ថាតើកត្តាអ្វីខ្លះធ្វើឱ្យសក់មនុស្សមួយចំនួនពិបាកនឹងដុះលឿន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីកត្តាទូទៅបំផុតដែលបណ្ដាលឱ្យសក់របស់អ្នកពិបាកលូតលាស់ ៖

១. ហ្សែន

តំណពូជ ឬហ្សែនក៏ជាកត្តាចម្បងបំផុតមួយដែលនាំ​ឱ្យសក់របស់អ្នកមិនងាយនឹងលូតលាស់បានលឿនផងដែរ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា មនុស្សមួយចំនួនមានដំណាក់កាលលូតលាស់យ៉ាងសកម្មនៃឬសសក់ (anagen phase)​ យូរខ្លាំង។ ពេលវេលាដែលឫសសក់ស្ថិតនៅក្នុងដំណាក់កាល anagen ត្រូវបានកំណត់ដោយកត្តាហ្សែន។ ខណៈដែលជាធ​ម្មតាដំណាក់កាលនេះ គឺមានរយៈពេលពី ២ ទៅ ៦ឆ្នាំ។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមអ្នកដែលមានដំណាក់កាលនៃការលូតលាសសក់ anagen យូរ នោះអ្វីដែលអ្នកអាចធ្វើបាន គឺការអត់ធ្មត់រងចាំ។

២. របបអាហារប្រចាំថ្ងៃ

របបអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ជាតិស្ករ និងផលិតផលអាហារកែច្នៃអាចជះផលប៉ះពាល់ដល់អ័រម៉ូន ព្រមទាំងចរន្តឈាមរត់។ ជាលទ្ធផលឬសនៃសក់នឹងមិនអាចលូតលាស់បានត្រឹមត្រូវឡើយ។ ដើម្បីពន្លឿនការលូតលាស់នៃសក់អ្នកគួរព្យាយាមរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ។

៣. អតុល្យភាពអ័រម៉ូន

អតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ គឺជាកត្តាចម្បងបំផុតមួយដែលនាំឱ្យស្ត្រីភាគច្រើនជួបប្រទះបញ្ហាជ្រុះសក់។

៤. ការប្រើប្រាស់ផលិតផលថែរក្សាសក់មានផ្ទុកសារធាតុគីមី និងឧបករណ៍លេងម៉ូដសក់ញឹកញាប់

ការប្រើប្រាស់ផលិតផលសម្បូរទៅដោយសារធាតុគីមីមិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាល និងសក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពផងដែរ! ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ ឬទិញនូវផលិតផលថែរក្សាសក់ប្រភេទណាដែលផ្សំឡើងពីរូបមន្ត និងគ្រឿងផ្សំបែបធម្មជាតិ។ ម្យ៉ាងវិញទៀតចំពោះឧបករណ៍លេងម៉ូដសក់ដោយប្រើកម្ដៅ គឺអាចធ្វើឱ្យសក់ប្រែជាខ្សោយនិងស្រួយផុយពិបាកនឹងលូតលាស់បានលឿន។

៥. ស្ត្រេស

តើអ្នកកំពុងរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពតានតឹងរាល់ថ្ងៃមែនទេ? នោះកុំភ្ញាក់ផ្អើលនៅពេលសក់របស់អ្នកហាក់ដូចជាមិនលូតបានលឿនដូចដែលធ្លាប់សោះ។ ភាពស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលដល់សុខភាពសក់បណ្ដាលឱ្យជ្រុះច្រើនមិនឈប់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។

៦. កង្វះជាតិទឹកក្នុងរាងកាយ

មិនត្រឹមតែចាំបាច់ចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់សម្រាប់ការលូតលាស់សក់ផងដែរ។ រាល់កោសិកាមិនអាចដំណើរការមុខងារបានត្រឹមត្រូវឡើយប្រសិនបើគ្មានទឹក រួមបញ្ចូលទាំងកោសិកាដែលបង្កើតឬសនៃសក់ផងដែរ។ ដូច្នេះប្រសិនបើចង់ឱ្យសក់លូតលាស់បានប្រសើរ ចូរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២លីត្រក្នុងមួយថ្ងៃ។

៧. ឥទ្ធិពលនៃថ្នាំមួយចំនួន

ថ្នាំមួយចំនួនរួមមានថ្នាំសម្រាប់ព្យាបាលមុន ថ្នាំសម្រាប់ព្យាបាលការឆ្លងមេរោគ និងថ្នាំពន្យារកំណើតជាដើមអាចជះឥទ្ធិពលអវិជ្ជមានដែលបណ្ដាលឱ្យសក់មិនងាយលូតលាស់ ហើយឆាប់ជ្រុះ។ ប្រសិនបើអ្នកសម្គាល់ឃើញថាថ្នាំដែលអ្នកកំពុងប្រើប្រាស់មានជាប់ទាក់ទងនឹងការលូតលាស់នៃសក់ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីអាចផ្លាស់ប្ដូរថ្នាំ ឬកម្រិតនៃការប្រើប្រាស់ថ្នាំ។

៨. បញ្ហាសុខភាព

ក្នុងករណីខ្លះបញ្ហាសុខភាពមួយចំនួនអាចបណ្ដាលឱ្យសក់មិនងាយនឹងលូតលាស់បានក្រាស់លឿនឡើយ។ ការឆ្លងមេរោគ ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ជាបញ្ហាសុខភាពដែលជះផលប៉ះពាល់ដល់ការលូតលាស់នៃសក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង