Join with Health.com.kh on Telegram

តាមការរយៈការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១៤ បានរកឃើញថា ការផឹកកាហ្វេពី ៤ ទៅ ៥ពែង រាល់ថ្ងៃអាចកាត់បន្ថយឱកាសនៃការកើតជម្ងឺមហារីកក្រពេញប្រូស្តាត។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត Health Line។ គេថា រាល់កាហ្វេ៣កែវដែលបុរសៗទទួលទាន ជួយកាត់បន្ថយអត្រានៃការកើតជម្ងឺមហារីកក្រពេញប្រូស្តាតដល់ទៅ១១%។

ការសិក្សានេះបង្ហាញឱ្យឃើញថា អត្រានៃការកើតជម្ងឺមហារីកប្រូស្តាតមានការថយចុះតាមបរិមាណកាហ្វេដែលយើងទទួលទាន។ គេមិនបានផ្តោតទៅលើអ្នកផឹកកាហ្វេម្តងម្កាលនោះទេ។

តែយើងក៏គួរតែយល់ដឹងដែរថា កម្រិតខ្ពស់នៃជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យមានបញ្ហាសុខភាពសំខាន់ៗ ដូចជាចង្វាក់បេះដូងលោតមិនទៀងទាត់ និង អាចឈានទៅដល់ការប្រកាច់ជាដើម។ គេហទំព័រវេជ្ជសាស្រ្ត Mayo Clinic បានព្រមានថា ពួកយើងគួរតែប្រុងប្រយ័ត្នចំពោះការទទួលទានជាតិកាហ្វេអ៊ីនច្រើនជាង ៤០០មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេបួនពែង។

ក្រៅពីគុណប្រយោជន៍របស់កាហ្វេ របៀបដែលកាហ្វេត្រូវបានឆុងក៏ជាកត្តារួមផ្សំផងដែរ។ ការសិក្សាឆ្នាំ ២០១៥ នៅប្រទេសន័រវេស បានសិក្សាទៅលើកាហ្វេដែលឆុងដោយតម្រង និង កាហ្វេដែលឆុងដោយមិនប្រើតម្រង។ គេឃើញថា បុរសដែលផឹកកាហ្វេឆុងគ្មានតម្រង ហាក់ដូចជាមានហានិភ័យទាបនៃជម្ងឺមហារីកក្រពេញប្រូស្តាត ជាងបុរសដែលផឹកកាហ្វេដោយឆុងប្រើតម្រង។

សារធាតុ Cafestol និង Kahweol មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក។ អ្នកស្រាវជ្រាវជឿថា សារធាតុទាំងនេះត្រូវបានជាប់នឹងតម្រងនៅពេលយើងឆុងកាហ្វេ។ បើយើងមិនប្រើប្រាស់តម្រង សារធាតុទាំងនោះមានស្ថិតនៅក្នុងកែវរបស់អ្នក៕