ជំងឺទៀចទឹកគឺជាកើនឡើងនូវនៃជាតិទឹក ពណ៌លឿងស្លេក និងថ្លាក្នុងប្រហោងរបស់ពោះ ដែលស្ថិតនៅខាងក្រោមប្រហោងទ្រងនិងមានខ័ណ្ឌចែកដោយសន្ទះទ្រូង Diaphragm។ ទឹកក្នុងប្រហោងពោះនេះអាចកើតឡើងពីមូលហេតុច្រើនប្រភេទដូចជា ជំងឺថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬខ្សោយតម្រងនោម។
ជំងឺទៀចទឹកប្រហែលជាមិនមានស្តែងចេញនូវរោគសញ្ញាអ្វីទេប្រសិនបើស្ថិតក្នុងករណីស្រាល (មានទឹកពី ១០០ ទៅ ៤០០មីលីលីត្រ)។ ដល់ពេលមានទឹកកើនឡើងច្រើន វានឹងធ្វើអោយពោះរីកធំ ឈឺពោះ មិនស្រួលក្នុងពោះ និងហើមពោះ។ ការពិបាកដកដង្ហើមក៏អាចកើតឡើងនៅពេលទឹកមានច្រើនក្នុងពោះដែរ ព្រោះវាទៅសង្កត់ដល់សន្ទះទ្រូង ព្រមទាំងអាចជ្រៀបទឹកចូលទៅក្នុងស្រោមសួតទៀតផង។ ការដែលមើលឃើញក្បាលពោះរីកប៉ោងនឹងភ្នែកតែម្តងនោះ សុទ្ធជាការបារម្ភមួយដ៏ចំបង់សម្រាប់អ្នកជំងឺទៀទឹកហើយ។
ពេលជួបគ្រូពេទ្យ
អ្នកជំងឺទៀចទឹកគួរតែទៅអោយគ្រូពេទ្យពិនិត្យជាទៀងទាត់ ព្រមទាំងអាចជួបដល់អ្នកឯកទេសទៀតផងដូចជា អ្នកឯកទេសខាងប្រពះពោះវៀន និងជំងឺថ្លើម។ ប្រសិនបើជំងឺទៀទឹកនោះកំពុងតែបង្កជារោគសញ្ញាពិបាកដកដង្ហើម មិនស្រួលក្នុងពោះ ឬមិនអាចធ្វើការដូចធម្មតាបាន ពួកគេគួរតែទៅអោយគ្រូពេទ្យពិនិត្យទៅ។
មូលហេតុ
មូលហេតុដែលកើតមានជាញឹកញាប់ជាងគេរបស់ជំងឺទៀចទឹកគឺជំងឺថ្លើម ឬជំងឺក្រិនថ្លើមធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ក៏មានជំងឺទៀទឹក ៨០%ដែរ ដែលបណ្តាលមកពីជំងឺក្រិនថ្លើម។ ទោះបីជាយន្តការនៃការវិវត្តន៍ទៅជាជំងឺនេះមិនទាន់បានយល់ដឹងច្បាស់លាស់ក៏ដោយ ក៏មានទ្រឹស្តីភាគច្រើននិយាយថា សម្ពាធក្នុងសរសៃឈាមវ៉ែនPortal ឡើងខ្លាំង (Portal Hypertension) គឺជាដើមហេតុរបស់វា។ លើសពីនេះទៅទៀត ការឡើងហើមគ្រប់ទីកន្លែងក៏ដោយសារតែរបត់ឈាមពុំមានតុល្យភាពដែរ។ ការកើនឡើងនៃសម្ពាធក្នុងសរសៃឈាមវ៉ែន Portal និងជាតិ Albumin ថយចុះក្នុងឈាម ប្រហែលជានាំអោយចេញជាជំងឺទៀចទឹកបន្តិចម្តងៗហើយ។
កត្តាផ្សេងៗទៀតដែលនាំអោយមានជំងទាចទឹកដែរនោះគឺ ការចាលជាតិទឹកក្នុងខ្លួន។ ការដែលតម្រងនោមទទួលឈាមមិនបានគ្រប់គ្រាន់ វានឹងធ្វើអោយមានជំងឺទៀចទឹកដែរ ដោយសារតែមានការជ្រៀបទឹកចេញពីសរសៃឈាមមកក្នុងប្រហោងពោះ។ ពេលនោះវានឹងធ្វើអោយតម្រងនោមប្រឹងបឺតស្រូបជាតិអំបិល និងទឹកកាន់ចូលទៅក្នុងខ្លួនវិញកាន់តែច្រើនដើម្បីជំនួសដល់ការបាត់បង់។
