ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា តើទឹកក្រូចឆ្មារល្អអ្វីខ្លះចំពោះស្ត្រីមានផ្ទៃពោះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ទឹកក្រូចឆ្មារសម្រាប់ស្ត្រីមានផ្ទៃពោះ ៖
១. ប្រភពដ៏ប្រសើរនៃវីតាមីន C
ស្ត្រីមានផ្ទៃពោះជាញឹកញយជួបប្រទះអាការៈខ្វះវីតាមីន C ក្នុងរាងកាយ។ ផ្លែឈើប្រភេទ Citrus ដូចជាក្រូចឆ្មារ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន C។ ដូច្នេះការទទួលទានភេសជ្ជៈនេះអាចផ្ដល់ឱ្យរាងកាយនូវបរិមាណគ្រប់គ្រាន់នៃវីតាមីន C។
២. ព្យាបាលអាការៈទល់លាមកនិងពិបាករំលាយអាហារ
អាការៈទល់លាមកនិងពិបាករំលាយអាហារតែងកើតឡើងជាទូទៅសម្រាប់ស្ត្រីមានផ្ទៃពោះ។ ទឹកក្រូចឆ្មារជួយសម្រួលនិងគ្រប់គ្រងចលនាពោះវៀនទប់ស្កាត់បញ្ហាទល់លាមកនិងរាគ។ ការទទួលទានភេសជ្ជៈនេះជាទៀងទាត់ជួយឱ្យពោះវៀនងាយស្រួលធ្វើចលនា និងព្យាបាលអាការៈពិបាករំលាយអាហារបានយ៉ាងប្រសើរ ព្រមទាំងរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយផងដែរ។
៣. ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ជាពិសេស គឺវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីកម្ចាត់ជាតិពុលនិងរ៉ាឌីកាល់សេរីពីក្នុងប្រព័ន្ធរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងទឹកក្រូចឆ្មារថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយការពារស្ត្រីមានផ្ទៃពោះមិនឱ្យងាយនឹងឆ្លងជំងឺផ្ដាសាយ។
៤. អត្ថប្រយោជន៍សម្រាប់ទារកក្នុងផ្ទៃ
មិនត្រឹមតែចំពោះស្ត្រីជាម្ដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ទារកក្នុងផ្ទៃផងដែរ។ ក្រៅពីវីតាមីន C ទឹកក្រូចឆ្មារមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់ដែលជួយដល់ការលូតលាស់នៃឆ្អឹង, ខួរក្បាល និងកោសិកាសសៃប្រសាទរបស់ទារកក្នុងផ្ទៃ។
៥. គ្រប់គ្រងសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់មិនល្អចំពោះរាងកាយឡើយ ជាពិសេសនៅពេលមានផ្ទៃពោះ។ សម្ពាធឈាមឡើងខ្ពស់ជាប្រចាំអាចបង្កជាជំងឺបម្រុងក្រឡាភ្លើង។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យ។ ទឹកក្រូចឆ្មារអាចជួយបញ្ចុះសម្ពាធឈាមនិងរក្សាសុវត្ថិភាពកំឡុងពេលមានផ្ទៃពោះ។ អ្នកអាចច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកមួយពែង រួចបន្ថែមទឹកឃ្មុំបន្តិចចូលបង្កើនរសជាតិ។ ការទទួលទានភេសជ្ជៈនេះម្ដងក្នុងមួយថ្ងៃរៀងរាល់បីថ្ងៃនឹងជួយគ្រប់គ្រងសម្ពាធឈាមប្រក្រតី។
៦. ព្យាបាលអាការៈហើមជើង
អាការៈនេះក៏កើតឡើងជាទូទៅនៅពេលមានផ្ទៃពោះផងដែរ។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវអាចជួយកាត់បន្ថយអាការៈហើមជើងកំឡុងពេលមានផ្ទៃពោះ។
៧. អត្ថប្រយោជន៍ផ្សេងទៀត
ការទទួលទានទឹកក្រូចឆ្មារជាប្រចាំកំឡុងពេលមានផ្ទៃពោះអាចជួយទប់ស្កាត់បញ្ហាផ្សេងៗដែលកើតឡើងកំឡុងពេលមានផ្ទៃពោះដូចជាក្រហាយទ្រូង និងហើមពោះ។ កាល់ស្យូមនិងម៉ាញ៉េស្យូមក្នុងទឹកក្រូចឆ្មារក៏អាចជួយព្យាបាលអាការៈនៃជំងឺហឺត, ផ្ដាសាយ និងក្ដៅខ្លួន។ វាក៏ជួយសម្រួលការស្រូបយកជាតិដែករបស់រាងកាយដែលជួយទប់ស្កាត់បញ្ហាខ្វះគ្រាប់ឈាមក្រហមកំឡុងពេលមានផ្ទៃពោះ។
សម្គាល់! ទោះជាយ៉ាងណាដើម្បីជាការប្រសើរអ្នកគួរទទួលទានភេសជ្ជៈនេះក្នុងកម្រិតមធ្យម និងចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន សឹមរួមបញ្ចូលភេសជ្ជៈនេះក្នុងរបបអាហារប្រចាំថ្ងៃ៕