ដូចដៃនិងមុខដែរ ប្រអប់ជើងរបស់អ្នកក៏ត្រូវការសំណើមល្អបំផុតដែរ។ ក្នុងរដូវរដូវរងា ស្បែករបស់អ្នកប្រហែលជាត្រូវការជាតិទឹកបន្ថែម។ កែងជើងប្រេះ ក៏ជាស្ថានភាពទូទៅក្នុងរដូវរងារដែលមនុស្សភាគច្រើនបានជួបប្រទះ។ វាមិនត្រឹមតែមើលទៅមិនគួរឱ្យចង់មើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈឺចាប់ប្រសិនបើទុកចោលមិនបានព្យាបាល។

នៅក្នុងស្ថានភាពធ្ងន់ធ្ងរ វាអាចនាំឱ្យមានស្នាមប្រេះជ្រៅ ក្រហមហើម និងឈឺចាប់។ ថែរក្សាកែងជើងរបស់អ្នកនិងទម្លាប់សាមញ្ញ អាចជួយឱ្យអ្នកធានាបាននូវស្បែកជើងរលោង ទន់ និង មានសុខភាពល្អ។ ខាងក្រោមនេះ គឺជាវិធី៣យ៉ាង ជួយដោះស្រាយបញ្ហាប្រេះកែងជើង បើយោងតាមគេហទំព័រវេជ្ជសាស្រ្ត Doctor NDTV៖

១. ប្រើប្រាស់ឡេរក្សាសំណើម

វាជួយធ្វើឱ្យជើងរបស់អ្នកមានសំណើម និង ការពារមិនឱ្យមានការប្រេះកែងជើង។ នៅក្រោយពេលអ្នកងូតទឹករួច អ្នកត្រូវលាបឡេរក្សាសំណើមនៅលើកែងជើងរបស់អ្នក ហើយពាក់ស្រោមជើងពីលើ។ ធ្វើបែបនេះ២ទៅ៣ដងក្នុងមួយថ្ងៃ​ ឬក៏ច្រើនជាងនេះ តាមតែអាចធ្វើទៅបាន។

២. ត្រាំជើងនៅទឹកក្រៅ

ប្រសិនបើភាពស្ងួតនៅតែបន្ត កែងជើងរបស់អ្នកចាប់ផ្តើមបែកក្រហែង។ ស្បែកកខ្វក់ និងស្បែកងាប់ៗ ងាយនឹងចេញជាស្នាមប្រេះ។ អ្នកអាចរក្សាជើងរបស់អ្នក នៅក្នុងទឹកក្តៅឧណ្ណៗ ហើយអាចដាក់សាប៊ូចូលក្នុងនោះ ដើម្បីសម្លាប់មេរោគ។ ទុកវាយ៉ាងហោចណាស់រយៈពេល ១៥ទៅ២០នាទី។ ក្រោយពីទុកចោលហើយ អ្នកធ្វើការខាត់ស្បែកកែងជើង ដើម្បីយកស្បែកងាប់ៗចេញ ហើយបន្ទាប់មកទៀត ត្រូវលាបឡេរក្សាសំណើម និង ពាក់ស្រោមជើងពីក្រៅ​។

៣. លាបជែលប្រទាលកន្ទុយក្រពើ

ជែលអាឡូវ៉េរ៉ា ឬហៅថា ជែលប្រទាលកន្ទុយក្រពើ ផ្ទុកទៅដោយអត្ថប្រយោជន៍ជាច្រើនសម្រាប់សម្រស់។ វាមានផ្ទុកដោយលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ ដំបូងអ្នកត្រូវលាងសម្អាតជើងរបស់អ្នក ឱ្យបានត្រឹមត្រូវ និងលាបជែលនេះលើស្បែកកែងជើង ហើយពាក់ស្រោមជើងទុកចោលពេញមួយយប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង