Join with Health.com.kh on Telegram

តើអ្នកដឹងទេមហារីកឈាមគឺជាអ្វី ?

ជំងឺមហារីកឈាម ដែលភាសាអង់គ្លេសហៅថា Leukemia ជាមហារីកនៃជាលិកាបង្កើត ឈាមនៅក្នុងរាងកាយ រួមមានខួរឆ្អឹង និងប្រព័ន្ធទឹករងៃ ។ មហារីកឈាមមានច្រើនប្រភេទ ។ ទម្រង់ខ្លះ គឺកើតមានញឹកញាប់លើក្មេង ។ ចំណែគទម្រង់ខ្លះទៀតកើតមានច្រើនលើមនុស្សពេញវ័យ ។ មហារីកឈាមជាទូទៅពាក់ព័ន្ឋនឹងកោសិកាឈាមស ។ កោសិកាឈាមស គឺជាអ្នកប្រឆាំង នឹងការឆ្លងរោគខ្លាំងក្លា វាលូតលាស់ និងបំបែកខ្លួនធម្មតាពេលដែលរាងកាយត្រូវការ ។ តែចំពោះអ្នកមានជំងឺមហារីកឈាម ខួរឆ្អឹងផលិតចំនួនកោសិកាឈាមសច្រើនលើសលប់ ហើយមិនដំណើរការត្រឹមត្រូវ ។ ការព្យាបាលសម្រាប់មហារីកឈាម គឺស្មុគ្រស្មាញ អាស្រ័យលើប្រភេទរបស់វាហើយ និងកត្តាដទៃទៀត ។ តែមានយុទ្ធសាស្រ្ត និងធនធានដែលអាចជួយឱ្យការព្យាបាលរបស់អ្នកជោគជ័យ ។

មហារីកឈាមមានរោគសញ្ញាអ្វីខ្លះ ?

មហារីកឈាមមានរោគសញ្ញាខុសៗគ្នាអាស្រ័យលើប្រភេទរបស់វា ។ រោគសញ្ញាជួបញឹកញាប់គឺរួមមាន ៖ ក្តៅខ្លួន រឺញាក់, អស់កម្លាំងញឹកញាប់, មានការឆ្លងរោគធ្ងន់ធ្ងរ, ស្រកទម្ងន់ដោយមិនបាច់ខំ, ហើមកូនកណ្តុរ រីកថ្លើម ឬអណ្តើក, ងាយនឹងហូរឈាម រឺជាំ, ឈាមច្រមុះញឹក, មានស្នាមក្រហមលើស្បែក, បែកញើសខ្លាំងពិសេសពេលយប់ និងឈឺឆ្អឹង ។ ចូរណាត់ជួបគ្រូពេទ្យ បើអ្នកមានរោគសញ្ញាជាប់ជាប្រចាំដែលធ្វើឱ្យអ្នកបារម្ភ ។ ជាញឹកញាប់ មហារីកឈាមមិនមានរោគសញ្ញាច្បាស់លាស់ និងជាក់លាក់ទេ ។ អ្នកអាចមើលរំលងវាដោយសារតែវាជាបណ្តុំរោគសញ្ញាដូចទៅនឹងផ្តាសាយ និងជំងឺទូទៅផ្សេងទៀត ។ ពេលខ្លះមហារីកឈាម គឺរកឃើញពេលធ្វើតេស្តឈាមសម្រាប់ព្យាបាលជំងឺដទៃ ។

មហារីកគ្រាប់ឈាមបណ្តាលមកពីមូលហេតុអ្វីខ្លះ ?

អ្នកវិទ្យាសាស្រ្តមិនទាន់យល់ពីមូលហតុពិតនៃមហារីកឈាមនៅឡើយ ។ វាហាក់ដូចជាកើតពីការលាយឡំគ្នានៃហ្សែន និងកត្តាបរិស្ថាន ។

តើមហារីកឈាមកើតឡើងដូចម្តេច ?

