ក្នុងនាម​ជា​ឳ​ពុក​ម្តាយ​ថ្មីថ្មោង​របស់គេ​ម្នាក់ សំណួរ​នេះ​ជាធម្មតា គឺ​តែង​លេចឡើង​នៅ​ក្នុង​ចិត្ត​របស់ យើង​ម្នាក់ៗ ។​តើ​ទារក​ទើប​នឹង​កើត គួរ​គេង​អោយ​បាន​យូរ​ប៉ុណ្ណា​? ហើយ​មាន​ឳ​ពុក​ម្តាយ​ខ្លះទៀត មាន​ការព្រួយបារម្ភ​ថា កូន​របស់​ពួកគេ​បាន​គេង​យ៉ាងយូរ គឺ​ជិត​ដល់ ១៧​ម៉ោង តើ​វា​ជា​សភាព​ធម្មតា​ដែរ ឬទេ​? មាន​ចម្ងល់ និង ការព្រួយបារម្ភ​ជា​ច្រើន តែង​កើតមាន​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​មាន​កូនតូច ពីមុនមក​។​


     ជា​ការពិត គឺ​ទារក​ទើប​នឹង​កើត អាច​គេង​បាន​រហូត​ដល់ ១៦ ទៅ ១៧ ម៉ោង ឬ ក៏​អាច​ច្រើន​ជាង​នេះ​ផង​ក្នុង​រយៈពេល​មួយថ្ងៃ​។ នេះ​គឺជា​រយៈពេល​គេង សម្រាប់​ទារក​ដែល​ទើបនឹង​កើត ចេញពី​ផ្ទៃ​ម្តាយ​។ ពេលខ្លះ ពួកគេ​អាច​គេ​ង​បាន ៣ ទៅ ៤​ម៉ោង​ម្តង ឬ ជួនកាល គេ​អាច​នឹង​ក្រោក​តែ​ក្នុង​រយៈពេល​តែ ២​ម៉ោង​ប៉ុណ្ណោះ ។ ទារក​ភ្ញាក់​ដឹងខ្លួន ដោយសារតែ​ពួកគេ  ត្រូវការ ការបំ​បៅដោះ ឬ បៅ​ដប​ទឹកដោះគោ ហើយ​បន្ទាប់មក គេ​នឹង​គេង​ទៅវិញ​ម្តងទៀត​។ ដោយសារតែ​ពួកគេ នៅ​ក្មេងខ្ចី ដូច្នេះ​ពួកគេ នឹង​មិន​បាន យល់​ពី​ភាពខុសគ្នា រវាង​ថ្ងៃ និង យប់​ទេ​។ ដូច្នេះ អ្នក​មិន​ត្រូវ​រំពឹង ថា​កូនតូច​របស់​អ្នក នឹង​មិន​រំខាន​អ្នក នៅពេល​យប់​នោះ​ទេ​។​

     តែ​ទោះជា​យ៉ាងណាក្តី គម្រូ​នៃ​ការ​គេង នឹង​ផ្លាស់ប្តូរ​ទៅតាម​ការលូតលាស់ និង វ័យ​របស់​ពួកគេ​។ បន្តិច​ម្តងៗ ពួកគេ​នឹង​ចាប់ផ្តើម សម្រប​ខ្លួន​ទៅនឹង ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង ដែល​ខុស​ពី រយៈពេល​ដែល​គេ​រស់នៅ​ក្នុង​ផ្ទៃ​។ ក្មេង​តូចៗ នឹង​ចាប់​ក្លាយ​ជា​លេង​ច្រើន និង សកម្ម​ជាង​មុន​បន្តិច​ម្តងៗ នៅក្នុង​អំឡុង​ពេល​ថ្ងៃ​។ ដូចនេះ ពួកគេ​នឹង​ចាប់ផ្តើម គេង​នៅពេល​យប់​ច្រើន​ជាង​មុន បើ​ធ្វើការ​ប្រៀប ធៀប​ជាមួយ​នឹង ទារក​ដែល​ទើប​នឹង​កើត​។ ហើយ​ពេលនោះ គឺជា​ពេល​ដែល​រាល់​ឳ​ពុក​ម្តាយ​រាល់​រូប គួរ គប្បី​ធ្វើ​ការរៀបចំ កាលវិភាគ​នៃ​ម៉ោង​គេង សម្រាប់​កូន​របស់​ពួកគេ អោយបាន​ត្រឹមត្រូវ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង