Join with Health.com.kh on Telegram

ការ​រលាក​ខ្នែងពោះវៀន គឺជា​មូលហេតុ​មួយ​ដែល​បណ្តាលអោយមាន ការឈឺចាប់​នៅក្នុង​ពោះ​យ៉ាងធ្ងន់ធ្ងរ ។ វា​កើត​មាន នៅពេល​ដែល​ខ្នែងពោះវៀន ដែល​វា​ជា​ផ្នែក​មួយ​នៃ​ពោះវៀន​ធំ ក្លាយទៅជា​រលាក និង មានការ​ចំលងរោគ ។​
   
​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​តែងតែ​កើតមាន​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ១០ ទៅ ៣០ ឆ្នាំ ទោះបីជា​វា​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ក៏ដោយ​។ រោគសញ្ញា​ទូទៅ​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​រួមមាន​ដូចជា ៖
– ឈឺចាប់​នៅត្រង់​ពោះ​។ ការឈឺចាប់​នេះ អាច​ចាប់​កើតមាន​នៅ​ជុំវិញ​ផ្ចិត ។​
– ការឈឺចាប់​នៅត្រង់​ពោះ ដែល​ចាប់ឈឺ​ខ្លាំង​ឡើង និង រាល​ដល់​ផ្នែក​ខាងក្រោម​ផ្ចិត ទៅកាន់​ផ្នែក​ខាង​
​ក្រោម​ស្តាំ​នៃ​ពោះ ។​
– មានការ​ឈឺចាប់​មិន​ព្រម​បាត់ និង កាន់តែ​មាន​សភាព​អាក្រក់​ឡើងៗ នៅពេល​ដែល​អ្នក​ធ្វើ​ចលនា​, ដើរ​ឬ ក្អក ។​
– ឈឺចាប់​នៅ​ផ្នែក​ណាមួយ​នៃ​ពោះ ឬ នៅ​ចំហៀង​ពោះ​។​
– ចង្អោ​រ​, ក្អួត និង មាន​អារម្មណ៍​ថា​មិន​ចង់​បរិភោគ​អ្វី​ទាល់តែ​សោះ ។​
– មានការ​ទល់លាមក​, ឈឺ​ចង្កេះ និង មាន​គ្រុនក្តៅ​បន្តិចបន្តួច ។​
– មាន​អារម្មណ៍​ជាទូទៅ​ថា​ខ្លួន​មាន​ជំងឺ និង មាន​ការឈឺចាប់​ដែល​ពិបាក​នឹង​បរិយាយ​។​

​ប្រសិនបើ​ខ្នែងពោះវៀន​ដែល​មាន​ការ​រលាក មិន​ត្រូវ​បាន​វះកាត់​យក​ចេញ​នោះទេ និង ការ​ចំលងរោគ​មាន​សភាព​កាន់តែ​អាក្រក់ ជញ្ជាំង​របស់​ខ្នែងពោះវៀន​អាច​នឹង​ធ្លាយ​រហែក​។ នៅពេល​នោះ​វា អាចធ្វើអោយ​ការ​ចំលងរោគ​រាលដាល​ទៅកាន់ តំបន់​ក្នុង​ពោះ  ដែល​វា​នឹង​បណ្តាល​អោយ​មាន​ការ​រលា​ក​ស្រោមពោះ ។ ការ​រលាក​ស្រោមពោះ​គឺជា​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ ដែល​ជា​កម្រ វា​អាច​នាំអោយ​មាន​សេចក្តីស្លាប់ ។​
 
​រោគសញ្ញា 
​រោគសញ្ញា​សំខាន់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការឈឺចាប់​នៅត្រង់​ពោះ ។ ការឈឺចាប់​នេះ​អាច​អោយ​អ្នក​មាន​អារម្មណ៍​ដូចជា មិន​មាន​ការ​រលាយ​អាហារ ឬ ក៏​ហាក់ដូចជា អ្នក​ត្រូវការ​ធ្វើ​ចលនា​ពោះវៀន ឬ បញ្ចេញ​ខ្យល់​។ មាន​អ្នកជំងឺ​ភាគច្រើន មាន​អារម្មណ៍​ឈឺចាប់​ដំបូង នៅ​ជិត​ផ្ចិត​។​បន្ទាប់មក​ទៀត​វា​ធ្វើដំណើរ​ទៅកាន់​ផ្នែក​ខាងក្រោម​ស្តាំ​នៃ​ពោះ​។ ប៉ុន្តែ​ការឈឺចាប់​នេះ អាច​ស្ថិត​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពោះ ឬ ស្ថិតនៅ​ផ្នែក​ចំហៀង​នៃ​ពោះ​របស់​អ្នក​។ ការឈឺចាប់​នេះ នឹង​មាន​សភាព​កាន់តែ​អាក្រក់ ប្រសិនបើ​អ្នក​ធ្វើ​ចលនា ,​ដើរ  ឬ ក្អក​។ អ្នក​ក៏​អាចមាន គ្រុ​នក្តៅ ឬ​មាន​អារម្មណ៍​ថា ឈឺក្រពះ​ផងដែរ ។​
   
​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ និយាយថា ការឈឺចាប់​នេះ​គឺ​ពិបាក​នឹង​បរិយាយ​ណាស់​។ វា អាច​មិន​មាន​អារម្មណ៍​ថា​ឈឺចាប់​ដូច​អ្វី ដែល​អ្នក​ធ្លាប់​ឈឺ​ពីមុនមក​នោះទេ​។ វា​ក៏​អាច​ថែមទាំង មិន​មាន​ការឈឺចាប់​ខ្លាំង​នោះទេ ប៉ុន្តែ​អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍​ថា​មាន​អ្វី​ខុស​ប្រក្រតី​កើតឡើង​ចំពោះ​អ្នក ។ ប្រសិនបើ​អ្នក​មាន​ការឈឺចាប់​នៅក្នុង​ពោះ​ក្នុង​កំរិត​មធ្យម ហើយ​វា​មិន​បាន​ថមថយ​ទាល់តែសោះ បន្ទាប់​ពី​រយៈពេល ៤​ម៉ោង​សូម​ហៅ​ទូរស័ព្ទ​ទៅកាន់​គ្រូពេទ្យ​របស់​អ្នក​។ ហើយ​ប្រសិនបើ​អ្នក មាន​ការឈឺចាប់​នៅក្នុង​ពោះ​ធ្ងន់ធ្ងរ   អ្នក​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​អោយបាន​ឆាប់រហ័ស ។​

​អ្នក​ប្រហែលជា​អាច​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ប្រសិនបើ​៖
– អ្នក​មាន​ការឈឺចាប់​នៅក្នុង​ពោះ​របស់​អ្នក​។ ការឈឺចាប់​នេះ អាច​ចាប់ផ្តើម​នៅ​ជុំវិញ​ផ្ចិត​។​
– ការឈឺចាប់​នៅក្នុង​ពោះ​អាច​ខ្លាំង​ជាង​មុន និង ធ្វើដំណើរ​ទៅកាន់​ផ្នែក​ខាងក្រោម​នៃ​ផ្ចិត​របស់​អ្នក​ចំហៀង​ខាងស្តាំ (​នៅ​មួយ​ភាគ​បួន​នៃ​ពោះ​ផ្នែក​ខាងក្រោម​ស្តាំ )​។ នេះ​គឺជា​កន្លែង​ដែល​តែងតែ​កើតមាន នូវ​អារម្មណ៍ ឈឺចាប់​នៅពេល​ដែល​អ្នកមាន​ជំងឺ​រលាក​ខ្នែងពោះវៀន​។​
– ការឈឺចាប់​នេះ គឺ​មិន​បាត់​ទៅ​ណា​នោះ​ទេ ហើយ​វា​នឹង​មាន​សភាព​កាន់តែ​អាក្រក់​នៅពេល​ដែល​អ្នក ធ្វើ​ចលនា​, ដើរ ឬ​ក្អក​។​
– អ្នក​មាន​ការឈឺចាប់​នៅ​ផ្នែក​ណាមួយ​នៃ​ពោះ ឬ នៅ​ចំហៀង​ពោះ​របស់​អ្នក​។​
– អ្នក​មាន​អារម្មណ៍​ចង្អោ​រ ឬ ក្អួត​មកពីរ​បី​ដង ។ អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា មិន​ចង់​បរិភោគ​អ្វី​ទាល់តែសោះ​។​
– អ្នក​មាន​ការ​ទល់លាមក​, ឈឺ​ចង្កេះ​, គ្រុនក្តៅ​បន្តិចបន្តួច ឬ ហើម​ពោះ​។​

​មាន​អ្នកជំងឺ​ខ្លះ មិន​មាន​រោគសញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ទេ​។ មនុស្ស​វ័យចាស់​, កុមារ​ដែល​មាន អាយុ​តិចជាង​ពីរ​ឆ្នាំ និង ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មិន​មាន​ការឈឺ​ចាប់ នៅត្រង់​ចំនុច​ផ្នែក​ខាងក្រោម​ស្តាំ​នៃ​ពោះ​របស់​ពួកគេ​ទេ​។ មាន​អ្នកជំងឺ​ផ្សេងទៀត មាន​អារម្មណ៍​ថា​ឈឺចាប់ នៅ​ចំហៀង​នៃ​ពោះ ដោយសារតែ​ខ្នែងពោះវៀន​របស់​ពួកគេ ស្ថិតនៅ​ក្នុង​ស្ថានភាព​ផ្សេងគ្នា​ខុស​ពី​ស​ភាពប្រក្រតី ។  
   
​ការឈឺចាប់​នៅក្នុង​ពោះ គឺជា​រឿង​មួយ​ដែល​តែងតែ​កើតមាន​។ វា​ក៏​មាន​រោគសញ្ញា​ផ្សេង​ជាច្រើន​ទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា ទៅ​នឹង​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ​ផងដែរ ។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​នេះ អាច​ក្លាយទៅជា​មាន​សភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ដ៏​ខ្លី សូម​ទូរស័ព្ទ​ទៅកាន់​គ្រូពេទ្យ​ជាបន្ទាន់ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ណាមួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ការព្យាបាល​នឹងមាន ភាពងាយស្រួល​ជាង ប្រសិនបើ​វា​ពុំ​មាន​ការ​ធ្លាយ​រហែក ។​

​ចំពោះ​មនុស្ស​ភាគច្រើន ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ គឺ​មិន​មាន​ការ​ធ្លាយរ​ហែក​នោះទេ រហូត​ដល់​ពួកគេ​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ២៤​ម៉ោង​៕​