ជាទូទៅមហារីកឈាមត្រូវបានគិតថា កើតឡើងពេលដែលកោសិកាឈាមមានការផ្លាស់ប្តូរ ឬ ការបំលែងខ្លួននៅក្នុងហ្សែន ឬ DNA ។ DNA ផ្តល់ព័ត៌មានដល់កោសិកាថាតើគួរធ្វើអ្វី ។ ធម្មតា DNA ប្រាប់កោសិកាឱ្យលូតលាស់នៅក្នុងកម្រិតមួយ ហើយស្លាប់នៅពេលណាមួយ ។ ប៉ុន្តែនៅក្នុងពេលមានមហារីកឈាមការបំលែងខ្លួនប្រាប់កោសិកាឈាមឱ្យបន្តលូតលាស់ និងបំបែកខ្លួន ។ ពេលដែលវាកើតឡើង ការផលិតកោសិកាឈាមក្លាយទៅជាមិនអាចគ្រប់គ្រងបាន ។ យូរទៅ​កោសិកាមិនប្រក្រតីទាំងនេះអាចមានច្រើននៅក្នុងខួរឆ្អឹង នាំឱ្យមានកោសិកាឈាមស កោសិកាឈាមក្រហម និងប្លាកែតល្អតិចដែលបង្កជារោគសញ្ញានៃមហារីកឈាម ។

តើមហារីកឈាមត្រូវធ្វើចំណាត់ថ្នាក់ដូចម្តេច ?

គ្រូពេទ្យចាត់ថ្នាក់ មហារីកឈាមផ្អែកលើល្បឿននៃការលូតលាស់របស់វា និងប្រភេទកោសិការដែលចូលរួម ។

ប្រភេទទីមួយ គឺចែកតាមល្បឿននៃការវិវត្តន៍ ៖

-មហារីកឈាមស្រួចស្រាវ កោសិកាមិនប្រក្រតីគឺជាកោសិកាមិនទាន់ពេញវ័យ ។ វាមិនអាចមានមុខងារធម្មតាទេ វាបំបែកខ្លួនរហ័ស ហើយជំងឺនឹងអាក្រក់ឆាប់រហ័ស ។ មហារីកឈាមស្រួចស្រាវទាមទារការព្យាបាលឱ្យទាន់ពេលវេលា និងការវះកាត់ ។

-មហារីកឈាមរ៉ាំរ៉ៃ មានប្រភេទនៃមហារីកឈាមរាំរ៉ៃជាច្រើន ។ ខ្លះផលិតកោសិកាជាច្រើននិងខ្លះផលិតតិច ។ មហារីកឈាមរ៉ាំរ៉ៃរួមមានកោសិកាឈាមពេញវ័យ ។ កោសិកាទាំងនេះបង្កើនចំនួនយឺតៗហើយអាចដំណើរការធម្មតាក្នុងអំឡុងពេលណាមួយ ។ ទម្រង់ខ្លះនៃមហារីកឈាមរ៉ាំរ៉ៃដំបូងមិនមានរោគសញ្ញាទេហើយអាចមិនចាប់អារម្មណ៍ ឬមិនបានធ្វើរោគវិនិច្ឆ័យស្វែងរករាប់ឆ្នាំ ។

ការបែងចែកទីពីរ គឺទៅតាមប្រភេទកោសិកាសដែលរងប៉ះពាល់ ៖

-មហារីកឈាមប្រភេទកោសិកាឡាំផូសីត (Lymphocytic leukemia) ជាប្រភេទប៉ះពាល់ដល់កោសិកាឡាំផូស៊ីតដែលបង្កើតជាជាលិកា ឡាំផាទិកដែលភាសាអង់គ្លេសហៅថា Lymphatic tissue។ ​ជាលិកានេះ ជាអ្នកបង្កើតជាប្រព័ន្ធភាពស៊ាំរប់សអ្នកប្រឆាំងនឹងការបង្ករោគផ្សេងៗ ។

-មហារីកឈាមប្រភេទមីញ៉េឡូអ៊ីត (Myelogenous leukemia) ប៉ះពាល់ដល់កោសិកាមីញ៉េឡូអ៊ីតដែលធ្វើឱ្យកើនគ្រាប់ឈាមក្រហម ឈាមស និងប្លាកែត ។

មហារីកឈាមមានប្រភេទអ្វីខ្លះ ?

