Join with Health.com.kh on Telegram

 ​ការ​ឈឺភ្នែក អាច​កើតមាន​នៅ​លើ​ស្រទាប់​ខាងលើ​នៃ​កែវភ្នែក​របស់​អ្នក ឬ នៅ​ខាង​ក្នុង​រចនាសម្ព័ន្ធ ខាងក្នុង​របស់​ភ្នែក​អ្នក​។​ការ​ឈឺភ្នែក ដែល​កើតមាន​នៅ​លើ​ស្រទាប់​ខាងលើ​នៃ​ភ្នែក​របស់​អ្នក អាចមាន សភាព​ដូចជា ការ​រ​ម៉ាស់​, ការ​រលាក ឬ ឈឺចាប់​ឆៀបៗ​។ ការឈឺចាប់​ប្រភេទ​នេះ ជារឿយៗ​តែងមាន ប្រភព​មក​ដោយសារ តែ​ការ​មាន​នូវ​វត្តមាន​នៃ​វត្ថុ​ចម្លែក​ចូលទៅ​ក្នុង​ភ្នែក​, ការបង្ក​រោគ​នៅក្នុង​ភ្នែក ឬ ក៏​វត្ថុ​អ្វីមួយ ដែល​បង្ក​ការរំខាន​ឬ រលាក ទៅដល់​ភ្នាស​ដែល​ស្រោប​នៅ ស្រទាប់​ខាងលើ​នៃ​កែវភ្នែក​របស់ អ្នក​។​

​អ្នក​ប្រហែលជា​អាច​រៀបរាប់​ពី​អាការៈ​នៃ​ការឈឺចាប់​ភ្នែក ដែល​មាន​ប្រភព​មក​ពី​ខាងក្នុង​គ្រាប់ភ្នែក ជាមួយនឹង​អារម្មណ៍​នៃ​ការឈឺចាប់​ងូងៗ ឬ ខ្ទោកៗ​នៅក្នុង​ភ្នែក​អ្នក​។ ការឈឺចាប់​ភ្នែក​ប្រភេទ​នេះ អាច​មាន​ទំនាក់ទំនង ទៅនឹង​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ធ្ងន់ធ្ងរ​មួយ ។​

​ការឈឺចាប់​ភ្នែក ក្នុង​កម្រិត​ធ្ងន់ធ្ងរ ជា​ពិសេស​ដែល​កើត​មាន​រួម​មាន ជាមួយនឹង កម្រិត​នៃ​ការបាត់បង់ សម្តត្ថភាព​នៃ​ការមើលឃើញ នោះ​វា​អាច​ជា​សញ្ញា​មួយ ដែល​តម្រូវ​អោយ​អ្នក​ឆាប់ ទៅ​ទទួល​យក​ជំនួយ ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់​។​

​តើ​នៅពេល​ណា ដែល​អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​?

​អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់ ប្រសិនបើ​៖
– សភាព​នៃ​ការឈឺចាប់​នៅក្នុង​ភ្នែក​អ្នក មាន​សភាព​ធ្ងន់ធ្ងរ​ខុស​ពី​ធម្មតា​។​
– មាន​បម្រែបម្រួល​នៃ​ការមើលឃើញ ភ្លាមៗ​។​
– ភ្នែក​របស់​អ្នក​មាន​ការឈឺចាប់​ខ្លាំង ដែល​មិន​អាច​ប៉ះ​បាន​។​
– អ្នក​កើត​មាន​ផង​ដែរ នូវ​ការ​ឈឺពោះ ឬ ក្អួត ក្នុងពេល​ដំណាលគ្នា​ជាមួយនឹង​ការ​ឈឺភ្នែក​នេះ​។​
– ការឈឺចាប់​ភ្នែក​របស់​អ្នក គឺ​បណ្តាលមកពី ការ​មាន​វត្តមាន​នៃ​វត្ថុ​ចម្លែក ឬ ការ​សាយភាយ​នៃ សារ​ជាតិគីមី ចូលទៅ​ក្នុង​ភ្នែក​របស់​អ្នក៕