Join with Health.com.kh on Telegram

បញ្ហារមាស់ស្បែកមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិព្យាបាលស្បែករមាស់ឆាប់រហ័ស ​៖

១. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារ ១ ឬ ២ផ្លែយកទឹកស្រស់ៗ។ បន្ទាប់មកសឹមប្រើប្រាសបន្ទះសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារនោះ រួចលាបលើតំបន់ស្បែកដែលរមាស់។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើអ្នកមានស្បែកស្ដើង ឬឆាប់ប្រតិកម្ម ចូរលាយទឹកក្រូចឆ្មារជាមួយទឹកបន្តិចសិន សឹមលាបលើស្បែក។ អនុវត្តឱ្យបាន ២ដងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

២. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹកឃ្មុំមួយចំនួនឱ្យក្ដៅឧណ្ហៗ រួចសឹមលាបផ្ទាល់លើតំបន់ស្បែកដែលមានបញ្ហារមាស់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដង ឬ ២ដងជាប្រចាំ។

៣. ស្អំត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ស្អំកញ្ចប់ទឹកកកលើស្បែកដែលរមាស់សម្រាប់រយៈពេលពី ២ ទៅ ៣នាទីជាការស្រេច។ អ្នកអាចអនុវត្តរូបមន្តនេះជាប្រចាំរហូតដល់ធូរស្បើយ។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ៗលើស្បែកដែលរមាស់។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៥. ស្លឹកជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតស្លឹកជីអង្កាមមួយក្ដាប់ដៃពេញឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមដាក់ដាំស្លឹកជីអង្កាមជាមួយទឹកធម្មតា ៥០០មីលីលីត្ររហូតដលពុះ។ ទុកឱ្យចុះត្រជាក់សិន សឹមត្រងកាកជីចេញ និងប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកជីលាបលើតំបន់ស្បែកដែលរមាស់។ អនុវត្តឱ្យបានម្ដង ឬ២ដជាប្រចាំដើម្បីឆាប់ធូរស្បើយពីអាការៈរមាស់។

ប្រយ័ត្ន! ក្នុងករណីអាការៈរមាស់ស្បែកមិនព្រមបាត់ទៅវិញសោះក្នុងរយៈពេលច្រើនសប្តាហ៍ ទោះជាអ្នកខំមើលថែយកចិត្តទុកដាក់ប៉ុណ្ណាក៏ដោយ ហើយកើនឡើងឆាប់រហ័សឆ្លងទៅផ្នែកផ្សេងទៀតនៃរាងកាយ និងជាពិសេសអមមកជាមួយនូវអាការៈផ្សេងទៀតរួមមានអស់កម្លាំង, ស្រកទម្ងន់ ឬក្ដៅខ្លួន, ប្រែជារបួសក្លាយ ឬឆ្លងមេរោគ ត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម៕