ត្រសក់ជាអាហារដែលងាយនឹងរកបាននៅតាមផ្សារ ក៏ដូចជាអាចដាំបាននៅក្រោយផ្ទះ។ ថ្វីបើវាមិនមែនជារបស់កម្រក៏ដោយ វាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយសារតែវាសំបូរទៅដោយសារជាតិ ​​Caffeic Acid និង វីតាមីន ​C។ គេប្រើវាច្រើនសម្រាប់ការថែរក្សាស្បែក ព្រោះវាជួយប្រឆាំងនឹងការរលាក និង ផ្តល់សំណើមដល់ស្បែក។

គេហទំព័រសុខភាព Pulse បានលើកឡើងថា ក្រៅពីអាចទទួលទានវានៅពេលព្រឹកនិងថ្ងៃត្រង់ យើងគួរទទួលទានវានៅពេលយប់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលមានដូចខាងក្រោម៖

១. រក្សាការរំលាយអាហាររបស់អ្នកឱ្យរឹងមាំ

ជាទូទៅកាឡូរីទាំងអស់នៅក្នុងត្រសក់ មកពីជាតិសរសៃ។ ជាតិសរសៃជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពពោះវៀននិងចលនាពោះវៀនជាប្រចាំ និងមានអត្ថប្រយោជន៍ក្នុងការការពារជម្ងឺមួយចំនួន ដូចជាជម្ងឺទឹកនោមផ្អែម និង ជម្ងឺកូលេស្តេរ៉ុលខ្ពស់ ហើយថែមទាំងធ្វើឱ្យអ្នកមិនសូវឃ្លានទៀតផង។

២. សម្រក​ទម្ងន់

ត្រសក់មានកាឡូរីទាប ហើយក៏មានផ្ទុកជាតិសរសៃផងដែរ ដូច្នេះវាជួយក្នុងការរក្សាទម្ងន់ដែលមានសុខភាពល្អ។ អ្នកអាចរីករាយនឹងការទទួលទានត្រសក់ ដោយបន្ថែមវាទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកដូចជាសាឡាត់ឬនៅក្នុងទឹកបន្លែ។

៣. ធ្វើឱ្យអ្នកមានជាតិទឹកគ្រប់គ្រាន់

ត្រសក់មានជាតិទឹក ៩៦% ហើយបរិមាណទឹករបស់វា គឺសម្បូរទៅដោយជីវជាតិចិញ្ចឹម។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ខ្សោះជាតិទឹក ចូរទទួលទានត្រសក់។ វាក៏នឹងជួយអ្នកឱ្យបណ្តេញជាតិពុលចេញពីក្នុងខ្លួន ដូចនេះអ្នកអាចទទួលទានត្រសក់ក្រោយពីស្រវឹងស្រា មុនពេលចូលគេង។

៤. ជួយដល់បញ្ហាក្លិនមាត់

មូលហេតុទូទៅមួយនៃក្លិនមាត់អាក្រក់ គឺបណ្តាលមកពីបាក់តេរីធ្វើសកម្មភាពទៅលើបំណែកអាហារជាប់នឹងធ្មេញ។ សារធាតុរាវដែលមាននៅក្នុងត្រសក់ ដើរតួយ៉ាងសំខាន់ក្នុងការលាងសម្អាតក្នុងមាត់ និង កាត់បន្ថយក្លិនបានយ៉ាងមានប្រសិទ្ធភាព៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង