ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីបំបាត់អាការៈនេះ ៖
១. ម្នាស់
ផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលជួយទប់ស្កាត់និងដោះស្រាយអាការៈទល់លាមកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុងម្នាស់ក៏ជួយបំបែកប្រូតេអ៊ីននិងមានប្រយោជន៍ក្នុងការរំលាយអាហារបានត្រឹមត្រូវ។ អ្នកក៏អាចទទួលទានទឹកម្នាស់ស្រស់បានផងដែរ។
២. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងសារធាតុ Sorbitol ដែលជួយបន្ទន់លាមក ព្រមទាំងធ្វើអោយមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទន់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។
៣. ផ្លែស្វាយ
ក៏ដូចនឹងផ្លែឈើដទៃទៀតដែរ ផ្លែស្វាយមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជួយព្យាបាលអាការៈទល់លាមក។ បន្ថែមពីនេះស្វាយមានផ្ទុកសារធាតុ phytochemicals ដែលល្អណាស់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារជួយឱ្យអ្នកស្រួលបត់ជើង។
៤. ផ្លែក្រូច
ផ្លែក្រូចធំមួយអាចផ្ដល់ឱ្យរាងកាយនូវជាតិសសៃប្រមាណ ៤ក្រាមឯណោះ។ ក្រូចក៏មានផ្ទុកសារធាតុ flavonol ឬហៅថា naringenin ដែលដើរតួនាទីបន្ទន់លាមក។
៥. ផ្លែចេក
មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងប៉ូតាស្យូមដែលសម្រួលដល់ការរំលាយអាហារធ្វើអោយអ្នកបត់ជើងបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែចេកអោយបាន ១ ក្នុងមួយថ្ងៃដើម្បីជៀសឆ្ងាយពីបញ្ហាទល់លាមក។
៦. ទឹកដូង
ទឹកដូងអាចជួយសម្រួលចលនាពោះវៀននិងល្អណាស់សម្រាប់បន្ទន់លាមក។ វាក៏ផ្ដល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ ខណៈដែលកង្វះជាតិទឹកក្នុងរាងកាយអាចបង្កអាការៈទល់លាមក ឬធ្វើឱ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ។
៧. ទឹក
ការទទួលទានទឹក គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារផងដែរ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗជួយសម្រួលដល់ការរំលាយអាហារឱ្យកាន់តែប្រសើរនិងសកម្ម។
៨. ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ
អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវ គឺគ្រាន់តែបន្ថែមក្រូចឆ្មារស្រស់ ២ បន្ទះក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន មុននឹងទទួលទាន។ ទទួលទាន ១ ពែងមុននិងក្រោយពេលអាហារ។ វិធីនេះនឹងជួយបង្កើនការដុតរំលាយអាហារ ហើយសម្រួលចលនាពោះវៀន។ អ្នកក៏អាចឆុងតែមួយពែងដោយបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារស្រស់ចូល។ ទឹកឃ្មុំមានប្រសិទ្ធភាពបន្ទន់លាមកហើយក៏ជួយបន្ថយភាពជូរនៃតែដោយសារក្រូចឆ្មារផងដែរ។ ក្រូចឆ្មារក៏មានលក្ខណៈសម្បត្តិសម្រួលប្រព័ន្ធរំលាយអាហារនិងជួយកម្ចាត់ជាតិពុលចេញពីរាងកាយគួរឱ្យកត់សម្គាល់៕