ការក្អកគឺជារបៀបដែលរាងកាយរបស់កូនអ្នកឆ្លើយតបទៅនឹងអ្វីមួយដែលរំខានដល់បំពង់កឬផ្លូវដង្ហើម។ វាមានរឿងជាច្រើនអាចបណ្តាលឱ្យក្អក។ កូនរបស់អ្នកអាចក្អកដោយសារជម្ងឺផ្តាសាយ រលាកទងសួត ឬហឺតជាដើម។ ផ្សែងបារី ជម្ងឺអាឡែកស៊ីច្រមុះ និងអាស៊ីតក្រពះដែលច្រាលចូលបំពង់ក ក៏អាចបណ្តាលឱ្យក្អកផងដែរ។
ការក្អកគឺជារោគសញ្ញា និងមិនមែនជាជម្ងឺទេ។ ការក្អកភាគច្រើនឈប់នៅពេលដែលមូលហេតុដូចជាផ្តាសាយបាត់ទៅ។ អ្នកអាចអនុវត្តជំហានពីរបីនៅផ្ទះ ដើម្បីជួយកូនអ្នកក្អកតិចនិងមានអារម្មណ៍ធូរស្បើយ តាមការចុះផ្សាយរបស់គេហទំព័រអាមេរិក My Health Alberta ដែលត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រគ្រួសារ Adam Husney និង វេជ្ជបណ្ឌិតឯកទេសកុមារ John Pope ដូចខាងក្រោម៖
- ឱ្យកូនផឹកទឹកឱ្យបានច្រើន។ នេះអាចជួយធ្វើឱ្យបំពង់កដែលកំពុងរមាស់និងស្ងួត បានធូរស្បើយ។ ទឹកឃ្មុំឬទឹកក្រូចឆ្មា ដាក់ក្នុងទឹកក្តៅអាចជួយឱ្យដល់ការក្អកស្ងួត។ កុំអោយទឹកឃ្មុំដល់ក្មេងអាយុក្រោម ១ឆ្នាំ ព្រោះវាអាចមានផ្ទុកបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់ទារក។ ទឹកដែលឱ្យដល់កូនរបស់អ្នកគួរតែជាទឹកពិសាគុណភាពខ្ពស់ ដែលជាទឹកបរិសុទ្ធស្អាតល្អ។
- ប្រយ័ត្នជាមួយក្អកនិងថ្នាំផ្តាសាយ។ កុំផ្តល់ឱ្យកូនដែលមានអាយុតិចជាង៦ឆ្នាំ ព្រោះថ្នាំទាំងនេះមិនជួយដល់កូនក្មេងជាង៦ខែទេ ហើយអាចបង្កជាគ្រោះថ្នាក់ថែមទៀតផង។ សម្រាប់ក្មេងអាយុ ៦ ឆ្នាំឡើងទៅ តែងតែធ្វើតាមការណែនាំទាំងអស់របស់ថ្នាំដោយយកចិត្តទុកដាក់។ ត្រូវប្រាកដថា អ្នកដឹងថាតើត្រូវផ្តល់ថ្នាំចំនួនប៉ុន្មាននិងរយៈពេលប៉ុន្មាន ដែលត្រូវប្រើ។
- ទុកឱ្យកូនអ្នកនៅឆ្ងាយពីផ្សែង។ កុំជក់បារីឬកុំអោយអ្នកណាម្នាក់ជក់បារីជុំវិញកូនអ្នកឬនៅក្នុងផ្ទះរបស់អ្នក។
ត្រូវយកកូនរបស់អ្នកទៅពេទ្យភ្លាមៗ ប្រសិនបើ
- កូនអ្នកពិបាកដកដង្ហើម ដែលស្តែងជា ប្រើសាច់ដុំពោះដើម្បីដកដង្ហើម (ផតត្រង់ឆ្អឹងជំនីពេលដកដង្ហើមចូលនិងចេញ) និង ច្រមុះរីកពេលប្រឹងដកដង្ហើម ជាដើម។
- ស្បែកនិងក្រចកដៃរបស់កូនអ្នកមានពណ៌ប្រផេះឬខៀវ។
- កូនរបស់អ្នកក្អកឈាមក្រហម ឬមានសភាពពណ៌ដូចកាហ្វេ៕