ចំពោះជំងឺខ្សោយបេះដូង និងខ្សោយតម្រងនោមធ្ងន់ធ្ងរក៏អាចបណ្តាលអោយកើតជាជំងឺទៀចទឹកបានដែរ ដោយសារតែមានការចាលជាតិទឹកពេញខ្លួន។
អ្វីដែលកម្រ ការដែលសម្ពាធក្នុងសរសៃឈាមវ៉ែន Portal កើនឡើងដោយសារតែការស្ទះខាងក្នុង ឬខាងក្រៅសរសៃឈាមវ៉ែន Portal ក៏អាចបណ្តាលអោយឡើងសម្ពាធក្នុងសរសៃឈាម Portal ដែរ ប៉ុន្តែមិនបង្កទៅជាជំងឺក្រិនថ្លើមទេ។ ឧទាហរណ៍ដូចជា មានដុំសាច់មួយសង្កត់ទៅលើសរសៃឈាម Portal ឬមានកំណកឈាមធំមួយក្នុងសរសៃឈាមនោះ ដែលជាហេតុនាំអោយស្ទះដល់លំហូរឈាម និងសម្ពាធកើនឡើង។
ជាមួយគ្នានេះដែរ ជំងឺទាចទឹកក៏កើតមកពីជំងឺមហារីកដែរ ឈ្មោះថា Malignant Ascites។ ជំងឺទៀចទឹកប្រភេទនេះច្រើនតែជាមហារីកលើសារីរាង្គក្នុងពោះដូចជា មហារីកពោះវៀនធំ មហារីកលំពែង មហារីកក្រពះ មហារីកកូនកណ្តុរ មហារីកក្រពេញអូវ៉ែ។
ជំងឺទាចទឹកបណ្តាលមកពីលំពែងអាចរកឃើញនៅលើអ្នកជំងឺរលាកលំពែងរ៉ាំរ៉ៃ។ មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការរលាកលំពែងរ៉ាំរ៉ៃគឺការប្រមឹកនឹងស្រារ៉ាំរ៉ៃ។ ទៀទឹកបណ្តាលមកពីលំពែងក៏អាចបង្កឡើងដោយការរលាកលំពែងរ៉ាំរ៉ៃ ឬការមានរបួសលើលំពែង។
ប្រភេទ
ជំងឺទៀចទឹកចែកចេញជាពីរប្រភេទនោះគឺ ប្រភេទ Transudative និង Exudative។ ការបែងចែកនេះអាស្រ័យទៅលើចំនួនប្រូតេអ៊ីនដែលរកឃើញក្នុងទឹក។ អ្វីដែលមានប្រយោជន៍ជាងគឺការរកមើលចំនួន Albumin ក្នុងទឹកក្នុងប្រហោងពោះនោះ និងយកមកប្រៀបធៀបនឹងចំនួន Albumin ក្នុងឈាម ដែលនេះហៅថា Serum Ascites Albumin Gradient ឬ SAAG។
កត្តាប្រឈមមុខ
មូលហេតុដ៏ចំបងបំផុតនៃជំងឺទាចទឹកគឺជាជំងឺក្រិនថ្លើម ដូច្នេះកត្តាដែលប្រឈមមុខនឹងជំងឺក្រិនថ្លើម ក៏វាប្រឈមនឹងជំងឺទៀទឹកដែរ ដូចជា ជំងឺរលាកថ្លើមប្រភេទ B, C និងការប្រមឹកនឹងស្រាយូរពេក។ ហើយកត្តាផ្សេងទៀតមានដូចជា ជំងឺខ្សោយបេះដូង ជំងឺមហារីក និងជំងឺតម្រងនោម។
រោគវិនិច្ឆ័យ
