Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃទំពាំងបារាំងចំពោះសុខភាពរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបន្លែនេះក៏អាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភផងដែរក្នុងករណីទទួលទានច្រើនពេក។ ថាតើទំពាំងបារាំងអាចជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះនៅពេលញ៊ាំលើសកម្រិត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃបន្លែនេះ ៖

១. អាចបង្កបញ្ហាស្ងួតមាត់

នេះក៏ព្រោះតែទំពាំងបារាំងមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមនាំឱ្យនោមញឹក។ ជាលទ្ធផលអាចនឹងបង្កអាការៈខ្សោះជាតិទឹកក្នុងរាងកាយ ហើយស្ងួតក្នុងមាត់។

២. លាមកមានក្លិនឈួលខ្លាំង

នេះក៏ព្រោះតែទំពាំងបារាំងមានផ្ទុកជាតិរ៉ែ sulfur។ ទោះជាយ៉ាងណាកុំបារម្ភ! ត្រឹមតែ ១ថ្ងៃ ឬ ២ថ្ងៃក្រោយបញ្ហានេះនឹងបាត់ទៅវិញ។

៣. គ្មានសុវត្ថិភាពសម្រាប់អ្នកដែលមានអាការៈហើមដោយសារការលើសសារធាតុរាវឡើយ

ចូរប្រយ័ត្នក្នុងការទទួលទានទំពាំងបារាំង ប្រសិនបើអ្នកមានអាការៈហើមដោយសារបញ្ហាពាក់ព័ន្ធនឹងជំងឺខ្សោយតម្រងនោម ឬជំងឺបេះដូង ដោយបន្លែនេះអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។

៤. អាចបង្កអាការៈអាឡែកស៊ី

រោគសញ្ញាទូទៅបំផុតនៃអាការៈអាឡែកស៊ីនឹងទំពាំងបារាំងរួមបញ្ចូលទាំងការរមាស់ ឡើងក្រហម និងហើមភ្នែក, ហៀរសំបោរ, តឹងច្រមុះ, ឈឺរមាស់បំពង់ក, ក្អកស្ងួត, ឡើងរោលកន្ទួលលើស្បែក, ពិបាកដកដង្ហើម, ចង្អោរចង់ក្អួត, វិលមុខធីងធោង និងឈឺក្បាល។

៥. អាចបង្កអាការៈភើញឹក

អាហារដែលមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត ជាពិសេសជាតិសសៃដូចជាទំពាំងបារាំងអាចបង្កហ្គាសក្នុងប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផលអ្នកអាចនឹងជួបប្រទះអាការៈភើញឹកខុសធម្មតា ឬហើមពោះ។ ដូច្នេះត្រូវប្រាកដថាអ្នកមិនទទួលទានបន្លែសុខភាពល្អនេះច្រើនលើសកម្រិតពេក!

៦. គ្មានសុវត្ថិភាពសម្រាប់អ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម

ទោះបីជាទំពាំងបារាំងជាជម្រើសនៃបន្លែដែលប្រសើរសម្អាតគ្រប់គ្រងកម្រិតនៃសម្ពាធឈាម ប៉ុន្តែចូរប្រយ័ត្នក្នុងការទទួលទានបន្លែនេះប្រសិនបើអ្នកទទួលបានវេជ្ជបញ្ជាក្នុងការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម។ ទំពាំងបារាំងអាចបង្កប្រតិកម្មជាមួយថ្នាំបញ្ចុះសម្ពាធឈាមបានដែលនាំឱ្យកម្រិតនៃសម្ពាធឈាមធ្លាក់ចុះទាបពេកបង្កជាស្ថានភាពគ្រោះថ្នាក់៕