សូកូឡាគឺជារបស់ដែលកូនក្មេងភាគច្រើនចូលចិត្តញ៉ាំបំផុត ហើយវាក៏ជារបស់ដែលអ្នកម្តាយមួយចំនួនយកមកលួងកូនដែរ ប៉ុន្តែតើកូនក្មេងអាយុប៉ុន្មានទើបអាចពិសារបាននោះ?
តាមការស្រាវជ្រាវបានបង្ហាញថានៅក្នុងសូកូឡាមានជាតិស្ករខ្ពស់ មានសារធាតុក្តៅខ្ពស់ និងមានសារធាតុកាហ្វេអ៊ីនទៀតផង ដូចនេះបើពិសារច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់របបអាហារប្រចាំថ្ងៃរបស់កូន ថែមទាំងអាចធ្វើឲ្យកូនងាយមានជំងឺប្រតិកម្មទៀតផង ហើយម្យ៉ាងទៀតនៅក្នុងសូកូឡានេះ គ្មានសារធាតុចិញ្ចឹមចាំបាច់ដែលអាចជួយកូនឲ្យលូតលាស់បានល្អឡើយ ដូចនេះអ្នកមិនគួរឆាប់ឲ្យកូនញ៉ាំឡើយ ទើបគេមិនស្គាល់ពីរសជាតិសូកូឡា ហើយទារអ្នកទិញ។
ជាងនេះទៅទៀត នៅក្នុងសូកូឡានេះមានជាតិកាហ្វេអ៊ីនដែលធ្វើឲ្យកូនមានចិត្តមិនស្ងប់ ហើយនៅមិនស្ងៀមមួយកន្លែងឡើយ ដែលអាចធ្វើឲ្យអ្នករត់ចាប់គេពេញផ្ទះ គ្មានពេលសម្រាកនោះទេ ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យកូននោមច្រើន ជាហេតុដែលធ្វើឲ្យគេតែងតែនោមដាក់ពូកបាន មិនត្រឹមតែប៉ុណ្ណោះ វានឹងអាចធ្វើឲ្យកូនមិនចង់បរិភោគបាយនោះទេក្រោយពេលដែលញ៉ាំសូកូឡានេះរួច ដោយសារតែវាមានជាតិស្ករខ្ពស់ នោះធ្មេញកូននឹងងាយខូចដូចគ្នានៅពេលដែលពិសារច្រើន៕