រោគវិនិច្ឆ័យរបស់ជំងឺទៀចទឹកផ្អែកទៅលើការពិនិត្យលើរាងកាយផ្សំគ្នានឹងប្រវត្តិជំងឺច្បាស់លាស់ដើម្បីអាចដឹងពីមូលហេតុនៃជំងឺណាមួយដែលមិនទាន់មានរោគសញ្ញា។ ប្រសិនបើទឹកក្នុងពោះនោះច្រើនជាង ៥០០មីលីលីត្រ គ្រូពេទ្យអាចនឹងរកឃើញមានថ្នក់ទឹកដកនៅនឹងកណ្តៀតក្អម និងមានសភាពជារលកនៅពេលគ្រូពេទ្យពិនិត្យលើពោះ។ ចំពោះទឹកដែលមានតិចប្រហែលជាអាចរកឃើញដោយការថតអេកូពោះ។ ជំងឺទៀចទឹកអាចរកឃើញម្តងម្កាលដែរជាមួយនឹងការថតអេកូ ឬ CT Scan។
ការសាកសួរប្រវត្តិជំងឺប្រហែលជាផ្តល់បាននូវជំនួយក្នុងការរកមើលមូលហេតុរបស់វាបាន ជាមួយនឹងសំនួរជាច្រើនទាក់ទងនឹងជំងឺថ្លើម ជំងឺរលាកថ្លើមបង្កឡើងដោយវីរ៉ុសនិងការប្រឈមមុខរបស់វា ការផឹកស្រា ប្រវតិ្តគ្រួសារមានជំងឺថ្លើម ខ្សោយបេះដូង ប្រវត្តិជំងឺមហារីក និងការប្រើប្រាស់ថ្នាំពីមុនៗ។
ការមើលឈាមក៏មានសារៈសំខាន់ក្នុងការវាយតម្លៃពីមូលហេតុរបស់ជំងឺទៀចទឹកដែរ ដូចជាតេស្តឈាម Complete Metabolic Panel អាចរកឃើញពីការមានរបួសទៅលើថ្លើម មុខងារថ្លើម និងតម្រងនោម ព្រមទាំងកម្រិតអេឡិចត្រុង។ ការរាប់គ្រាប់ឈាមក៏មានប្រយោជន៍ផងដែរ ហើយភាពមិនធម្មតានៃ Coagulation Panel (រយៈពេលនៃការកក់ឈាម) ប្រហែលជាអាចដឹងពីភាពមិនធម្មតានៃមុខងារថ្លើម និងការផលិតប្រូតេអ៊ីនសម្រាប់កំណកឈាម។
ពេលខ្លះមូលហេតុរបស់ជំងឺទៀចទឹកមិនអាចរកឃើញតាមរយៈការសួរប្រវតិ្តជំងឺ ការពិនិត្យលើរាងកាយ ការសិក្សាលើមន្ទីរពិសោធន៍ និងការថតរូបភាពវេជ្ជសាស្ត្របានទេ។ ប៉ុន្តែការវិភាគលើទឹកក្នុងពោះប្រហែលជាមានប្រយោជន៍ដល់រោគវិនិច្ឆ័យជាង ហើយនោះគឺការបូមទឹកក្នុងប្រហោងពោះ (Paracentesis) ។ ការបូមនេះត្រូវមានការសំអាតមេរោគនៅលើពោះ និងជំនួយពីការថតអេកូរជាមួយគ្នាផងដែរ។
នៅពេលបូមបានទឹក ២០មីលីលីត្រ គឺវាគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យហើយ ប៉ុន្តែការដែលបូមមកច្រើនគឺដើម្បីបន្ថយរោគសញ្ញានៃជំងឺទៀទឹកទេ។
ការព្យាបាល
វិធីព្យាបាលគឺអាស្រ័យទៅលើតែមូលហេតុរបស់ជំងឺនេះទេ ឧទាហរណ៍ ជំងឺមហារីកស្រោមពោះ ឬ Malignant Ascites ប្រហែលជាត្រូវព្យាបាលដោយការវះកាត់យកដុំសាច់មហារីកចេញ និងប្រើថ្នាំមហារីក។ ការព្យាបាលអាចធ្វើឡើងជាមួយនឹងជំងឺខ្សោយបេះដូង ព្រមទាំងការតមអាហារ។ ដោយសារតែជំងឺទៀទឹកទាក់ទងគ្នាយ៉ាងខ្លាំងនឹងជំងឺក្រិនថ្លើម ដូច្នេះការព្យាបាលគឺផ្តោតលើជំងឺក្រិនថ្លើមខ្លាំងជាង។
របបអាហារ
