សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពឆ្អឹង! ថាតើអ្នកគួរចៀសវាងអាហារអ្វីខ្លះដើម្បីអាចរក្សាបាននូវភាពរឹងមាំនិងជម្រុញការលូតលាស់ឆ្អឹងបានល្អ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរចៀសវាងដើម្បីរក្សាភាពរឹងមាំនៃឆ្អឹង ៖
១. របបអាហារមានផ្ទុកកាឡូរីទាបពេក
របបអាហារដែលមានផ្ទុកកាឡូរីទាបពេក គឺមិនអាចផ្ដល់ឱ្យឆ្អឹងនូវសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ ជាលទ្ធផលឆ្អឹងនិងសាច់ដុំប្រែជាចុះខ្សោយ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើអ្នកចង់ស្រកទម្ងន់ដោយនៅតែរក្សាបាននូវសុខភាពឆ្អឹងនិងសាច់ដុំរឹងមាំនោះ ចូរចៀសវាងជ្រើសរើសរបបអាហារដែលមានផ្ទុកកាឡូរីទាបពេក ហើយព្យាយាមទទួលទានអាហារសុខភាពល្អនិងកុំភ្លេចធ្វើលំហាត់ប្រាណជំនួសវិញ។
២. អាហារប្រៃ
អាហារប្រៃ ឬមានផ្ទុកជាតិសូដ្យូមខ្ពស់មិនល្អសម្រាប់សុខភាពឆ្អឹងនិងសន្លាក់ឡើយ។ ជាតិសូដ្យូមក្នុងអាហារប្រៃប្រមូលផ្ដុំនូវសារធាតុរាវ ឬជាតិទឹកលើសក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។ លើសពីនេះទៅទៀតអាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់បណ្ដាលអោយតម្រងនោមបញ្ចេញនូវជាតិកាល់ស្យូមចេញពីរាងកាយ។
៣. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងលើសកម្រិតអាចបណ្ដាលឱ្យដង់ស៊ីតេឆ្អឹងថយចុះបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង។ ម្យ៉ាងវិញទៀតគ្រឿងស្រវឹងមានផ្ទុកជាតិពុលដែលអាចបង្កការរលាកក្នុងសន្លាក់និងធ្វើឱ្យសន្លាក់ស្ងួតផងដែរតាមរយៈលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ អ្នកដែលមានបញ្ហាសន្លាក់មិនគួរទទួលទានគ្រឿងស្រវឹងឡើយទោះក្នុងកម្រិតមធ្យមក៏ដោយ៕
៤. កាហ្វេអ៊ីន
ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេកក្នុងមួយថ្ងៃៗអាចជះផលប៉ះពាល់ដល់សុខភាពឆ្អឹងធ្វើឱ្យងាយនឹងបាក់។ បញ្ហានេះកើតឡើងដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ។
៥. អាហារនិងភេសជ្ជៈផ្អែម
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនពេកក៏អាចបង្កបញ្ហាឈឺសន្លាក់ឆ្អឹងផងដែរ។ នោះក៏ព្រោះតែជាតិស្ករអាចបណ្ដាលឱ្យការរលាកកើតមានឡើង។
៦. ទទួលទានភេសជ្ជៈសូដា
សូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀត គឺសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឲ្យឆ្អឹងចុះខ្សោយ និងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។ ប៉ុន្តែក្រៅពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីន ក៏ភេសជ្ជៈសូដាក៏មានផ្ទុកអាស៊ីតផូស្វ័រិចដែលជះផលអវិជ្ជមានខ្លាំងគួរអោយព្រួយបារម្ភចំពោះឆ្អឹង។ អាស៊ីតនេះអាចបណ្ដាលអោយកាល់ស្យូមនៅក្នុងឆ្អឹងត្រូវច្រោះចេញ។
៧. របបអាហារមានផ្ទុកប្រូតេអ៊ីនទាប
មិនមែនត្រឹមតែជាតិកាល់ស្យូមប៉ុណ្ណោះទេដែលជួយរក្សាសុខភាពឆ្អឹងអោយល្អរឹងមាំ ប៉ុន្តែប្រូតេអ៊ីនក៏ជាសារធាតុចាំបាច់ខ្លាំងបំផុតសម្រាប់ឆ្អឹងផងដែរ។ ដូច្នេះត្រូវប្រាកដថា របបអាហាររបស់អ្នកមានផ្ទុកនូវបរិមាណប្រូតេអ៊ីនគ្រប់គ្រាន់៕