Join with Health.com.kh on Telegram

​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គឺជា​លក្ខខណ្ឌ​មួយ​ដែល​កំណត់​ដោយ​ការ​មាន​កម្រិត​ទាប​ខុស​ពី​ធម្មតា​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម (​គ្លុយកូស​) ដែល​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​រាងកាយ​។ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ជាទូទៅ​អាច​ជាប់ទាក់ទង​នឹង​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​។ ទោះជា​យ៉ាងណា វា​អាច​មក​ពី​លក្ខខណ្ឌ​ផ្សេងគ្នា​ជាច្រើន តែ​កម្រ​នឹង​កើតមាន​ដែល​អាច​បណ្តាល​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប នៅ​លើ​មនុស្ស​ដែល​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម​។

វា​ដូច​គ្នា​នឹង​គ្រុនក្តៅ​ដែរ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​មិនមែន​ជា​ជំងឺ​នោះ​ទេ តែ​វា​អាច​មក​ពី​បញ្ហា​សុខភាព​ណាមួយ​។  ​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រសិទ្ធភាព​នៃ​អាំង​ស៊ុយ​លីន (Insulin) ទៅ​លើ​រាងកាយ​របស់​អ្នក ត្រូវ​បាន​ថយចុះ​យ៉ាងខ្លាំង ដែល​អាច​មក​ពី​លំពែង​មិន​អាច​ផលិត​វា​បាន​គ្រប់គ្រាន់ (​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១) ឬ​ដោយសារតែ​កោសិកា​របស់​អ្នក មាន​ការឆ្លើយតប​នឹង​វា​តិចតួច​ពេក (​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២)​។ ជា​លទ្ធផល វា​ធ្វើអោយ​ជាតិ​ស្ករ​កើនឡើង​ខ្ពស់​នៅ​ក្នុង​ចរន្ត​ឈាម​របស់​អ្នក ហើយ​អាច​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​ដែល​មាន​គ្រោះថ្នាក់​។

ដើម្បី​កែ​បញ្ហា​នេះ​អ្នក​ត្រូវ​ចាំបាច់​ប្រើ​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ថ្នាំ​ផ្សេងទៀត​ដែល​មាន​សមត្ថភាព ដើម្បី​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។  ​ប្រសិនបើ​អ្នក​ប្រើ​អាំង​ស៊ុយ​លីន​ច្រើនពេក​លើស​ពី​ចំនួន​សម​មាត្រ​នៃ​ជាតិ​ស្ករ​នៅក្នុង​ឈាម វា​អាច​បង្ក​អោយមាន​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ធ្លាក់ចុះ​ទាប​ខ្លាំង​។ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ ក៏​អាច​កើតមាន​ផងដែរ បន្ទាប់ពី​ប្រើ​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម ប្រសិនបើ​អ្នក​មិន​បរិភោគ​អាហារ​បាន​ច្រើន​ដូច​ជា​ធម្មតា​ទេនោះ​។ ដើម្បី​បងា្ក​បញ្ហា​ទាំងនេះ វេជ្ជបណ្ឌិត​របស់​អ្នក​នឹង​ធ្វើ​ការតាមដាន​ជាមួយ​អ្នក ដើម្បី​រក​កម្រិត​ថ្នាំ​ដែល​ល្អ​បំផុត ដែល​សម​នឹង​ការ​ញ៉ាំ និង​សកម្មភាព​ធម្មតា​របស់​អ្នក​៕