មូសគឺជាបុព្វហេតុនៃជម្ងឺដែលគំរាមកំហែងដល់អាយុជីវិតជាច្រើន ដូចជាជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈីក ជម្ងឺគ្រុនឈាម និង ជម្ងឺគ្រុនលឿង ជាដើម។ ដូចនេះហើយអ្នកត្រូវតែប្រយ័ត្នកុំឱ្យមូសខាំ។ តែពេលខ្លះ ទោះបីជាអ្នកប្រយ័ត្នយ៉ាងណា មូសក៏នៅតែព្យាយាមលួចខាំបាន ខណៈដែលគេមិនសូវប្រយ័ត្ន បែរជាមូសមិនសូវទៅក្បែរទៅវិញ។ តើនេះមកពីឈាមអ្នកឆ្ងាញ់ឬ? ខាងក្រោមគឺជាមូលហេតុ៤យ៉ាង ដែលមូសចូលចិត្តខាំអ្នក ជាងខាំអ្នកផ្សេង។
១. អ្នកមានប្រភេទឈាម O
ការសម្រេចចិត្តខាំរបស់មូស ត្រូវបានកំណត់ដោយប្រភេទឈាមនៅក្នុងសរសៃឈាមរបស់អ្នក។ ការស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រនិយាយថា មានក្លិនជាក់លាក់មួយចំនួននៅក្នុងក្រុមឈាមប្រភេទ O ដែលទាក់ទាញមូស។ ក្រុមឈាមបន្ទាប់គឺក្រុមឈាម B ដែលបន្ទាប់មកក្រុមឈាម A ដែលចូលចិត្តតិចបំផុត។
២. អ្នកបែកញើសញឹកញាប់
អាស៊ីតឡាក់ទិកនៅក្នុងក្រពេញញើសរបស់អ្នក អាចធ្វើឱ្យមូសឃ្លានឈាមរបស់អ្នក។ អាស៊ីតនេះត្រូវបានផលិតនៅពេលអ្នកហាត់ប្រាណខ្លាំង។ លើសពីនេះទៀត ការកើនឡើងសីតុណ្ហភាពរាងកាយរបស់អ្នក គឺជាការអំពាវនាវឱ្យមូសវាយលុក ព្រោះសីតុណ្ហភាពខ្ពស់គឺជាអ្វីដែលមូសចូលចិត្ត។
៣. អ្នកមានផ្ទៃពោះ
មូសគឺជាសត្វដែលចូលចិត្តឧស្ម័នកាបូនឌីអុកស៊ីត ហើយស្ត្រីដែលមានគភ៌អាយុលើសពី ២៨សប្តាហ៍មានការបញ្ចេញកាបូនឌីអុកស៊ីតច្រើនជាងស្ត្រីដែលមិនមែនជាអ្នកមានផ្ទៃពោះ។ នេះមានន័យថា មូសអាចដឹងក្លិនបានយ៉ាងងាយ ពេលមានស្រ្តីមានផ្ទៃពោះ។
៤. អ្នកផឹកស្រាបៀរ
អ្នកប្រហែលជាអាចលាក់ប៉ូលីសបានពេលខ្លះ ប៉ុន្តែមិនអាចលាក់មូសបានទេ។ ការសិក្សាដែលបានធ្វើឡើងនៅអាហ្រ្វិកខាងលិចនិងជប៉ុន បានបង្ហាញថា មូសចូលចិត្តទៅខាំអ្នកទើបតែផឹកស្រាបៀរ ជាងអ្នកដែលមិនបានផឹក។ នេះគឺអាចមកពីមានការកើនឡើងនូវកម្រិតអេតាណុលក្នុងឈាម ដែលចេញតាមញើស៕