រាជធានីភ្នំពេញ ៖ សក់មិនអាចថា មិនជ្រុះសោះនោះទេក្នុងមួយថ្ងៃ តែប្រសិនបើវាជ្រុះច្រើន អ្នកត្រូវតែរកវិធានការទប់ស្កាត់ជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យសក់ស្តើង ឬ ឈានដល់ទំពែកក្បាល ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិតនង រស្មី ជាគ្រូពេទ្យឯកទេសរោគសើស្បែក នៃកម្មវិធី ទៅពេទ្យ ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។
វេជ្ជបណ្ឌិតនង រស្មី ឱ្យដឹងទៀតថា មានទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលអ្នកត្រូវតែគិតគូរឡើងវិញ ប្រសិនបើចង់បញ្ឈប់នូវបញ្ហានេះ ។
១. ការធ្វើសក់ដោយប្រើម៉ាស៊ីន ៖ ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ កៀបសក់ និងរមូរសក់ អាចបណ្ដាលឱ្យសក់ទទួលរងការខូចខាតបានយ៉ាងងាយ ។ ដូច្នេះប្រសិនបើមិនចង់ឱ្យសក់ជ្រុះច្រើន ហើយបែកចុងទេនោះ កុំលេងស្តាយសក់ដោយប្រើប្រាស់ម៉ាស៊ីនកម្ដៅញឹកញាប់ពេក ។
២. តមអាហារ ៖ តមអាហារ ឬ មិនទទួលទានអាហារព្រោះចង់បានរាងស្លីមស្គមស្អាត ឬ ? ធ្លាប់ដឹងទេថា មិនត្រឹមតែរាងកាយរបស់អ្នកប៉ុណ្ណោះទេដែលស្គម ប៉ុន្តែសក់ក៏ប្រែជាស្ដើងដូចគ្នាដែរ ។ នោះក៏ព្រោះឬសនៃសក់មិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ និងដំណើរការមុខងារបានត្រឹមត្រូវ ។ ដូច្នេះជំនួសឱ្យការរំលងមិនទទួលទានអាហារច្រើនព្រោះចង់បានរាងស្លីម ចូរជ្រើសរើសរបបអាហារមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលសក់ និងស្បែកក្បាលត្រូវការ ។
៣. ប្រើផលិតផលផ្តេសផ្តាស ៖ ការប្រើប្រាស់ផលិតផលសម្បូរទៅដោយសារធាតុគីមី មិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាល និងសក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពផងដែរ ។ ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ ឬទិញនូវផលិតផលថែរក្សាសក់ប្រភេទណាដែលផ្សំឡើងពីរូបមន្ត និងគ្រឿងផ្សំបែបធម្មជាតិ ។
៤. អត់ចេះកាត់ស្ត្រេស ៖ ភាពស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលដល់សុខភាពសក់បណ្ដាលឱ្យជ្រុះច្រើនមិនឈប់ផងដែរ ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក ។ ស្រ្តេសធ្វើឱ្យជ្រុះសក់ ជ្រុះសក់ក៏កាន់តែធ្វើឱ្យស្រ្តេស ។
៥. ងូតទឹកក្តៅពេក ៖ ការងូតទឹកក្ដៅមិនល្អសម្រាប់សក់ឡើយដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាមិនខាន ។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ ។ ដូច្នេះកុំងូតទឹកក្ដៅពេក ។ ប្រសិនបើក្តៅឧណ្ណៗ អាចបាន ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។