ប្រភេទធំៗនៃមហារីកឈាមមាន ៖

-មហារីកឈាមឡាំផូស៊ីតស្រួចស្រាវ Acute Lymphocytic Leukemia ៖ មហារីកឈាមប្រភេទនេះ កើតច្រើនលើកុមារហើយវាក៏អាចកើតលើមនុស្សពេញវ័យ

-មហារីកឈាមមីញ៉េឡូអ៊ីតស្រួចស្រាវ ឬភាសាអង់គ្លេសហៅថា Acute Myelogenous Leukemia  ៖ វាជាមហារីកឈាមស្រួចស្រាវ កើតមានញឹកញាប់ ។  វាកើតលើកុមារ និង មនុស្សពេញវ័យ ។ វាជាជំងឺមហារីកឈាមស្រួចស្រាវដែលកើតមានច្រើនបំផុត ក្នុងចំណោមមនុស្សពេញវ័យ ។

-មហារីកឈាមមីញ៉ែឡូអ៊ីតរាំរ៉ៃ ៖ ប្រភេទនេះកើតលើតែមនុស្សធំ ។ អ្នកឈឺអាចមានរោគសញ្ញាតិចតួច រឺគ្មានរោគសញ្ញាច្រើនខែច្រើនឆ្នាំមុននឹងដល់វគ្គដែលកោសិកាលូតលាស់រហ័ស

-មហារីកឈាមឡាំផូស៊ីតរាំរ៉ៃ ឬ  Chronic Lymphocytic Leukemia (CLL ) ៖ វាជាមហារីកឈាមរ៉ាំរ៉ៃ កើតច្រើនបំផុត លើមនុស្សពេញវ័យ ។ ចំពោះជំងឺនេះ អ្នកប្រហែលជាមានអារម្មណ៍ថា មិនឈឺអ្វីច្រើនឆ្នាំដោយមិនត្រូវការការព្យាបាល

-មហារីកឈាមរ៉ាំរ៉ៃប្រភេទ Chronic myelogenous leukemia ៖ វាកើតមានជាពិសេសលើមនុស្សពេញវ័យ ។ អ្នកជំងឺអាចគ្មាន ឬមានតិចតួចរោគសញ្ញាអស់រយៈពេលច្រើនខែ ឬឆ្នាំ មុនពេលដែលដល់ដំណាក់កាលដែលកោសិកាមហារីកឈាមលូតលាស់កាន់តែលឿន ។

-ប្រភេទដទៃ ប្រភេទកម្រនៃមហារីកឈាមរួមមាន ៖ hairy cell leukemia, myelodysplastic syndromes and myeloproliferative disorders ។

នរណាខ្លះអាចប្រឈមនឹងការកើតមហារីកឈាម ?

កត្តាដែលអាចបង្កើនហានិភ័យនៃការវិវត្តន៍មហារីកឈាមរួមមាន ៖

-ធ្លាប់មានការព្យាបាលជំងឺមហារីកពីមុនមក អ្នកធ្លាប់ទទួលការព្យាបាលគីមី និងដោយកាំរស្មីសម្រាប់មហារីកដទៃមាន ហានិភ័យខ្ពស់ក្នុងការវិវត្តន៍ជាមហារីកឈាម

-បញ្ហាហ្សែន ហ្សែនមិនប្រក្រតីហាក់ដូចជាដើរនាទីសំខាន់ក្នុងការបង្កជាមហារីកឈាម ។ បញ្ហាហ្សែនមួយចំនួនដូចជា Down Syndrome ពាក់ព័ន្ធនឹងការកើនឡើងនៃហានិភ័យនៃជំងឺមហារីកឈាម ។

-ការប៉ះពាល់នឹងជាតិគីមីមួយចំនួនដូចជា បង់ហ្សែន ដែលមាននៅក្នុងសាំងដែលប្រើដោយរោងចក្រគីមីវាធ្វើអោយកើនហានិភ័យនៃជំងឺមហារីកឈាម

