Join with Health.com.kh on Telegram

ការស្រាវជ្រាវចុងក្រោយបានបង្ហាញថា ទំហំនៃតំបន់ខួរក្បាលអាចថយចុះ ចំពោះអ្នកដែលមានជម្ងឺធ្លាក់ទឹកចិត្ត ឬ Depression។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រវេជ្ជសាស្រ្ត Health Line។

ក្រុមអ្នកស្រាវជ្រាវបន្តជជែកវែកញែកថា តើតំបន់ណាខ្លះនៃខួរក្បាលអាចរួញទំហំ ដោយសារតែជម្ងឺធ្លាក់ទឹកចិត្ត ហើយតើវារួញនៅកម្រិតណា។ ប៉ុន្តែអ្វីដែលគេបានរកឃើញច្បាស់នៅពេលនេះ គឺថាជម្ងឺធ្លាក់ទឹកចិត្ត ឬ Depression ធ្វើឱ្យមានការប៉ះពាល់លើផ្នែកនៃខួរក្បាលនៅកន្លែងដូចជា៖ Hippocampus, Thalamus, Amygdala, Frontal និង Prefrontal Cortices។

កម្រិតនៃការរួញតូចរបស់ខួរក្បាលនៅផ្នែកទាំងនេះ គឺអាស្រ័យទៅតាមកម្រិតធ្ងន់ធ្ងរ និង រយៈពេលនៃការកើតជម្ងឺធ្លាក់ទឹកចិត្ត។ ឧទាហរណ៍ដូចជានៅផ្នែក Hippocampus ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់អាចកើតមាននៅខែទី៨ រាប់ចាប់តាំងពីបុគ្គលនោះមានជម្ងឺធ្លាក់ទឹកចិត្ត។

នៅពេលមានផ្នែកណាមួយនៃខួរក្បាលរួញតូច មុខងារនៃផ្នែកនោះនឹងមានផលប៉ះពាល់ជាក់ជាមិនខាន។ ជាឧទាហរណ៍ នៅផ្នែក Prefrontal Cortex និង ផ្នែក Amygdala ធ្វើការជាមួយគ្នាដើម្បីគ្រប់គ្រងការឆ្លើយតបខាងអារម្មណ៍ និងការស្គាល់ពីអារម្មណ៍នៅក្នុងមនុស្សផ្សេងទៀត។ នៅពេលផ្នែកនេះរួមតូច អ្នកមានជម្ងឺធ្លាក់ទឹកចិត្តមានបញ្ហាក្នុងការស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃ៕