ស្បែក របស់ទារក គឺពិតជាមានសភាពទន់ និង ងាយរងការប៉ះទង្គិច ដែលហេតុដូចនេះហើយ ទើបបានជា អ្នក ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលថែទាំស្បែក និង ធ្វើការងូតទឹក អោយពួកគេអោយ បានសម ស្រប ដើម្បីរក្សាការពារសុខភាព ស្បែករបស់ទារកដែលមានសភាពម៉ត់ថ្លារលោងនេះ។ ខាងក្រោមនេះគឺជាវិធីក្នុងការងូតទឹកអោយទារកអោយបានត្រឹមត្រូវ៖
- នៅពេលដែល ដល់ពេល ដែលកូនតូចអ្នកត្រូវធ្វើការងូតទឹក អ្នកគួរជៀសវាងនូវការប្រើសាប៊ូជាទៀតទាត់ ហើយអ្នកត្រូវជ្រើសរើស សាប៊ូដែលមានកម្រិតស្រាល, ផ្តល់សំណើម និង មិនមានក្លិន។ អ្នកត្រូវចងចាំថា ការប្រើសាប៊ូច្រើនពេក អាចធ្វើអោយស្បែកកូនតូចអ្នក ប្រែជាស្ងួត។
- ទារកដែលទើបនឹងកើត មិនគួរធ្វើការងូតទឹកជារៀងរាល់ថ្ងៃនោះទេ។ នេះពីព្រោះដោយសារតែ ស្បែករបស់ពួកគេ នៅមានសភាពទន់ខ្លាំងនៅឡើយ។ ការងូតទឹកដោយប្រើអេប៉ុងទន់ អាចនឹងសាកសម ជំនួសវិញ បន្ទាប់មកអ្នកត្រូវប្រើ ក្រណាត់ទន់មកជូតសំងួតស្បែករបស់ទារកថ្នមៗ។
- ដើម្បីរក្សាស្បែករបស់ទារកអ្នក មិនអោយមានការមាស់ ឬ ស្ងួត អ្នកអាចបន្ថែមប្រេងដែលមិន បង្កអោយ មានប្រតិកម្មអាលែហ្សី ទៅក្នុងទឹកប្រើសម្រាប់ងូតសំអាតខ្លួន។
- បន្ទាប់ពីងូតទឹករួច នៅពេលដែលអ្នកជូតសំងួតខ្លួនប្រាណរបស់ទារក អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះ ស្បែកនៅត្រង់ក, ផ្ចិត និង ស្បែកនៅខាងក្រោយស្លឹកត្រចៀក៕