អញ្ចឹង តើធ្វើម៉េចទៅ ទើបកូនក្លាយជាមនុស្សល្អ? ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក នូវកំហុសឆ្គងមួយចំនួន ដែលអ្នកអាចធ្វើដោយមិនដឹងខ្លួន ដែលជាហេតុធ្វើឲ្យកូនអ្នកខូច និយាយមិនស្តាប់ និងខ្វះការអប់រំ។ បើអ្នកដឹងហើយ អ្នកអាចផ្លាស់ប្តូរ វិធីចិញ្ចឹមកូនបាន ចាប់ពីថ្ងៃនេះតទៅ ពីព្រោះ យើងខ្ញុំជឿជាក់ថា វាមិនទាន់ហួសពេលនោះទេ។ ហើយបើចង់ដឹងច្បាស់ អំពីវិធីចិញ្ចឹមកូនឲ្យបានល្អ សូមចូលទៅកាន់គេហទំព័រ www.health.com.kh រួចចុចត្រង់មាតិកា “សុខភាពទារក និងកុមារ”។
១. ទំនើង ឬធ្វើតាមចិត្តកូនពេក
ការបំពេញចិត្តកូន គឺជាអ្វីដែលអ្នកគួរធ្វើ ដើម្បីឲ្យកូនសប្បាយចិត្ត និងរីករាយ ប៉ុន្តែ អ្នកត្រូវចងចាំថា ការទំនើង ឬធ្វើតាមចិត្តកូនពេក អាចនឹងធ្វើឲ្យគេខូចបាន នៅថ្ងៃខាងមុខ។
២. មិនយកចិត្តទុកដាក់ លើចំណុចល្អរបស់កូន
សព្វថ្ងៃនេះ ឪពុកម្តាយភាគច្រើន រវល់នឹងការងារប្រចាំថ្ងៃ រហូតពេលខ្លះ ភ្លេចថាត្រូវអប់រំកូនឲ្យបានល្អទៀតផង។ ឪពុកម្តាយមួយចំនួន មិនទាំងដឹងផងថា កូនរបស់ខ្លួន មានដុងខាងតន្ត្រី ឬគណិតវិទ្យាពីកំណើត។ ទាំងនេះហើយ ជាកំហុសឆ្គងដ៏ធំបំផុត របស់ឪពុកម្តាយភាគច្រើន។
៣. ភ្លេចខ្លួន ក៏សរសើរចំណុចអាក្រក់ ឬទង្វើមិនគប្បីរបស់កូន
“ជេរវាទៅកូន!”, “ធាក់វាទៅកូន!” អ្នកប្រហែលជាធ្លាប់និយាយ ពាក្យនេះទៅកាន់កូន ប៉ុន្តែ ពេលអានអត្ថបទនេះហើយ យើងសង្ឃឹមថា អ្នកនឹងកែប្រែ ពីព្រោះទម្លាប់បែបនេះហើយ ដែលធ្វើឲ្យកូន ក្លាយជាក្មេងមិនល្អ។
៤. មិនចេះបង្រៀន ឬអប់រំកូន
តើអ្នកចង់ឲ្យកូន ក្លាយជាក្មេងមានចំណេះដឹង មានសុជីវធម៌ ឬក្លាយជាក្មេងកោងកាច មិនចូលសាលា? ពិតណាស់ ការអប់រំកូន ក៏ជាភារកិច្ចរបស់ឪពុកម្តាយដែរ មិនមែនមានតែលុយ ហើយដាក់កូនចូលរៀន នៅសាលាថ្លៃនោះទេ។ អាកប្បកិរិយា ឬកពារ និងពាក្យសំដីរបស់អ្នក ក៏អាចធ្វើឲ្យកូនរៀនតាមដែរ។
៥. មិនដាក់កំហិត ឬច្បាប់ក្នុងគ្រួសារ
គ្រួសារនីមួយៗ គួរតែចែកឲ្យច្បាស់ រវាងការពិន័យ និងការសរសើរ ហើយត្រូវតែអនុវត្តវាឲ្យបានល្អ។ ឧទាហរណ៍ អ្នកគួរតែលើកទឹកចិត្តកូន ដោយនិយាយថា “បើកូនបានពិន្ទុ ១០ ប៉ាម៉ាក់ នឹងទិញកាបូបថ្មីឲ្យកូន”។
៦. ឲ្យកាដូខុសពេល
ពេលកូនខឹង ហើយនិយាយថា “ម៉ាក់ ជាមនុស្សអាក្រក់បំផុត” ដូច្នេះ វាមិនមែនជាពេលសាកសម ដើម្បីទិញរបស់ ឬកាដូអ្វី មកលួងគេនោះទេ។ ប៉ុន្តែ អ្នកត្រូវអោបកូន សួរនាំហេតុផង និងពន្យល់អប់រំកូនបន្ថែម។
៧. អ្នកធ្វើខ្លួនឯង ជាមនុស្សមិនល្អ
តើអ្នកតែងតែឈ្លោះគ្នា នៅចំពោះមុខកូនដែរឬទេ? តើអ្នកតែងតែជេរកូន ឬប្រពន្ធដែរឬទេ? ទង្វើទាំងនេះហើយ ដែលធ្វើឲ្យកូន រៀនតាមអ្នក៕