-ជក់បារី បង្កើនហានិភ័យនៃការកើតមាន ជំងឺមហារីកឈាមមីញ៉េឡូអ៊ីតស្រួចស្រាវ

-ប្រវត្តិគ្រួសារមានជំងឺមហារីកឈាម បើសមាជិកគ្រួសារមានមហារីកឈាមអ្នកអាចមានហានិភ័យខ្ពស់ក្នុងការកើតដែរ ។

តែមនុស្សជាច្រើនដែលមានកត្តាបង្កច្រើនខ្លះក៏មិនកើតមហារីកឈាមដែរ ។ ចំណែកអ្នកកើតមហារីកឈាមជាច្រើនទៀតក៏មិនមានកត្តាបង្កទាំងនេះដែរ ។

គ្រូពេទ្យធ្វើរោគវិនិច្ឆ័យមហារីកឈាមយ៉ាងដូចម្តេច ?

គ្រូពេទ្យអាចរកមហារីកឈាមរ៉ាំរ៉ៃនៅក្នុងតេស្តឈាមធម្មតាមុននឹងរោគសញ្ញាចេញមក ។ បើវាកើតឡើង រឺបើមានរោគសញ្ញាដែលអាចជាមហារីកឈាមអ្នកប្រហែល ជាត្រូវធ្វើតេស្តទាំងនេះ ៖

-តេស្តរាងកាយ ៖ គ្រូពេទ្យអ្នកនឹងរកមើលសញ្ញារបស់មហារីកឈាមដូចជាស្បែកស្លេកដោយសារខ្វះឈាម ហើមកូនកណ្តុរ និងថ្លើម ព្រមទាំងអណ្តើកឡើងធំ

-តេស្តឈាម ៖ ដោយយកឈាមអ្នកទៅពិនិត្យ គ្រូពេទ្យអាចកំណត់ថា អ្នកមានកម្រិតគ្រាប់ឈាមក្រហម ឬស ឬប្លាកែតមិនធម្មតាក្នុងកម្រិតណាដែលអាចជាមហារីកឈាម ។ ​តេស្តឈាមអាចបង្ហាញពីវត្តមានកោសិកាមហារីក ទោះបីជាមិនមែនគ្រប់ប្រភេទ មហារីកធ្វើអោយមានកោសិកាមហារីកទៅក្នុងឈាមក៏ដោយ ។ ​ពេលខ្លះកោសិកាមហារីកនៅក្នុងខួរឆ្អឹង ។

-តេស្តខួរឆ្អឹង ៖ គ្រូពេទ្យនឹងណែនាំអោយធ្វើសំណាកខួរឆ្អឹងពីឆ្អឹងចង្កេះ។ ខួរឆ្អឹងនោះនឹងបូមដោយម្ជុលវែង ។ ​សំណាកនឹងផ្ញើទៅមន្ទីរពិសោធន៍ ដើម្បរកមើលកោសិកាមហារីក ។ តេស្តពិសេសសម្រាប់កោសិកាមហារីកបង្ហាញពីលក្ខណៈមួយចំនួនដែលប្រើកំនត់ជម្រើសព្យាបាល ។

មហារីកឈាមនឹងត្រូវព្យាបាលដូចម្តេច ?

ការព្យាបាលសម្រាប់មហារីកឈាមអាស្រ័យលើកត្តាជាច្រើន ។ គ្រូពេទ្យនឹងកំណត់ការព្យាបាលផ្អែកលើអាយុ និងស្ថានភាពសុខភាព ប្រភេទមហារីកដែលអ្នកមាន និងថា វាបានរាលដាលទៅផ្នែកផ្សេងនៃរាងកាយ ឬនៅរួមមានប្រព័ន្ធប្រសាទកណ្តាល ។

ការព្យាបាលទូទៅប្រើដើម្បីប្រឆាំងនឹងមហារីកឈាមរួមមាន ៖

-ការព្យាបាលគីមី ៖ ជាទម្រង់ចម្បងក្នុងការព្យាបាលមហារីកឈាម ។ ការព្យាបាលដោយថ្នាំប្រើគីមីសម្លាប់កោសិកាមហារីក ។ អាស្រ័យលើប្រភេទមហារីកឈាមដែលអ្នកមាន អ្នកប្រហែលជាទទួលថ្នាំតែមួយមុខ ឬថ្នាំលាយគ្នា ។ ថ្នាំទាំងនេះជាទម្រង់គ្រាប់ ឬអាចចាក់តាមសរសៃវ៉ែន ។