ការគ្រប់គ្រងជំងឺទៀចទឹកជាមួយនឹងជំងឺក្រិនថ្លើមតែងតែត្រូវកាត់បន្ថយការទទួលទាន់ជាតិសូដ្យូម និងត្រូវប្រើថ្នាំបញ្ចុះទឹកនោម។ ការដែលទទួលទានជាតិសូដ្យូម (អំបិល) តិចជាង ២ក្រាមក្នុងមួយថ្ងៃ វាគឺជាការអនុវត្តមួយប្រកបដោយជោគជ័យចំពោះអ្នកជំងឺទៀទឹក។ ភាគច្រើនការធ្វើបែបនេះគួរតែផ្សំគ្នានឹងថ្នាំបញ្ចុះទឹកនោម។
ការប្រើថ្នាំ
ថ្នាំបញ្ចុះទឹកនោមធ្វើអោយជាតិទឹក និងអំបិលបញ្ចេញចោលតាមទឹកនោមកាន់តែច្រើន។ ចំពោះថ្នាំដែលប្រើនោះមានដូចជា Spironolactone (Aldoctone) និង Furosemide (Lasix) ដោយ Spironolactone លេខ ១០០មីលីក្រាម និង Furosemide លេខ ៤០មីលីក្រាម ហើយអាចតម្លើងដល់កម្រិតអតិបរមាបាន គឺ Spironolactone ៤០០មីលីក្រាម និង Furosemide ១៦០មីលីក្រាម ប្រសិនបើគ្មានផលរំខានកើតមានឡើង។ ការប្រើថ្នាំទាំងនេះជាមួយគ្នានៅពេលព្រឹកច្រើនតែអាចការពារការឧស្សាហ៍នោមយប់បាន។
ការបូមទឹកក្នុងប្រហោងពោះ
កាលណាដែលអ្នកជំងឺប្រើថ្នាំខាងលើមិនបានផល ជម្រើសនៃការព្យាបាលបន្ទាប់គឺការបូមទឹកក្នុងប្រហោងពោះចេញ។ គ្រូពេទ្យអាចនឹងបូមបានទឹកពី ៤ ទៅ៥លីត្រឯណោះក្នុងពេលបូមម្តងៗ។ សម្រាប់អ្នកជំងឺ Malignant Ascites ការបូមប្រហែលជាត្រូវធ្វើច្រើនជាងការប្រើថ្នាំបញ្ចុះទឹកនោម។
ការវះកាត់
ចំពោះមូលហេតុដែលពិបាកនឹងគ្រប់គ្រង ការវះកាត់ប្រហែលជាវិធីដ៏ល្អសម្រាប់ជំងឺទៀចទឹក។ ការដាក់បំពង់បង្ហូរវាង Transjugular Intrahepatic Portosystemic Shunts (TIPS) អាចធ្វើបាននៅលើសរសៃឈាមវ៉ែន Internal Jugular Vein ជាមួយការប្រើថ្នាំស្ពឹកនៅនឹងកន្លែងព្រមទាំងមានការចូលរួមពីអ្នកជំនាញខាងវិទ្យុសាស្ត្រទៀតផង។ បំពង់បង្ហូរផ្លូវវាងនេះត្រូវធ្វើក្នុងប្រព័ន្ធសរសៃឈាមវ៉ែន Portal និងប្រព័ន្ធឈាមហូរត្រឡប់ទៅបេះដូង ដើម្បីកាត់បន្ថយសម្ពាធក្នុងសរសៃឈាមវ៉ែនPortal ។ ការវះកាត់បែបនេះអាចធ្វើបានចំពោះអ្នកជំងឺដែលប្រើថ្នាំខ្លាំងហើយ បានផលតិចតួចបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ការវះកាត់បែបនេះអាចបង្កជាផលវិបាកដូចជា ជំងឺថ្លើមទាក់ទងនឹងខួរក្បាល (Hepatic Encephalopathy) និងអាចស្លាប់បាន។
ចំពោះការធ្វើបំពង់បង្ហូរ Peritoneovenous Shunt និង Systemic Portosystemic Shunt ត្រូវបានគេបោះបង់ចោលហើយដោយសារតែផលវិបាករបស់វាមានអត្រាខ្ពស់ពេក។
ការវះកាត់ប្តូរថ្លើម
ជម្រើសចុងក្រោយបំផុតនោះគឺជាការប្តូរថ្លើមថ្មីចំពោះអ្នកជំងឺក្រិនថ្លើម និងដើម្បីព្យាបាលជំងឺទៀចទឹក ព្រោះថាថ្លើមលែងធ្វើការបានទៀតហើយ។ ដំណើរការនៃការប្តូរថ្លើមនេះមានផលវិបាកខ្លាំងណាស់ ហើយត្រូវការការមើលថែទាំយ៉ាងដឹតដល់ និងធ្វើឡើងដោយអ្នកឯកទេសទើបាន។
ផលវិបាក
ផលវិបាកមួយចំនួននៃជំងឺទៀចទឹកអាចទាក់ទងនឹងចំនួនទឹករបស់វា។ ការកើនឡើងនៃចំនួនទឹកប្រហែលជាបង្កអោយពិបាកដកដង្ហើម ព្រោះទឹកដែលកើនឡើងទៅសង្កត់នឹងសន្ទះទ្រូង និងបង្កជាទឹកដកក្នុងស្រោមសួតទៀតផង។
ការបង្ករោគគឺជាផលិវបាកដ៏ធ្ងន់ធ្ងរផ្សេងមួយទៀតនៃជំងឺទៀចទឹក។ អ្នកជំងឺដែលមានបញ្ហាទាក់ទងនឹងសម្ពាធក្នុងសរសៃឈាមវ៉ែន Portal ឡើងខ្ពស់ បាក់តេរីចេញពីពោះវៀនប្រហែលជាអាចជ្រៀតចូលទៅក្នុងទឹកក្នុងស្រោមពោះដោយខ្លួនឯង និងបង្កជាជំងឺបាន ហើយជំងឺនេះឈ្មោះថា Spontaneous Bacterial Peritonitis (SBP)។ ដើម្បីដឹងពីរោគវិនិច្ឆ័យជំងឺ SBP ការបូមទឹកក្នុងប្រហោងពោះ និងពិនិត្យរកមើលចំនួនគ្រាប់ឈាមស នឹងអាចដឹងពីការលូតលាស់របស់បាក់តេរីហើយ។
ចំណែកឯចង្កោមរោគសញ្ញាថ្លើមទាក់ទងនឹងតម្រងនោម (Hepatorenal Syndrome) គឺជាជំងឺមួយកម្រនឹងជួបណាស់ ប៉ុន្តែវាគឺជាផលវិបាកដ៏ធ្ងន់ធ្ងរ និងអាចអោយអ្នកជំងឺស្លាប់បានដោយសារតែខ្សោយតម្រងនោម។ យន្តការពិតប្រាកដនៃជំងឺនេះមិនទាន់យកដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាប្រហែលបណ្តាលមកពីការរុចទឹកចេញ ខូចលំហូរឈាមទៅក្នុងតម្រងនោម ប្រើថ្នាំបញ្ចុះទឹកនោមច្រើនពេក និងប្រើថ្នាំថតតម្រងនោម។
ការបង្ការ
ដើម្បីអាចង្ការជំងឺទៀចទឹកបាន ត្រូវតែបង្ការពីកត្តាប្រឈមមុខរបស់វា។ អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ និងក្រិនថ្លើម ចូរចៀសវាងការទទួលទានស្រា ព្រោះវាជាកត្តានាំអោយកើតទៀទឹក។ ថ្នាំ Nonsteroid Antiinflammatory Drugs (Ibuprofen) ក៏គួរតែប្រើមានដែនកំណត់ចំពោះជំងឺក្រិនថ្លើម ព្រោះវានឹងធ្វើអោយកាត់បន្ថយលំហូរឈាមចូលតម្រងនោម។ ការតមអាហារប្រៃក៏ជាវិធានការធម្មតាមួយក្នុងការបង្ការជំងឺទៀចទឹកបានដែរ៕