មិនថាកូនក្មេងនៅដំណាក់កាលណាឡើយសុទ្ធតែខ្លាចនូវរឿងទាំង៤នេះ ដូចនេះនៅពេលដែលអ្នកមើលថែទាំកូន ចូលអ្នកកុំប្រព្រឹត្តនៅចំពោះមុខកូនឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍កូនជាខ្លាំង។ តើមានអ្វីខ្លះទៅ?
ឳពុកម្តាយមិនកំដរគេ
យើងខ្ញុំជឿជាក់ថាឳពុកម្តាយគ្រប់រូបសុទ្ធតែស្រលាញ់កូនទាំងអស់ ប៉ុន្តែបើអ្នកស្រលាញ់ ហើយគ្មានពេលកំដរកូន ហើយគិតតែពីការងាររបស់ខ្លួន នោះកូនអ្នកនឹងលូតលាស់មិនបានល្អ គេនឹងមានចិត្តឯកកោរ ដោយមិនព្រមទាក់ទងជាមួយអ្នកដទៃឡើយ។
ពាក្យថា “កូនជាក្មេងដែលរើសមកទេ”
មានកូនក្មេងជាច្រើនចូលចិត្តសួរឳពុកម្តាយរបស់ខ្លួនថា គេយកមកពីណា? ហើយក៏មានអ្នកម្តាយមួយចំនួនចូលចិត្តលេងសើចក៏ឆ្លើយថាយកមកពីធុងសំរាម នេះជាពាក្យដែលប៉ះពាល់ដល់អារម្មណ៍កូនជាខ្លាំង វាធ្វើឲ្យកូនគ្មានអារម្មណ៍សុវត្ថិភាព ដោយកូនទុកពាក្យដែលអ្នកនិយាយជាការពិត ដូចនេះកូននឹងមិនអាចរស់នៅក្នុងស្ថានភាពសប្បាយឡើយ ដោយសារតែពាក្យមួយម៉ាត់នោះបានដក់ជាប់ក្នុងអារម្មណ៍គេទៅហើយ។
ម៉ាក់ប៉ាបញ្ចេញកំហឹងដាក់កូន
កូនខ្លាចបំផុតនៅពេលដែលអ្នកបញ្ចេញកំហឹងលើគេ ដោយគេមិនដឹងសោះថាគេបានធ្វើអ្វីខុស ហើយវាថែមទាំងអាចប៉ះពាល់ដល់អារម្មណ៍ និងចរឹតរបស់កូនយ៉ាងងាយនៅពេលដែលអ្នកតែងតែធ្វើបែបនេះ ដូចនេះមុននឹងអ្នកស្រែកស្តីបន្ទោសឲ្យកូន អ្នកគួរតែប្រាប់គេថាគេបានធ្វើអ្វីខុសជាមុនសិន។
ម៉ាក់ប៉ាឈ្លោះគ្នា
មានគ្រួសារមួយចំនួនតែងតែឈ្លោះគ្នានៅចំពោះមុខកូនជានិច្ច មិនត្រឹមតែប៉ុណ្ណោះតែងតែប្រើពាក្យមិនល្អមួយចំនួននៅចំពោះមុខកូន ជាងនេះទៅទៀតបើធ្ងន់ធ្ងរអាចប្រើអំពើហឹង្សានៅចំពោះមុខគេទៀតផង ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកទាំងពីរកំពុងតែឈ្លោះប្រកែកគ្នា កូនមានអាមរម្មណ៍ភ័យខ្លាចយ៉ាងណា នោះយូរទៅវានឹងធ្វើឲ្យកូនមានជំងឺម្យ៉ាង គឺជំងឺផ្លូវចិត្តដែលពិបាកនឹងព្យាបាលខ្លាំងណាស់ទោះបីជាអ្នកមានលុយច្រើនយ៉ាងណាក៏មិនអាចព្យាបាលកូនបានដែរ វានឹងដក់ជាប់ក្នុងអារម្មណ៍របស់កូនអស់មួយជីវិត៕