Join with Health.com.kh on Telegram

ទោះបីជាឧស្សាហ៍ញ៊ាំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ល្ពៅ អាចយកមកប្រើថែរក្សាសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើត្រូវយកមកធ្វើបែបណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ល្ពៅថែរក្សាសម្រស់ ៖

១. ព្យាបាលស្បែកមុខខ្លាញ់

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវស្ងោរល្ពៅមួយដុំ រួចកិនវាឱ្យម៉ដ្ឋ។ បន្ទាប់មកលាយល្ពៅកិនរួចនេះ ១ស្លាបព្រាបាយជាមួយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ៣០នាទី ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗម្ដងសិន សឹមលាងសម្អាតម្ដងទៀតជាមួយទឹកត្រជាក់។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដែលសាកសមសម្រាបប្រភេទនៃស្បែករបស់អ្នកតាមក្រោយផង។

២. ព្យាបាលស្បែកមុខស្ងួត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ងោរល្ពៅមួយដុំ រួចកិនវាឱ្យម៉ដ្ឋ។ បន្ទាប់មកលាយល្ពៅម៉ដ្ឋនេះ ២ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ និងទឹកដោះគោស្រស់ ១ភាគ៤ ឬមួយចុងស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ ប៉ុន្តែចៀសវាងតំបន់ភ្នែក។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដែលសាកសមសម្រាបប្រភេទនៃស្បែករបស់អ្នកតាមក្រោយផង។

៣​. អត្ថប្រយោជន៍ប្រឆាំងភាពចាស់តាមវ័យនៃស្បែក

ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកគួរព្យាយាមទទួលទាន ឬរួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ។ ល្ពៅ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន C និងសារធាតុ beta-carotene ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញពីកម្ដៅថ្ងៃ ព្រមទាំងធ្វើឱ្យសុខភាពស្បែកកាន់តែមានលក្ខណៈប្រសើរឡើង។ វាក៏ជួយលើកកម្ពស់ការផលិតកូឡាជែន ព្រមទាំងការពារស្បែកពីរ៉ាឌីកាល់សេរី។ ជាលទ្ធផលស្នាមជ្រីវជ្រួញលើស្បែកត្រូវបានទប់ស្កាត់និងកាត់បន្ថយគួរឱ្យកត់សម្គាល់។

៤. ព្យាបាលស្នាមអ៊ុចខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយល្ពៅដែលស្ងោរកិនម៉ដ្ឋរួច ១ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ និងប្រេងវីតាមីន E ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយនេះលើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេល ៣០នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ព្យាបាលមុន

ការរួមបញ្ចូលល្ពៅក្នុងរបបអាហារប្រចាំថ្ងៃ គឺផ្ដល់អត្ថប្រយោជន៍ណាស់សម្រាប់ការព្យាបាលមុន។ នេះក៏ព្រោះតែល្ពៅជាប្រភពដ៏ប្រសើរនៃវីតាមីនក្រុម B ដូចជា niacin, riboflavin, B6 និង folate។

៦. ព្យាបាលបញ្ហាសក់ស្ងួត

ល្ពៅអាចប្រើជាក្រែមបន្ទន់ដ៏ល្អបំផុតមួយសម្រាប់ប្រភេទសក់ដែលស្ងួត។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវកាត់ល្ពៅជាដុំតូចចំនួន ២ពែង រួចស្ងោរឱ្យឆ្អិនទន់សិន។ បន្ទាប់មកដាក់ល្ពៅដែលស្ងោររួចនោះក្នុងម៉ាស៊ីនកិនក្រឡុក រួចចាប់ផ្ដើមកិនក្រឡុកលាយជាមួយយ៉ាអួរ ១ស្លាបព្រាបាយ បន្ទាប់មកសឹមបន្ថែមប្រេងដូង ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយចូលទៀត។ កិនឱ្យសព្វម៉ដ្ឋចូលគ្នា រួចសឹមប្រើប្រាស់ល្បាយលើសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ បន្ទាប់មកពាក់មួកផ្លាស្ទិកឱ្យជិតសក់ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាការស្រេច៕