Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានលឺអំពីជាតិកូឡេស្តេរ៉ូលល្អ និងមិនល្អរួចមកហើយ។ ជាធម្មតាកូឡេស្តេរ៉ូលមិនល្អអាចបង្កផលប៉ះពាល់ដល់សសៃឈាម ដោយធ្វើឱ្យប្រែជាឡើងរឹង និងរួមតូច ខណៈដែលកូឡេស្តេរ៉ូលល្អប្រសើរសម្រាប់សុខភាព ដោយវាជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើអ្វីជាកូឡេស្តេរ៉ូលមិនល្អ? តាមពិតទៅវាត្រូវបានគេស្គាល់ផងដែរថាជាជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ (triglycerides) ប្រភេទនៃជាតិខ្លាញ់ក្នុងចរន្តឈាម។ កាលណាកម្រិតនៃជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ វាក៏មិនខុសពីកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អដែរ គឺបង្កើនហានិភ័យនៃជំងឺបេះដូង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីកាត់បន្ថយជាតិខ្លាញ់មិនល្អក្នុងឈាម ៖

១. កម្រិតការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងហួសប្រមាណលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ឬ ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គឺមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូលដែលវាអាចបង្កជាជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមទាំងបញ្ហាខ្លាញ់ក្នុងឈាមឡើងខ្ពស់។

២. ចៀសវាងភេសជ្ជៈសូដា ឬភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់

ធ្លាប់ដឹងទេថាជាតិស្ករអាចបណ្ដាលឱ្យជាតិខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់គួរឱ្យព្រួយបារម្ភ? នេះក៏ព្រោះតែជាតិស្ករមួយចំនួនក្នុងភេសជ្ជៈផ្អែមក៏អាចត្រូវបានបំលែងទៅជាជាតិខ្លាញ់ទ្រីគ្លីសេរីដផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានស្ករ។ ម្យ៉ាងវិញទៀតកាឡូរីបន្ថែមក្នុងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ក៏អាចបណ្ដាលឱ្យកើនទម្ងន់ ឬធាត់ជ្រុលដែលផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺបេះដូង ព្រមទាំងការឡើងខ្ពស់នៃកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ។

៣. សម្រកទម្ងន់ដែលលើស

កោសិកាខ្លាញ់កាន់តែច្រើនក្នុងរាងកាយនោះជាតិខ្លាញ់ទ្រីគ្លីសេរីដកាន់តែរីករាលដាលក្នុងឈាម។ នេះជាមូលហេតុចម្បងមួយដែលអ្នកគួរសម្រកទម្ងន់ដែលលើសចេញខ្លះដើម្បីកាត់បន្ថយកម្រិតនៃជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ។

៤. កម្រិតការទទួលទានសាច់ក្រហម

ទ្រីគ្លីសេរីដជាប្រភេទខ្លាញ់មួយក្នុងឈាម។ អាហារដែលមានផ្ទុកជាតិខ្លាញ់ឆ្អែត saturated ខ្ពស់ដូចជាសាច់ក្រហមមានខ្លាញ់នឹងបង្កើនកម្រិតនៃជាតិខ្លាញ់មិនល្អក្នុងឈាមគួរឱ្យបារម្ភ។ ទោះជាយ៉ាងណាក៏មិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានសាច់តែម្ដងឡើយ! គ្រាន់តែជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរហើយ។ ដើម្បីជាការប្រសើរអ្នកក៏គួរចៀសវាងសាច់កែច្នៃផងដែរ

៥. កាត់បន្ថយការទទួលទានស្ករ

ដូចបានលើកឡើងក្នុងចំណុចខាងលើកាឡូរីដែលលើស គឺជាអ្វីមួយដែលនឹងត្រូវបំលែងទៅជាជាតិខ្លាញ់ទ្រីគ្លីសេរីដ។ ហើយគ្មានអ្វីដែលផ្ដល់ឱ្យរាងកាយនូវកាឡូរីច្រើនហួសហេតុជាងការទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករឡើយ! ដូច្នេះប្រសិនបើអ្នកចង់បន្ថយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ ចូរព្យាយាមកម្រិតការទទួលទានស្ករនិងប្រកាន់ខ្ជាប់នូវរបបអាហារសុខភាពល្អ។

៦. កុំរំលងរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប

តើអ្នកធ្លាប់ដឹងទេថាកាបូអ៊ីដ្រាតក៏ជាមូលេគុលស្ករដែរ? នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបដើម្បីអាចបន្ថយកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដ។

៧. បង្កើនការទទួលទានអាហារសម្បូរជាតិសសៃ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាជាតិសសៃខ្ពស់ជួយទប់ស្កាត់អាការៈទល់លាមក។ ទោះជាយ៉ាងណាជាតិសសៃក៏ជួយកាត់បន្ថយកម្រិតនៃខ្លាញ់ទ្រីគ្លីសេរីដដោយកាត់បន្ថយការស្រូបយកជាតិស្កររបស់រាងកាយ។ របបអាហារមានជាតិសសៃខ្ពស់ក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលបានយ៉ាងប្រសើរផងដែរ។

៨. ធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដដោយជួយឱ្យស្រកទម្ងន់និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។

៩. កម្រិតការទទួលទានអាហារចៀន ឬបំពង

អាហារចៀន ឬបំពងអាចមានរសជាតិឆ្ងាញ់ ប៉ុន្តែរាងកាយរបស់អ្នកមិនត្រូវការវាច្រើនពេកឡើយ។ នោះក៏ព្រោះតែអាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ដែលមិនល្អចំពោះសុខភាពបង្កើនហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺបេះដូង ខ្លាញ់មិនល្អក៏អាចជះឥទ្ធិពលលើអាស៊ីតខ្លាញ់ល្អអូមេហ្កា ៣ ដែលមានក្នុងត្រី។ ជាលទ្ធផលហានិភ័យនៃបញ្ហាខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់នឹងកើនឡើង៕