ជំងឺមហារីកគ្រាប់ឈាមសកើតចេញពីខួរឆ្អឹងដែលជាជាលិការទន់ៗនៅខាងក្នុងឆ្អឹង។ ខួរឆ្អឹងគឺជាកន្លែងផលិតគ្រាប់ឈាម។ នៅពេលមានសុខភាពល្អ ខួរឆ្អឹងមាននាទីផលិត៖
- កោសិការគ្រាប់ឈាមស សម្រាប់ជួយប្រឆាំងនឹងការបង្ករោគ
- កោសិការគ្រាប់ឈាមក្រហម សម្រាប់ដឹកនាំអុកស៊ីសែនចែកចាយគ្រប់កន្លែងទាំងអស់នៃរាងកាយ
- ផ្លាកែតសម្រាប់ជួយអោយឈាមកក។
នៅពេលមានជំងឺមហារីកគ្រាប់ឈាមស ខួរឆ្អឹងចាប់ផ្តើមបង្កើតកោសិការគ្រាប់ឈាមសដែលមិនធម្មតាជាច្រើន។ កោសិការទាំងនេះមិនអាចបំពេញមុខងារដូចកោសិការគ្រាប់ឈាមសធម្មតាបានទេ, លូតលាស់លឿនជាងកោសិការធម្មតា និងមិនអាចបញ្ឈប់ការលូតលាស់នោះបានឡើយ។
រោគសញ្ញារបស់ជំងឺនេះអាស្រ័យទៅតាមប្រភេទរបស់ជំងឺនេះដែរ ប៉ុន្តែរោគសញ្ញាដែលគេជួបប្រទះជាញឹកញាប់មានដូចជា៖
- ក្តៅខ្លួន និងបែកញើសពេលយប់
- ឈឺក្បាល
- ជាំស្បែក ឬងាយនឹងហូរឈាម
- ឈឺសន្លាក់ ឬឆ្អឹង
- ហើមពោះ ឬឈឺពោះដោយសារតែអណ្តើករីកធំ
- ហើមកូនកណ្តុរនៅឃ្លៀក, ក ឬគ្រលាន
- ឧស្សាហ៍ឈឺច្រើនដង
- មានអារម្មណ៍ថាអស់កម្លាំងខ្លាំង
- ស្រកទម្ងន់ និងមិនឃ្លានអាហារ៕