Join with Health.com.kh on Telegram

ក្នុងកម្រិតមធ្យមការរួមបញ្ចូលខ្លាញ់សុខភាពល្អក្នុងរបបអាហារ គឺអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយដែលជួយឱ្យឆ្អែតបានយូរ ចៀសផុតហានិភ័យនៃជំងឺបេះដូង និងបង្កើនការស្រូបយកវីតាមីនចាំបាច់ដោយផ្អែកលើប្រភេទនៃជាតិខ្លាញ់ដែលបានប្រើ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារសម្បូរខ្លាញ់អ្វីខ្លះល្អចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារទាំងនោះ ៖

១. ប្រេងអូលីវ

មិនត្រឹមតែមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីកាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវជាច្រើនផងដែរ។

២. សូកូឡាខ្មៅ

ក្នុងកម្រិតមធ្យមសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ភាគរយ គឺល្អណាស់សម្រាប់ផ្ដល់ជាតិខ្លាញ់ល្អដល់រាងកាយ។ អាហារនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មជាពិសេស flavonoid ព្រមទាំងសារធាតុចិញ្ចឹមផ្សេងៗទៀតរួមមានប៉ូតាស្យូម, កាល់ស្យូម និងម៉ាញ៉េស្យូមជាដើម។

៣. ទឹកដោះគោមានជាតិខ្លាញ់ (ជាតិខ្លាញ់ទាប Low fat ឬជាតិខ្លាញ់ពេញFull Fat)

ក្រៅពីជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូមល្អចំពោះសុខភាពឆ្អឹងរឹងមាំហើយនោះ ទឹកដោះគោក៏មានផ្ទុកជាតិខ្លាញ់ល្អផងដែរ។ ទោះជាយ៉ាងណាទឹកដោះគោ ឬផលិតផលអាហារផ្សំឡើងពីទឹកដោះគោផ្សេងៗមិនសាកសមសម្រាប់អ្នកដែលចាញ់ឡាក់តូសឡើយ។

៤. ស៊ុត

ស៊ុត គឺជាប្រភេទនៃអាហារដែលផ្ដល់សុវត្ថិភាពនិងសារធាតុចិញ្ចឹមចាំបាច់ជាច្រើន រួមបញ្ចូលទាំងខ្លាញ់សុខភាពល្អដល់រាងកាយ ហើយក៏អាចជួយអោយស្រកទម្ងន់ផងដែរ ប្រសិនបើអ្នកទទួលទានវាក្នុងបរិមាណត្រឹមត្រូវ។ ការទទួលទានស៊ុតត្រឹមពី ២ ទៅ ៣ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំអាចបង្កើនសុខភាពនិងផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើនស្មានមិនដល់។ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងមានបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់ ចូរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិនថាតើគួរទទួលស៊ុតប៉ុន្មានគ្រាប់ក្នុងមួយថ្ងៃទើបប្រសើរ?

៥. គ្រាប់ធញ្ញជាតិ

មានផ្ទុកសម្បូរទៅដោយជាតិសសៃ ជាតិខ្លាញ់ និងប្រូតេអ៊ីន។ វាក៏មានផ្ទុកម៉ាញ៉េស្យូមនិងវីតាមីន E ផងដែរ។ ការទទួលទានគ្រាប់ធញ្ញជាតិមិនលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺធាត់ជ្រុល និងសូម្បីតែជំងឺបេះដូង។

៦. គ្រាប់ពូជ

គ្រាប់ពូជ គឺជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពរាងកាយ រួមបញ្ចូលទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ជំងឺស្ទះសសៃឈាម
បេះដូង គាំងបេះដូងគួរឱ្យកត់សម្គាល់។ ក្រៅពីខ្លាញ់សុខភាពល្អហើយនោះគ្រាប់ពូជក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន E វីតាមីន B ប៉ូតាស្យូម កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ និងស័ង្កសីដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំផងដែរ។

៧. យ៉ាអួរមានផ្ទុកជាតិខ្លាញ់

ក្រៅពីមានផ្ទុកជាតិខ្លាញ់ល្អនិងសារធាតុចិញ្ចឹមផ្សេងៗដូចដែលផលិតផលអាហារផ្សំឡើងពីទឹកដោះគោដទៃទៀតមានផ្ទុកហើយនោះ យ៉ាអួរក៏ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកជួយធ្វើឱ្យសុខភាពរាងកាយកាន់តែប្រសើរឡើងផងដែរ។ ទោះជាយ៉ាងណាអ្នកចាំបាច់គួរជ្រើសរើសទទួលទានយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករ។

៨. ផ្លែបឺរ

ផ្លែបឺរទំហំមធ្យមមួយមានផ្ទុកខ្លាញ់ល្អ monounsaturated ដែលល្អសម្រាប់សុខភាពបេះដូងដល់ទៅ ២៣ ក្រាម។

៩. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ដូចជាសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺធ្លាក់ទឹកចិត្ត (depression) ខ្សោយការចងចាំ និងបញ្ហាបេះដូង៕