Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ញ៊ាំផ្សិតម្ជុល ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្សិតម្ជុលអាចផ្ដល់ផលល្អៗអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលផ្សិតម្ជុលក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ទប់ស្កាត់និងព្យាបាលអាការៈទល់លាមក

ផ្សិតម្ជុលមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលនេះហើយជាមូលហេតុដែលអ្នកគួរទទួលទានបន្លែនេះប្រសិនបើចង់ចៀសផុតពីអាការៈទល់លាមក។ អាហារសម្បូរជាតិសសៃខ្ពស់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត និងសូម្បីតែជំងឺមហារីកពោះវៀនធំ។

២. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម

ជាតិសសៃខ្ពស់ក្នុងផ្សិតម្ជុលក៏ជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ព្រមទាំងមានសមត្ថភាពក្នុងការគ្រប់គ្រងការបញ្ជេញជាតិស្ករទៅក្នុងលំហូរឈាមផងដែរ។ ដូច្នេះការទទួលទានផ្សិតម្ជុល គឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺនេះ។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំ

អត្ថប្រយោជន៍អ្វីទៀតទៅដែលអ្នកអាចទទួលបានពីការទទួលទានផ្សិតម្ជុល? នោះគឺផ្សិតម្ជុលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ នេះក៏ព្រោះតែផ្សិតនេះមានលក្ខណៈសម្បត្តិប្រឆាំងមេរោគនិង ការរលាក ព្រមទាំងជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូដែលជួយពង្រឹងនិងរក្សាសុខភាពប្រព័ន្ធភាពស៊ាំរាងកាយ។

៤. ជួយឱ្យស្រកទម្ងន់

នេះក៏ព្រោះតែផ្សិតម្ជុលមានផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប។ ដូច្នេះការរួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃអាចជួយឱ្យអ្នកអាចស្រកទម្ងន់ដែលលើសចេញបានយ៉ាងងាយ។ វាក៏មានផ្ទុកអាស៊ីត conjugated linolenic acid (CLA) ដែលអាចដុតបំផ្លាញកោសិកាខ្លាញ់ផងដែរ។ ការទទួលទានផ្សិតម្ជុលក៏ជួយសម្រួលដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយនិងបង្កើនការស្រូវយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។

៥. ជួយឱ្យសាច់ដុំកាន់តែរឹងមាំ

ផ្សិតម្ជុលជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលល្អណាស់សម្រាប់ពង្រឹងសុខភាពសាច់ដុំ។ ប្រូតេអ៊ីនក៏ល្អសម្រាប់ស្បែក សក់ និងក្រចកផងដែរ។

៦. ជំងឺខ្វះគ្រាប់ឈាមក្រហម

ផ្សិតម្ជុលមានផ្ទុកជាតិដែកដែលសំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមជួយដឹកជញ្ជូនអុកស៊ីសែន។ បន្ថែមពីនេះជាតិដែកគ្រប់គ្រងក្នុងរាងកាយក៏ជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកផងដែរ៕