ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការទទួលទានផ្កាខាត់ណាអាចផ្ដលផលល្អៗយ៉ាងណាខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានផ្កាខាត់ណាចំពោះសុខភាពទប់ស្កាត់ជំងឺផ្សេងៗ ៖
១. លក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក
នេះក៏ព្រោះតែផ្កាខាត់ណាមានផ្ទុកសមាសធាតុ sulforaphane ដែលអាចសម្លាប់កោសិកាមហារីកពន្យឺតការលូតលាស់ដុំសាច់មហារីក។ សមាសធាតុ sulforaphane ជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត។ ផ្កាខាត់ណាក៏មានផ្ទុកសារធាតុ indoles និង isothiocyanates ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់, មហារីកផ្លោកនោម, មហារីកពោះវៀនធំ, មហារីកថ្លើម និងមហារីកសួត។ បន្លែប្រភេទ Cruciferous ដូចផ្កាខាត់ណានេះក៏មានផ្ទុកសម្បូរទៅដោយ carotenoids និងសារធាតុចិញ្ចឹមផ្សេងទៀតដូចជាវីតាមីន C, វីតាមីន E និងវីតាមីន K ដែលប្រឆាំងជំងឺំមហារីក។
២. ពង្រឹងសុខភាពបេះដូង
លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃសារធាតុ sulforaphane ក្នុងផ្កាខាត់ណាអាចជួយទប់ស្កាត់ការខូចខាតនៃសសៃឈាមដែលបង្កមកពីការរលាកដោយសារតែបញ្ហាជាតិស្ករក្នុងឈាមរ៉ាំរ៉ៃ។ ជាតិសសៃខ្ពស់ក្នុងផ្កាខាត់ណាក៏ប្រសើរបំផុតសម្រាប់សុខភាពបេះដូងរឹងមាំជៀសផុតពីបញ្ហាផ្សេងៗ រួមទាំងជំងឹសសៃឈាមបេះដូង ខណៈដែលវាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អនិងវីតាមីនជួយគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយ ព្រមទាំងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៣. ធ្វើឱ្យមុខងារខួរក្បាលមានលក្ខណៈប្រសើរឡើង
នេះក៏ព្រោះតែផ្កាខាត់ណាមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់មួយ គឺ choline ដែលជាវីតាមីនក្រុម B ព្រមទាំងវីតាមីន K ដើរតួនាទីយ៉ាងសំខាន់សម្រាប់រក្សាសុខភាពខួរក្បាលនិងការចងចាំ។ សារធាតុ choline ក្នុងបន្លែនេះក៏ជួយទប់ស្កាត់បញ្ហាខ្សោយការចងចាំដោយសារកត្តាវ័យផងដែរ។
៤. លក្ខណៈសម្បត្តិប្រឆាំងការរលាក
ផ្កាខាត់ណា មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយប្រយុទ្ធប្រឆាំងនឹងការរលាកផ្សេងៗក្នុងរាងកាយ។ បន្លែនេះជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកជំងឺរលាកសន្លាក់ ក៏ព្រោះវាមានផ្ទុកសារធាតុ sulforaphane ជួយទប់ស្កាត់អង់ស៊ីមដែលបង្កការរលាកដល់សន្លាក់។ ក្រៅជំងឺរលាកសន្លាក់ហើយនោះ លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃផ្កាខាត់ណាក៏ទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបង្កឡើងដោយសារការរលាកក្នុងរាងកាយ ដូចជាជំងឺធាត់ជ្រុល និងជំងឺទឹកនោមផ្អែមផងដែរ។
៥. ជួយឱ្យស្រកទម្ងន់
សមាសធាតុ sulforaphane ព្រមទាំងវីតាមីន C និងសារធាតុ folate ក្នុងផ្កាខាត់ណាខៀវ គឺល្អណាស់សម្រាប់ជួយឱ្យស្រកទម្ងន់។ បន្លែនេះក៏មានផ្ទុកកាបូអ៊ីដ្រាតទាបដែលល្អសម្រាប់ការសម្រកទម្ងន់ផងដែរ។ ជាតិសសៃក៏ជួយប្រយុទ្ធប្រឆាំងអាការៈហើម និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលរំញោចការបញ្ចេញ leptin ដែលជាអ័រម៉ូនមួយប្រភេទជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយនិងគ្រប់គ្រងទម្ងន់។
៦. បន្សាបជាតិពុលក្នុងរាងកាយ
ផ្កាខាត់ណា ជាប្រភពដ៏សម្បូរបែបនៃជាតិសសៃដែលជួយកម្ចាត់ជាតិពុលចេញពីរាងកាយតាមរយៈបំពង់រំលាយអាហារ។ ផ្កាខាត់ណាក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស phytonutrients ដែលជួយក្នុងដំណើរការបន្សាបជាតិពុលនៃរាងកាយឲ្យកាន់តែមានលក្ខណៈសកម្មប្រសើរឡើងគួរអោយកត់សម្គាល់។ លើសពីនេះទៅទៀត សារធាតុ thiocyanates និង glucosinolates នៃផ្កាខាត់ណាក៏ជួយបង្កើនសមត្ថភាពមុខងាររបស់ថ្លើមក្នុងការបន្សាបសារធាតុពុលផ្សេងៗដែលបង្កជំងឺមហារីកចេញពីរាងកាយផងដែរ។
៧. ពង្រឹងសុខភាពឆ្អឹង
ផ្កាខាត់ណាមានផ្ទុកវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែនជួយការពារសន្លាក់និងឆ្អឹងពីការរលាក។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃវិតាមីន K ដែលដើរតួនាទីជួយក្នុងការទប់ស្កាត់បញ្ហាបាត់បង់ម៉ាសនៃឆ្អឹងចំពោះទាំងបុរសនិងស្ត្រី។
៨. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
នោះក៏ព្រោះតែផ្កាខាត់ណាមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលគាំទ្រដល់មុខងារប្រព័ន្ធរំលាយអាហារបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ផ្កាខាត់ណាក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ glucoraphanin ដែលមានប្រសិទ្ធិភាពជួយការពារស្រទាប់ក្រពះពីបញ្ហាផ្សេងៗ រួមបញ្ចូលទាំងការរលាកនិងដំបៅក្រពះផងដែរ។
៩. ធ្វើឱ្យសុខភាពភ្នែកកាន់តែមានលក្ខណៈប្រសើរឡើង
សារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងវីតាមីន C ក្នុងផ្កាខាត់ណាខៀវអាចជួយកាត់បន្ថយហានិភ័យនៃជំងឺខ្សោយពេកដោយសារវ័យចំណាស់។ សមាសធាតុ sulforaphane ក្នុងផ្កាខាត់ណាខៀវជួយការពាររ៉េទីនភ្នែកមិនឱ្យទទួលរងការបំផ្លាញ។ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយផងដែរ។
១០. រក្សាតុល្យភាពអ័រម៉ូន
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្កាខាត់ណាអាចជួយកាត់បន្ថយអ័រម៉ូន estrogen មិនឱ្យឡើងខ្ពស់ពេកនិងរក្សាតុល្យភាពនៃអ័រម៉ូនផ្សេងៗក្នុងរាងកាយ៕