ភាពធាត់ជ្រុលនៅក្នុងវ័យកុមារភាព អាចធ្វើអោយកូនៗរបស់លោកអ្នក ប្រឈមនឹងផលលំបាក ផ្នែករាង កាយ, ផ្នែកសង្គម និង សុមាលភាពផ្លូវចិត្តរបស់ពួកគេ ។
ផលលំបាក ចំពោះស្ថានភាពរាងកាយ
មានការប្រឈមនឹង ជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ជំងឺទឺកនោមផ្អែមប្រភេទនេះ ដែលបានកើត ចំពោះកុមារ គឹមានសភាពរុំារ៉ៃ ដែលអាចនឹងប៉ះពាល់ដល់ ដំណើរការរបស់រាងកាយពួកគេ ក្នុងការ រំលាយជាតិស្ករ (គ្លុយកូស) ។ ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ត្រូវបានកើតឡើង ដោយសារ ផ្នែកមួយនៃការមិនបានទទួលទានអាហារ បានត្រឹមត្រូវ និង ជារឿយៗវាត្រូវបាន កែប្រែវិញបាន ដោយការ ទទួលទានអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព និង ការធ្វើលំហាត់ ប្រាណអោយបានទៀតទាត់ ។
Metabolic syndrome ។ ស្ថានភាពនេះ វាមិនមែនជាជំងឺនោះទេ ប៉ុន្តែស្ថានភាពជាច្រើនរបស់វា អាចធ្វើអោយកូនៗរបស់លោកអ្នក ស្ថិតក្នុងការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់នៃ ការវិវត្តន៍មាននូវ ជំងឺបេះដូង, ជំងឺទឹកនោមផ្អែម និង បញ្ហាសុខភាពដទៃៗទៀត។ ប្រភពនៃបញ្ហាទាំងនោះរួមមាន ដូចជា៖ សម្ពាធឈាមឡើងខ្ពស់, កម្រិតជាតិស្ករក្នុងឈាមខ្ពស់, មានជាតិកូឡេស្តេរ៉ូលខ្ពស់ និង មានខ្លាញ់ច្រើន នៅក្នុងពោះ។
មានសម្ពាធឈាម និង កម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់។ កូនរបស់អ្នក អាចនឹងមានការវិវត្តន៍ នូវជំងឺ លើសសម្ពាធឈាម ឬ កើនឡើងនូវកម្រិតកូឡេស្តេរ៉ូល ប្រសិនបើ ពួកគេមិនបានទទួលទាន អាហារបានត្រឹមត្រូវនោះទេ។ កត្តាទាំងនេះ អាចរួមចំណែក ក្នុងការបង្កើននូវដុំកំណក នៅក្នុងសសៃឈាមអាទែ ដែលវាអាចធ្វើអោយសសៃឈាមតូចចង្អៀត និង ឡើងរឹង ហើយ ស្ថានភាពនេះ នឹងអាចធ្វើអោយកូនរបស់អ្នក មានជំងឺគាំងបេះដូង ឬ ដាច់សសៃឈាមនៅក្នុង ខួរក្បាល នាប៉ុន្មានឆ្នាំក្រោយមក នៅក្នុងជីវិតរបស់ពួកគេ ។
មានជំងឺហឺត និង បញ្ហាក្នុងការដកដង្ហើមផ្សេងៗទៀត ។ ការកើនឡើងនូវទំងន់បន្ថែម ទៅលើ រាងកាយរបស់ពួកគេ គឺអាចនាំយកមកនូវបញ្ហា ជាមួយនឹងការវិវត្តន៍ និង សុខភាពរបស់សួតដែល វាអាចនឹង ធ្វើអោយពួកគេមានជំងឺហឺត ឬ ប្រឈមនឹងបញ្ហាក្នុងការដកដង្ហើមដទៃៗទៀត ។
មានភាពមិនប្រក្រតី ក្នុងការគេងលក់។ ការគេងដោយមិនដកដង្ហើម គឺជាស្ថានភាពមួយដែល កូនៗរបស់អ្នក អាចនឹងមានការស្រម៉ុក ឬ មានភាពមិនធម្មតា ក្នុងការដកដង្ហើម ខណៈពេលដែល ពួកគេ កំពុងគេងលក់។ ហើយនេះ ជាផលលំបាកមួយ ដែលអាចកើតមានដោយសារភាព ធាត់ ជ្រុលនៅក្នុងវ័យកុមារភាព ។ អ្នកត្រូវយកចិត្តទុកដាក់ ចំពោះ បញ្ហានៃការដកដង្ហើមរបស់កូនអ្នក នៅពេលដែលគេ គេងលក់។
មានភាពពេញវ័យ ឬ មានវដ្តឈាមរដូវលឿនជាងពេលកំណត់។ ការធាត់ អាចធ្វើអោយកម្រិត អរម៉ូនមានអតុល្យភាព សម្រាប់កូនអ្នក។ ភាពអតុល្យភាពទាំងនេះ អាចធ្វើអោយពួកគេ ចាប់ផ្តើម ឆាប់មានវ័យគ្រប់ការ លឿនជាងពេលដែលបានរំពឹងទុក។
ផលលំបាកចំពោះ ស្ថានភាពសង្គម និង ផ្លូវចិត្ត
មិនសូវផ្តល់តម្លៃអោយខ្លួនឯង ។ កុមារភាគច្រើន តែងនិយាយចំអន់លេង ឬ ធ្វើបាបមិត្តភក្តិ ទាំងឡាយណាដែលមានរូបរាងធាត់ ហេតុដូចនេះ ពួកគេអាចនឹង ទទួលរងការវាយ ប្រហារនេះ ដែលអាចធ្វើអោយពួកគេ បាត់បង់ជំនឿចិត្តលើខ្លួនឯង និង ប្រឈមនឹងបញ្ហានៃការធ្លាក់ទឹកចិត្ត។
មានបញ្ហាចំពោះអកប្បកិរិយា និង ការសិក្សា។ កុមារដែលមានភាពធាត់ជ្រុល គឺហាក់នឹង មានភាពថប់បារម្ភជាង និង មិនសូវមានទំនាក់ទំនងក្នុងសង្គមបានល្អ ជាងកុមារ ដែលមានរូបរាង កាយសមសួនមាន។ នៅក្នុងករណីធ្ងន់ធ្ងរ បញ្ហាទាំងនេះ អាចនឹងធ្វើអោយកុមារទាំងនោះ បញ្ចេញនូវអាកប្បកិរិយា មិនសមរម្យ ដែលអាចនឹងរំខានដល់មិត្តរួមថ្នាក់។ ហើយវាក៏អាច ធ្វើអោយពួកគេ ត្រូវបានដកឃ្លាឆ្ងាយពីសង្គម។ ស្ថានភាពស្ត្រេស និង ភាពថប់បារម្ភ ក៏អាច បង្អាក់ដល់ លទ្ធផលសិក្សារបស់ពួកគេបានផងដែរ។
ការធ្លាក់ទឹកចិត្ត។ ការមិនសូវផ្តល់តម្លៃអោយខ្លួនឯង អាចបង្កើតនូវអារម្មណ៍ នៃការអស់សង្ឈឹម ជាច្រើន ចំពោះកុមារដែលមានភាពធាត់ជ្រុល។ នៅពេលដែលពួកគេ បាត់បង់ក្តីសង្ឈឹម នៅក្នុងជីវិតរបស់ពួកគេ នោះវាអាចនឹងធ្វើអោយពួកគេ ស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត។ ក្មេងៗ ដែលមានភាពធ្លាក់ទឹកចិត្ត អាចនឹងបាត់បង់ការចាប់អារម្មណ៍ ចំពោះការធ្វើការសកម្មភាពធម្មតា មួយចំនួន ពួកគេអាចនឹងដេកច្រើនជាងពេលធម្មតា ឬ ឧស្សាហ៍យំ។ ប្រសិនបើអ្នកគិតថា កូនរបស់អ្នក កំពុងស្ថិតនៅក្នុងស្ថានភាពធ្លាក់ទឹកចិត្ត នោះអ្នកត្រូវនិយាយជាមួយពួកគេ និង ព្យាយាម ធ្វើការចែករំលែកនូវអារម្មណ៍ទាំងនោះជាមួយ នឹងពួកគេ ៕