Join with Health.com.kh on Telegram

ទោះបីជាចូលចិត្តទទួលទានប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាផ្លែឈើមួយចំនួនអាចប្រើជាម៉ាសធម្មជាតិជួយឱ្យសក់ស្រស់ស្អាតរស់រវើកបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ផ្លែឈើមួយចំនួនថែរក្សាសក់ ៖

១. រូបមន្តផ្សំឡើងពីផ្លែចេក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយចេកទុំ ២ផ្លែជាមួយស៊ុត ១គ្រាប់, ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ និងប្រេងអាល់ម៉ុន ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ រូបមន្តនេះសាកសមណាស់សម្រាប់សក់ស្ងួតគ្មានភាពរលាស់។

២. រូបមន្តផ្សំឡើងពីចេកនិងស៊ុត

សម្រាប់អ្នកដែលមានសក់ស្ងួតខូចដោយសារការប្រើប្រាស់ផលិតផលមានផ្ទុកសារធាតុគីមីលើសក់ញឹកញាប់ រូបមន្តម៉ាសនេះ គឺសាកសមណាស់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ជាមួយចេកទុំ ២ផ្លែនិងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ លាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។

៣. រូបមន្តផ្សំឡើងពីផ្លែប៉េស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយកិនលាយសាច់ផ្លែប៉េស ១ផ្លែជាមួយយ៉ាអួរ ១ស្លាបព្រាបាយឱ្យសព្វម៉ដ្ឋចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះសាកសមសម្រាប់ស្បែកក្បាលស្ងួតរមាស់។

៤. រូបមន្តផ្សំឡើងពីផ្លែបឺរ

ម៉ាសផ្សំឡើងពីផ្លែបឺរនេះ គឺល្អណាស់សម្រាប់ពង្រឹងភាពរឹងមាំនៃឬស់ ព្រមទាំងធ្វើឱ្យសក់ទន់ភ្លឺរលោងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់ផ្លែបឺរទុំ ១ផ្លែលាយជាមួយទឹកតែបៃតង ឬទឹកក្ដៅឧណ្ហៗបន្តិចឱ្យក្លាយជាល្បាយខាប់ៗ រួចលាបម៉ាស្សាពេញសក់។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូផ្សំឡើងពីធម្មជាតិ។

៥. រូបមន្តផ្សំឡើងពីផ្លែល្ហុង

អ្វីដែលអ្នកត្រូវការ គឺល្ហុងទុំប៉ុន្មានចំណិត ប្រេងអូលីវ ១ ស្លាបព្រាបាយ និងប្រេងដូង ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនក្រឡុកល្ហុងជាមួយប្រេងអូលីវឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមបន្ថែមប្រេងដូងចូលដើម្បីឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់ដូចពេលធម្មតា។ រូបមន្តនេះសាកសមសម្រាប់សក់ដែលស្ងួតខូច៕