្នក
– ការដកដង្ហើមខ្លីៗធ្ងន់ធ្ងរមានមកជាមួយនឹងការឈឺក្បាល, គេងមិនលក់, ចាល់ជាតិទឹក និងក្អក ដែលមានសញ្ញានៃការហើមសួតដែលអាចគម្រាមកំហែងដល់អាយុជីវិត
សូមទៅជួបគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានៈ
– ដង្ហើមខ្លីៗភ្លាមៗបន្ទាប់អ្នកធ្វើលំហាត់ប្រាណក្នុងកម្រិតស្រាល ឬនៅពេលដែលអ្នកសម្រាក
– ដកដង្ហើមខ្លីៗភ្លាមៗដែលកាន់តែអាក្រក់ទៅៗនៅពេលដែលអ្នកធ្វើលំហាត់ប្រាណ
– មានអារម្មណ៍ថាអ្នកស្ហុក ដែលនេះអាចជាសញ្ញានៃការគេងអត់ដកដង្ហើម
ការថែទាំខ្លួនឯង
ដើម្បីធ្វើអោយប្រសើរឡើងនៃការដកដង្ហើមខ្លីៗរ៉ាំរ៉ៃ, សូមព្យាយាមៈ
– ឈប់ជក់បារីៈ ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យមានជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ឬមានជំងឺសួតដទៃទៀត, រឿងល្អបំផុតដែលត្រូវធ្វើគឺឈប់ជក់បារី
– ជៀសវាងការហឺតផ្សែងបារីៈ ជៀសវាងកន្លែងដែលអ្នកដទៃជក់បារី។ ការហឺតផ្សែងបារីអាចបណ្តាលអោយមានការខូចខាតសួតទៅថ្ងៃក្រោយ
– ធ្វើលំហាត់ប្រាណជាទៀងទាត់ៈ វាហាក់ដូចជាលំបាកក្នុងការធ្វើលំហាត់ប្រាណនៅពេលដែលអ្នកមានបញ្ហានៃការដកដង្ហើម, ប៉ុន្តែការធ្វើលំហាត់ប្រាណជាទៀងទាត់អាចធ្វើអោយប្រសើរឡើងដល់ភាពរឹងមាំរបស់អ្នក៕