ប្រសិនបើកូនរបស់អ្នក ចេះតែមិនស្រួលខ្លួន ឬឈឺញឹកញាប់ ដោយមិនមានមូលហេតុ ដូច្នេះ ដល់ពេលដែលអ្នក ត្រូវតែក្រឡេកមើល សុខភាពអនាម័យរបស់កូនអ្នកហើយ។
មូលហេតុចម្បង ដែលធ្វើឲ្យកូនអ្នកឈឺ ជួនកាល គឺបណ្តាលមកពីបញ្ហាអនាម័យ ដែលអ្នកមិនបានចាប់អារម្មណ៍។
ឪពុកម្តាយគ្រប់រូបគួរដឹងថា ប្រព័ន្ធការពារកុមារ មានសភាពទន់ខ្សោយណាស់ ដូច្នេះ កូនតូចរបស់អ្នក ងាយនឹងឈឺណាស់។ ប៉ុន្តែ សំណាងល្អដែរ ការឆ្លងរោគ ឬជំងឺមួយចំនួន អ្នកអាចការពារបាន តាមរយៈការថែរក្សា អនាម័យប្រចាំថ្ងៃ ដូចខាងក្រោមនេះ ៖
ការដុសលាងសម្អាតដៃ
នៅពេលចាប់កាន់កូនតូច អ្នកត្រូវប្រាកដថា អ្នកបានលាងសម្អាតដៃ បានស្អាតល្អហើយ។ បាក់តេរី និងវីរុសដែលមើលមិនឃើញ ហើយនៅជាប់ដៃរបស់អ្នក អាចធ្វើឲ្យកុមារ មានបញ្ហានបាន។
ដបទឹកដោះគោ
ដបទឹកដោះគោ ពិតជាសំខាន់ណាស់ សម្រាប់កុមារ ហើយអ្នកត្រូវប្រាកដថា អ្នកបានលាងសម្អាត និងសម្លាប់មេរោគរួចហើយ មុននឹងយកមកឆុង ឲ្យកូនរបស់អ្នកបៅ។
សម្អាតមាត់កូនតូចរបស់អ្នក
កូនតូច មិនទាន់មានធ្មេញនោះទេ ប៉ុន្តែ អ្នកក៏ត្រូវតែសម្អាតមាត់របស់គេដែរ។ អ្នកអាចយកក្រណាត់ទន់ៗតូចល្មម យកមកជូតមាត់ អញ្ចាញ និងអណ្តាតរបស់គេ។
ផ្លាស់ប្តូរខោទឹកនោមញឹកញាប់
ខោទឹកនោម គឺជាក្តីកង្វល់ និងជាមូលហេតុចម្បង ដែលធ្វើឲ្យកូន កើតបញ្ហាកន្ទួលរមាស់។ ដូច្នេះ អ្នកត្រូវឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោម ឲ្យកូនតូចរបស់អ្នក។
ការងូតទឹក
ការងូតទឹក អាចសម្អាតខ្លួនប្រាណទារក ពីធូលីដី មេរោគ ក្អែល និងកោសិកាចាស់ៗផងដែរ។ បន្ថែមពីលើការងូតទឹក អ្នកក៏អាចយកក្រណាត់ទន់ៗស្អាត មកត្រាំទឹក រួចជូតខ្លួនឲ្យទារកបានផងដែរ។ ចូរប្រើទឹកក្តៅល្មម ដើម្បីងូតឲ្យកូនរបស់អ្នក។
អនាម័យសុដន់របស់អ្នក
ប្រសិនបើអ្នកបំបៅកូនដោយដោះ វាពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវតែលាងសម្អាតដោះ ឲ្យបានស្អាត មុននឹងឲ្យកូនបៅ៕