-ការព្យាបាលចំគោលដៅ ៖ ការព្យបាលនេះ ផ្តោតលើវត្តមានរបស់កោសិកាមហារីក មិនធម្មតា ។ ការព្យាបាលដោយប្រើថ្នាំបែបនេះ គឺទៅសម្លាប់ចំកោសិកាមហារីកតែម្តង ។ កោសិកាមហារីកនឹងត្រូវពិសោធន៍មើលថា តើការព្យាបាលតាមវិធីនេះមានប្រសិទ្ធភាពទេសម្រាប់អ្នក ។

-ការព្យាបាលដោយកាំរស្មី ៖ ប្រើកាំរស្មីអ៊ិច ឬកាំរស្មីមានថាមពលខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីក និងបញ្ឈប់ការលូតលាស់របស់វា ។ នៅក្នុងពេលព្យាបាលដោយកាំរស្មី អ្នកដេកលើតុហើយមានម៉ាស៊ីនធំមួយវិលជំវុញខ្លួនអ្នក តម្រង់កាំរស្មីទៅកាន់ចំណុចជាក់លាក់លើខ្លួនអ្នក ។ អ្នកប្រហែលជាទទួលកាំរស្មីនៅក្នុងផ្នែកណាមួយនៃរាងកាយដែលមានកោសិកាមហារីក ឬអ្នកទទួលកាំរស្មីពេញរាងកាយ ។ ការព្យាបាលដោយកាំរស្មីអាចប្រើសម្រាប់ការផ្លាស់ប្តូរខួរឆ្អឹងខ្នង ។

-ការផ្លាស់ប្តូរខួរឆ្អឹងខ្នង ៖

មុននឹងផ្លាស់ប្តូរខួរឆ្អឹងខ្នង អ្នកនឹងត្រូវទទួលការព្យាបាលគីមីកម្រិតខ្ពស់ ឬការព្យាបាលកាំរស្មីដើម្បីបំផ្លាញខួរឆ្អឹងខ្នងដែលផលិតកោសិកាមហារីក ។ បន្ទាប់មកអ្នកទទួលការចាក់កោសិកាដើម ( stem cells) បង្កើតគ្រាប់ឈាមដែលជួយបង្កើតឡើងវិញខួរឆ្អឹងខ្នង ។

អ្នកប្រហែលជាទទួល កោសិកាដើមពីអ្នកផ្តល់ ឬអ្នកអាចប្រើកោសិកាដើមរបស់អ្នក ។

-ការព្យាបាលប្រព័ន្ធភាពស៊ាំ ប្រើប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងមហារីក ។ ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺរាងកាយប្រហែលមិនវាយប្រហារលើមហារីកដោយសារតែកោសិកាមហារីកផលិតប្រូតេអ៊ីនដែលជួយពួកវាលាក់ខ្លួនពីកោសិកាប្រព័ន្ធភាពស៊ាំ ។​ ការព្យាបាលប្រព័ន្ធភាពស៊ាំវាកាត់ផ្តាច់ដំណើរការនោះ។

-ការព្យបាលពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមហារីក  

ការព្យាបាលតាមវិធីនេះ គឺប្រើប្រព័ន្ឋភាពស៊ាំដើម្បីប្រឆាំងនឹងកោសិកាមហារីក ។ រាងកាយរបស់អ្នកមិនអាចវាយប្រហារកោសិកាមហារីកបាន ដោយសារកោសិកាមហារីកផលិតចេញប្រូតេអ៊ីដែលអាចជួយពួកវាលាក់ខ្លូនចេញពីប្រព័ន្ធភាពស៊ាំ ( immune system) ។ ការព្យាបាលដោយពង្រឹងប្រព័ន្ឋភាពស៊ាំមានប្រសិទ្ឋភាពដោយរារាំងដំណើរការនេះ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។