ជីវិតមនុស្សតែងឆ្លងកាត់ស្នេហា និងការស្រលាញ់ចាក់ស្រែះក្នុងបេះដូងរហូតពេលខ្លះស្រាយមិនរួច ប៉ុន្តែក៏មានបុរស-នារីមួយចំនួនចំណាយពេលនៅម្នាក់ឯងយ៉ាងយូរ ព្រោះមិនចង់រើសគូខុសនាំខូចចិត្ត។ ពេលវេលានៅម្នាក់ឯងនោះបានក្លាយជាទម្លាប់ រហូតមិនចង់មានស្នេហា និងធ្វើឲ្យអ្នកដទៃពិបាកយល់ចិត្ត។ តើនេះជាការពិតឬទេ?
លោក ឈឹមលី ណារ៉ាឈុន ជាមន្ត្រីរាជការស៊ីវិលមួយរូបក្នុងខេត្តក្រចេះ បានលើកឡើងថា ជាការពិតណាស់ មនុស្សស្រីធ្លាប់តែនៅម្នាក់ឯងយូរ ពិតជាពិបាកយល់ចិត្ត ហើយមិនដែលគិតដល់អ្នកផ្សេងឡើយ។ លោក ណារ៉ាឈុន បាននិយាយថា៖ “ធម្មតាទេ តែគេទម្លាប់នៅម្នាក់ឯងហើយ មិនងាយតាមស្រលាញ់ទេ… គេគិតតែពីជីវិតសប្បាយសប្បាយរបស់គេ គ្រួសារគេ ហើយនិងរៀនសូត្រអីហ្នឹង”។
អតីតនិស្សិតនៅសាលាភូមិន្ទនីតិសាស្ត្ររូបនេះ បានបន្តទៀតថា៖ “អ្នកធ្លាប់តែនៅម្នាក់ឯងអីចឹង បើស្រលាញ់ហើយក៏វេទនាតាមផ្គាប់ចិត្តគេដែរ ព្រោះគេធ្លាប់តែធ្វើតាមចិត្តខ្លួនឯង មានសេរីភាព ទៅណាមកណាម្នាក់ឯង”។ យ៉ាងណាក្ដី លោក ណារ៉ាឈុន បានបញ្ជាក់ថា រូបលោកផ្ទាល់ក៏នៅម្នាក់ឯងដែរ ព្រោះជាទម្លាប់ទៅហើយ មិនចង់ឲ្យមានគេរំខាន។
ចំណែក កញ្ញា ចន ស្រីពៅ ជាបុគ្គលិកក្រុមហ៊ុនឯកជន បានអះអាងថា មិនមែនគ្រប់គ្នាសុទ្ធតែបែបនេះទេ អ្នកខ្លះនៅឯកាយូរក៏ចេះសម្របតាមគេដែរ នៅពេលមានគូ។ ស្រីពៅ បាននិយាយថា៖ “ដោយមនុស្សទេ ពេលខ្លះគេនៅម្នាក់ឯងយូរមែន តែគេយល់ពីអារម្មណ៍មនុស្សស្រី មិនមែនយល់តែពីចិត្តខ្លួនឯង”។
ស្រីពៅ បានបន្ថែមទៀតថា អ្នកខ្លះបើសិនបានជួបមនុស្សដែលគេស្រលាញ់ពិតប្រាកដ គេនឹងផ្លាស់ប្ដូរមិនចង់ឯកាទៀតទេ តែបើមិនទាន់ចាប់អារម្មណ៍លើនរណា គេនៅតែជាមនុស្សដដែលមិនខ្វល់អ្វីទាំងអស់ គិតថាពិភពលោកធំធេង អាចទៅណាមកណាម្នាក់ឯង មានសេរីភាព អាចធ្វើអ្វីដែលខ្លួនចង់ធ្វើ។
ងាកមក កញ្ញាម្នាក់ដែលប្រាប់ត្រឹមឈ្មោះកាត់ រចនា ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា៖ “និយាយតាមត្រង់បង សង្សារខ្ញុំដូចបងនិយាយចឹង គឺពីមុនជាមនុស្សទម្លាប់ដើរទៅណាមកណាម្នាក់ឯង… ពិតជាពិបាកយល់ចិត្តណាស់ គ្រាន់តែសួរនាំច្រើនក៏មិនបាន ចាប់ផ្ដើមខឹងភ្លាម គេថាខ្ញុំពូកែជីកឫសគល់ ធម្មតាស្រលាញ់គ្នាចង់ដឹងចឹងហើយ”។
ទោះយ៉ាងណា រចនា បានអះអាងថា ខ្លួនជាអ្នកជ្រើសរើសស្រលាញ់ ទើបសុខចិត្តទ្រាំជាមួយកាយវិការព្រងើយកន្តើយបែបនេះ ហើយសង្ឃឹមថ្ងៃណាមួយគេនឹងប្ដូរចិត្ត។ “សង្ឃឹមថាគាត់ប្ដូរចុះ ព្រោះពេលណាខ្ញុំអន់ចិត្តខ្លាំង គាត់ថានឹងព្យាយាមកែប្រែ និងប្រាប់ឲ្យទុកពេល ដោយសារពីមុនទម្លាប់ចឹងហើយ…”។ រចនា បញ្ជាក់៕