ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានខ្ទឹមបារាំង ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាទឹកបន្លែមើមនេះអាចយកមកប្រើធ្វើអ្វីខ្លះដើម្បីថែរក្សាសម្រស់? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយត្រូវយកមកធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ទឹកខ្ទឹមបារាំងស្រស់ថែសម្រស់ ៖
១. ទឹកខ្ទឹមបារាំងស្រស់និងយ៉ាអួរសម្រាប់ស្បែកភ្លឺរលោងក្មេងជាងវ័យ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ និងអាចបន្ថែមប្រេងឡាវ៉េនដឺពី ២ ទៅ ៣ដំណក់ (ដើម្បីបន្ថែមក្លិនក្រអូប)។ កូរឱ្យសព្វ សឹមលាបល្បាយថ្នមៗលើស្បែកមុខនិងស្បែក-កដោយប្រើប្រាស់ចលនាបែបរង្វង់សម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ ប្រើប្រាស់ក្រណាត់ស្អាតមួយជូតសម្អាតចេញ បន្ទាប់មកសឹមលាងសម្អាតមុខចេញដូចពេលធម្មតា និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកផង។ អនុវត្តសារឡើងវិញរៀងរាល់ពី ២ ទៅ ៣ថ្ងៃដើម្បីទទួលបានស្បែកភ្លឺរលោង។
២. ទឹកខ្ទឹមបារាំងស្រស់និងទឹកឃ្មុំសម្រាប់គ្រប់គ្រងការជ្រុះសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទឹកខ្ទឹមបារាំងស្រស់ ៤ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកក្បាលនិងម៉ាស្សាថ្នមៗសម្រាប់រយៈពេល ៥នាទីដោយប្រើប្រាស់ចុងម្រាមដៃ។ រងចាំសម្រាប់រយៈពេល ៣០នាទី ឬទុកចោលសម្រាប់រយៈពេលពេញមួយយប់ក៏បានដោយគ្រាន់តែគ្របឱ្យជិតតាមរយៈការពាក់មួកផ្លាស្ទិក។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់សាប៊ូកក់សក់កម្រិតស្រាល។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. ទឹកខ្ទឹមបារាំងស្រស់និងប្រេងដូងសម្រាប់ផ្ដល់សារធាតុចិញ្ចឹមដល់សក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយជាមួយប្រេងដូងកន្លះស្លាបព្រាបាយឱ្យសព្វចូលគ្នា។ លាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់ដោយប្រើចលនាបែបរង្វង់ថ្នមៗសម្រាប់រយៈពេល ៥នាទី។ បន្ទាប់មកជ្រលក់កន្សែងស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ និងពូតទឹកចេញខ្លះ។ ប្រើប្រាស់កន្សែងនេះរុំសក់និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងសាប៊ូកក់សក់កម្រិតស្រាល។ អនុវត្តសារឡើងវិញម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។
៤. ទឹកខ្ទឹមបារាំងស្រស់និងទឹកក្រូចឆ្មារស្រស់សម្រាប់គ្រប់គ្រងអង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយកន្លះជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយថ្នមៗលើសក់និងស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាលនិងទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៥. ទឹកខ្ទឹមបារាំងស្រស់និងយ៉ាអួរសម្រាប់ភាពភ្លឺរលោងនៃសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយកន្លះជាមួយយ៉ាអួរ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់និងស្បែកក្បាល។ រងចាំសម្រាប់រយៈពេល ៤៥នាទី ដោយកុំភ្លេចពាក់មួកផ្លាស្ទិកគ្របសក់ផង។ លាងសម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។ អនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