Join with Health.com.kh on Telegram

ការបែកញើស គឺជាប្រតិកម្មទូទៅមួយរបស់រាងកាយតបតនឹងកម្ដៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាបែកញើសខ្លាំងមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាបែកញើសខ្លាំង ៖

១. ចៀសវាងអាហារកែច្នៃគ្មានសុខភាពល្អ

ក្រោយពេលអ្នកទទួលទានអាហារកែច្នៃ រាងកាយនឹងព្យាយាមបញ្ចេញចោលនូវជាតិពុលដែលទទួលបានពីអ្វីដែលអ្នកញ៊ាំ។ ជាលទ្ធផលវាអាចបង្កើនបរិមាណនៃការផលិតញើស។ អ្នកក៏គួរចៀសវាង ឬកម្រិតការទទួលទានអាហារនិងភេសជ្ជៈដែលក្ដៅៗ ព្រមទាំងអាហារហឹរផងដែរដើម្បីទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពក្នុងរាងកាយនាំឱ្យបែកញើស។

២. ចៀសវាងទទួលទានភេសជ្ជៈកាហ្វេអ៊ីននិងគ្រឿងស្រវឹង

ក៏ព្រោះតែកាហ្វេអ៊ីនបង្កការរំញោចដល់ក្រពេញញើសនោះ ចូរអ្នកជៀសវាងទទួលទានកាហ្វេសូម្បីតែមួយពែង ឬភេសជ្ជៈដទៃទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីននៅរយៈពេលប៉ុន្មានម៉ោងមុនពេលចូលគេង។ ជាពិសេសប្រសិនបើអ្នកឆាប់ប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនទៀតនោះ ចូរជៀសវាងការទទួលទានភេសជ្ជៈកាហ្វេអ៊ីន ឬកាហ្វេពី ៥ ទៅ ៦ ម៉ោងមុនពេលចូលគេង។ ហើយចំពោះគ្រឿងស្រវឹងវិញ ប្រសិនបើអ្នកគិតថាការទទួលទានគ្រឿងស្រវឹងអាចជួយឱ្យអ្នកឈប់ខ្វល់ខ្វាយពីបញ្ហាបែកញើសពេលយប់នោះ ចូរគិតម្ដងទៀត! នោះក៏ព្រោះតែជាតិអាល់កុលធ្វើឱ្យសសៃឈាមរីកធំជិតស្បែកដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅពេញខ្លួន និងបែកញើសកាន់តែច្រើន។

៣. ប្រើប្រាស់ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីដើម្បីជ្រលក់លាបល្បាយលើថ្ងាសនៅមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលពេញមួយយប់សិន សឹមលាងសម្អាតចេញនៅពេលព្រឹក។ ប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្ម ចូរកុំអនុវត្តរូបមន្តនេះនៅពេលយប់។ លាបល្បាយទឹកក្រូចឆ្មារនៅពេលព្រឹកវិញ រួចលាងសម្អាតចេញភ្លាមៗនៅពេលមានអារម្មណ៍ផ្សារឆៀបៗ។

៤. ដុំទឹកកក

អ្នកក៏អាចប្រើប្រាស់ដុំទឹកកកដើម្បីបញ្ឈប់អាការៈនេះផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំដុំទឹកកកក្នុងក្រណាត់ស្អាតមួយ។ ផ្សើមថ្ងាសជាមួយទឹកសិន សឹមប្រើប្រាស់ដុំទឹកកកដែលរុំក្នុងក្រណាត់ដុសថ្នមៗលើថ្ងាស។ វិធីនេះជួយបង្រួមរន្ធញើសកាត់បន្ថយការបែកញើសហួសប្រមាណ។ អ្នកអាចអនុវត្តរូបមន្តនេះឱ្យបានពី ៣ ទៅ ៥ ក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៥. ទទួលទានទឹកឱ្យបានច្រើន

ប្រសិនបើអ្នកបញ្ឈប់ការបែកញើសហួសប្រមាណ អ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ នៅពេលទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំ រាងកាយនឹងចុះត្រជាក់ហើយអ្នកមិនមានអារម្មណ៍ថាក្ដៅពេកឡើយ។ អ្វីដែលសំខាន់ទៀតនោះ គឺជាតិពុលផ្សេងៗក៏ត្រូវបានកម្ចាត់ចេញពីរាងកាយល្អចំពោះសុខភាពទាំងមូលផងដែរ។

៦. ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែក

មធ្យោបាយចុងក្រោយបំផុតនោះ គឺអ្នកគួរទៅជួបពិគ្រោះពីសំណាក់គ្រូពេទ្យជំនាញខាងសើស្បែក ដើម្បីទទួលបានការពិនិត្យនិងស្វែងរកនូវដំណោះស្រាយដ៏សាកសម ហើយមានប្រសិទ្ធភាពចំពោះបញ្ហារបស់អ្នក៕