មនុស្សម្នាក់ៗសុទ្ធតែរំពឹងថាអាពាហ៍ពិពាហ៍គេនឹងជោគជ័យ ហើយគេនឹងអាចរស់នៅជាមួយគ្នាអស់មួយជីវិត។ ប៉ុន្តែអ្នកខ្លះគឺមិនសមដូចបំណងទេ ជួលកាលអាចលេងលះគ្នាទៀតផង។ដូចនេះគួរធ្វើដូចម្តេចទើបអាចសាងអាពាហ៍ពិពាហ៍ដ៏ជោគជ័យបាននោះ?
1. អ្នកត្រូវតែចេះទ្រាំ ហើយជួយស្វាមីអ្នក ទោះបីជាជួយហើយមិនបានទទួលបានលទ្ធផលល្អក៏អ្នកត្រូវតែបន្តអត់ទ្រាំដែរ។ ប៉ុន្តែការទ្រាំមួយនេះ មានដែនកំណត់ បើវាដល់ពេលដែលអ្នកទ្រាំមិនបានហើយ អ្នកអាចដើរចេញបាន ព្រោះអ្នកមិនគួរនៅបន្តឲ្យគេធ្វើបាបបានឡើយ។
2. អ្នកត្រូវតែចេះយកភាពអត់ធ្មត់មកធ្វើជាទម្លាប់មួយសម្រាប់អ្នក។ នៅពេលដែលអ្នកចេះអត់ធ្មត់ និងអធ្យាស្រ័យច្រើន នឹងអាចឈ្នះអ្វីៗទាំងអស់។
3. ត្រូវតែរៀនចេះមានចរិតទន់ភ្លន់ សុភាពរាបសារ និងមិនឆាប់ខឹងឆេវឆាវ។ នៅពេលដែលអ្នកអាចរក្សាចរិតបែបនេះ នោះស្វាមីអ្នកនឹងស្រឡាញ់អ្នកខ្លាំង ព្រោះមានប្រពន្ធដែលយល់ចិត្តចាំនៅផ្ទះ។
4. នៅពេលដែលឈ្លោះគ្នាគឺឱ្យប្តីអ្នកឈ្នះ មិនត្រូវបន្តឈ្លោះទៀតទេ ព្រោះវានឹងធ្វើឱ្យរឿងកាន់តែធំ។ មានតែម្ខាងរាងស្ងាត់ទេ ទើបម្ខាងទៀត អាចបញ្ចប់ និងរំងាប់អារម្មណ៍បានខ្លះ ដោយមិនឆេវឆាវដូចមុនឡើយ។
5. អ្នកត្រូវតែត្រូវគ្នានៅថ្ងៃដែលអ្នកឈ្លោះគ្នា មិនត្រូវអូសបន្លាយឱ្យយូរថ្ងៃទេ ព្រោះបើយូរថ្ងៃ នឹងមានជនទី៣ អាចជ្រាតចូលមកហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
6. នៅពេលដែលស្តីបន្ទោស ត្រូវតែបញ្ចេញនូវភាពស្រឡាញ់និងយកចិត្តទុកដាក់ មិនត្រូវមានក្តីស្អប់ទេ។
7. មិនត្រូវជឿភាពញុះញង់របស់អ្នកដទៃ ហើយឈ្លោះជាមួយប្តីអ្នកដោយមិនដឹងរឿងច្បាស់លាស់។ នៅពេលដែលអ្នកត្រចៀកស នឹងធ្វើឲ្យគ្រួសារអ្នកឆាប់បែកបាក់ណាស់។
8. ត្រូវតែផ្តល់សេរីភាពដល់ប្តីឬប្រពន្ធអ្នក មិនត្រូវឃុំនៅតែក្នុងផ្ទះទេ។ ការចេះផ្តល់សេរីភាពដល់គ្នា នឹងធ្វើឲ្យគ្រួសារអ្នកអាចរស់នៅយ៉ាងមានសុភមង្គល។
9. មិនត្រូវព្រោះតែលុយហើយសង្ស័យគ្នា និងឈ្លោះគ្នាទេ ព្រោះលុយជារបស់ក្រៅខ្លួនដែលអាចរកបាន ប៉ុន្តែបើមនោសញ្ចេតនាបែកបាក់ហើយ និងពិបាករកមកវិញណាស់។
10. ពេលដែលគេចង់នៅស្ងាត់ស្ងៀម អ្នកត្រូវតែទុកឱ្យគេនៅតែឯង មិនត្រូវរំខានគេទេ។ ការធ្វើបែបនេះ ដើម្បីឲ្យគេអាចរក្សាអារម្មណ៍ស្ងប់ ហើយដោះស្រាយបញ្ហាបានល្អ៕