Join with Health.com.kh on Telegram

ជម្ងឺទឹកនោមផ្អែមប្រភេទ២ អាចត្រូវបានគ្រប់គ្រង និង ការពារបានយ៉ាងមានប្រសិទ្ធភាព។ ការរស់នៅប្រកបដោយការគិតគូរពីសុខភាព និង ការហាត់ប្រាណ គឺជាអ្វីដែលអ្នកត្រូវការ។ កាត់បន្ថយការទទួលទានកាបូអ៊ីដ្រាតចម្រាញ់ (ស្កររោងចក្រ) អាហារសម្បូរស្ករ បង្អែម ភេសជ្ជៈផ្អែមៗ ទឹកផ្លែឈើជាដើម។ ក្រៅពីនេះអ្នកក៏អាចបញ្ចូលអាហារដែលនឹងរៀបរាប់នៅខាងក្រោមនៅក្នុងរបបអាហាររបស់អ្នក ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

១. អាហារដែលសំបូរជាតិសរសៃ៖ បរិភោគផ្លែឈើនិងបន្លែឱ្យបានច្រើន ដែលជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក។ រួមបញ្ចូលផងដែរនូវគ្រាប់ធញ្ញជាតិ និង គ្រាប់សណ្តែក។ អាហារទាំងអស់នេះគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលជាសារធាតុចិញ្ចឹមមួយដែលបន្ថយល្បឿននៃការបញ្ចេញជាតិស្ករនៅក្នុងចរន្តឈាមនិងការពារការកើនឡើងភ្លាមៗ។

២. បន្លែបៃតង៖ មិនត្រឹមតែជួយបន្ថែមបរិមាណដល់អាហាររបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជូនអ្នកនូវជីវជាតិនិងសារធាតុរ៉ែមានប្រយោជន៍ជាច្រើនដូចជា វីតាមីន A, C, E, K, អាស៊ីតហ្វូលិក, Beta Carotene, Riboflavin, ជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម និង ផូស្វ័រ។

៣. ត្រី៖ ត្រីសាលម៉ុន ត្រីធូណា និង ត្រីសាឌីន គឺជាត្រីដែលជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា៣។ ការសិក្សាបង្ហាញថា ការបរិភោគត្រី ក៏អាចបន្ថយជាតិស្ករក្នុងឈាមបានដែរ។

៤. ពងមាន់៖ ការទទួលទានស៊ុតជាប្រចាំ អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកជម្ងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅ។ វាត្រូវបានគេរកឃើញថា អាចកាត់បន្ថយការរលាក ធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីននិងបង្កើន HDL ដែលជាកូឡេស្តេរ៉ុលល្អ នៅក្នុងខ្លួន។

៥. ផ្លែបឺរ៖ វាជាប្រភពនៃខ្លាញ់ល្អ ដែលអាចផ្តល់អត្ថប្រយោជន៍មិនត្រឹមតែអ្នកជម្ងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់មនុស្សទូទៅផងដែរ។ អាហារទាំងនេះគឺជាប្រភពដ៏ល្អនៃខ្លាញ់ដែលមិនប៉ះពាល់ដល់សរសៃឈាម ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជម្ងឺបេះដូង។

មុនពេលសម្រេចចិត្តទទួលទានអ្វីប្លែកនៅក្នុងរបបអាហាររបស់អ្នក អ្នកជម្ងឺទឹកនោមផ្អែម គួរធ្វើការពិនិត្យនិងប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាស្ថានភាពជម្ងឺរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ៕