Join with Health.com.kh on Telegram

រាជធានីភ្នំពេញ ៖ ការបង្កើនចំណង់អាហាររបស់កូនៗ អាចនឹងទាមទារឱ្យមានគន្លឹះខ្លះៗ ជាពិសេសអាហារដែលឱ្យកូនអ្នកទទួលទានជាអាហារដែលគេមិនពេញចិត្ត ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិតញ៉ែមច័ន្ទវលក្ខណ៍ ដែលជាគ្រូពេទ្យជំនាញឯកទេសកុមារ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។

វេជ្ជបណ្ឌិតញ៉ែមច័ន្ទវលក្ខណ៍ ពន្យល់ទៀតថា ទោះយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ពិបាកចិត្តរឿងនេះទេ ខាងក្រោមនេះជាវិធីដើម្បីធ្វើឱ្យកូនរបស់អ្នកមិនពិបាករឿងញ៉ាំ ៖

១) អាហារពេលព្រឹក ៖ ការទទួលទានអាហារពេលព្រឹក គឺជាការចាំបាច់ ដោយសារតែវាមានការពាក់ព័ន្ធជាមួយនឹងចំណង់អាហាររបស់កូនអ្នក ។ អាហារពេលព្រឹកដែលមានតុល្យភាព ជួយបង្កើនការធ្វើមេតាប៉ូលីស (រំលាយអាហារទៅជាថាមពល) បន្ទាប់ពីមិនមានអ្វីក្នុងពោះកាលពីពេលយប់ ហើយជំរុញឱ្យរាងកាយចាប់ផ្តើមធ្វើការនៅក្នុងថ្ងៃថ្មីពេញមួយថ្ងៃ ។

២) ឱ្យញ៉ាំរៀងរាល់ ២ ម៉ោងម្តង ៖ កុមារដែលមិនចេះឃ្លានអាហារ អាចនឹងមានការធុញថប់នៅពេលឱ្យញ៉ាំច្រើនៗពេកក្នុងពេលតែមួយ ។ អ្នកអាចឱ្យគេញ៉ាំតិចៗ តែច្រើនដង ។ ពោលគឺរាល់ ២ ម៉ោងម្តង ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់គេចេះចង់អាហារឡើងវិញ ។

៣) ផ្តល់ជូននូវអាហារដែលកូនអ្នកចូលចិត្ត ៖ សម្រាប់កុមារខ្លះដែលមានចំណង់អាហារទាប អាហារតិចណាស់ដែលគេចូលចិត្ត ។ ប្រសិនបើករណីបែបនេះ អ្នកគួរតែរកអាហារដែលពួកគេចូលចិត្ត ដើម្បីធ្វើឱ្យចំណង់អាហាររបស់ពួកគេចាប់ផ្តើមមានជាមុនសិន ក្រោយមកចាំអ្នកឱ្យកូនអ្នកញ៉ាំអ្វីដែលអ្នកចង់ឱ្យគេញ៉ាំ ។

៤) ការរត់លេង ឬ ការហាត់ប្រាណបន្ថែម ៖ អ្នកប្រហែលជាដឹងស្រាប់ទៅហើយថា ការហាត់ប្រាណអាចបង្កើនចំណង់អាហារ ។ សម្រាប់កូនរបស់អ្នក គឺដូចគ្នា ។ ប្រសិនបើកូនអ្នកមិនសូវឃ្លាន អ្នកឱ្យគេរត់លេងហត់ទៅ ពេលនោះពួកគេពិតជាឃ្លានមិនខាន ។

៥) ឱ្យកូនផឹកទឹក ៣០ នាទីមុនម៉ោងបាយ ៖ កុមារគួរតែផឹកទឹកមុនដំបូងគេបង្អស់នៅពេលព្រឹក ។ ពួកគេក៏គួរតែទទួលទានទឹកឱ្យបានមុនពេលបាយកន្លះម៉ោងផងដែរ ។ នេះគឺធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ដំណើរការ ហើយការរំលាយអាហារក៏មានភាពងាយស្រួល ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Storehttps://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។