Join with Health.com.kh on Telegram

ក្រូចថ្លុង គឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែម ហើយអាចផ្ដល់នូវអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រូចថ្លុងមានផ្ទុកនូវវីតាមីន, សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមចាំបាច់ច្រើន រួមបញ្ចូលទាំងសារធាតុលីកូប៉ែន (lycopene), ប៉ូតាស្យូម, កាល់ស្យូម និងផូស្វ័រ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានក្រូចថ្លុង ៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ក្រូចថ្លុង ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរផងដែរ។ វីតាមីន C ក៏មានប្រសិទ្ធិភាពទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់
សសៃឈាមខួរក្បាល, ជំងឺសសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។

២. ជួយឱ្យស្រកទម្ងន់

ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ផ្លែក្រូចថ្លុង គឺអាចជួយពន្លឿនដំណើរការនៃការស្រកនៃទម្ងន់បាន។ ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ។

៣. សម្រួលការរំលាយអាហារ

មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អណាស់សម្រាប់ជួយសម្រួលចលនាពោះវៀន, ទប់ស្កាត់អាការៈទល់លាមក និងកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត។

៤. ធ្វើឱ្យសុខភាពឆ្អឹងកាន់តែមានលក្ខណៈប្រសើរឡើង

ក្រូចថ្លុងជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម,​ ជាតិដែក, ជាតិទង់ដែង, ស័ង្កសី និងម៉ង់កាណែសដែលសុទ្ធតែចាំបាច់សម្រាប់ពង្រឹងសុខភាពឆ្អឹង។ ការរួមបញ្ចូលក្រូចថ្លុងក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អណាស់សម្រាប់សុខភាពឆ្អឹងរឹងមាំ។

៥. ជួយគ្រប់គ្រងសម្ពាធឈាម

នេះក៏ព្រោះតែក្រូចថ្លុងមានផ្ទុកជាតិប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមសំខាន់ជួយគ្រប់គ្រងសម្ពាធឈាម។ បន្ថែមពីនេះសារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានផ្លែក្រូចថ្លុង ឬទឹកក្រូចថ្លុងស្រស់ទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។

៦. ​ពង្រឹងសុខភាពបេះដូង

ក្រូចថ្លុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជាសារធាតុ polyphenols សារធាតុ flavonoids និងអាស៊ីត ascorbic acidដែលជួយកាត់បន្ថយខ្លាញ់មិនល្អទ្រីគ្លីសេរីដនិងកូឡេស្តេរ៉ូលមិនល្អ។

៧. ប្រយុទ្ធប្រឆាំងសញ្ញានៃភាពចាស់តាមវ័យ

ក្រូចថ្លុងមានផ្ទុកសារធាតុ spermidine ដែលការពារកោសិកាមិនឱ្យទទួលរងផលប៉ះពាល់ដែលមានទំនាក់ទំនងផ្សារភ្ជាប់នឹងដំណើរការនៃភាពចាស់តាមវ័យនិងការខូចខាតកោសិកា។ ជាលទ្ធផលបញ្ហាស្នាមជ្រីវជ្រួញលើស្បែកត្រូវបានទប់ស្កាត់ ហើយអ្នកអាចនឹងទទួលបានស្បែកដែលក្មេងជាងវ័យ ភ្លឺទន់រលោង។

៨. ប្រឆាំងការឆ្លងមេរោគ

មានលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីនិងរោគផ្សិតដែលជួយព្យាបាលការឆ្លងមេរោគជាច្រើនប្រភេទ។

៩. ទប់ស្កាត់អាការៈរមួលសាច់ដុំ

កង្វះសារធាតុរាវក្នុងរាងកាយ, ការខ្សោះជាតិទឹក និងកង្វះអេឡិចត្រូលីត្រ (ដូចជាសូដ្យូម, ប៉ូតាស្យូម និងម៉ាញ៉េស្យូម) គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃអាការៈរមួលសាច់ដុំ។ ក្រូចថ្លុងមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម ដូច្នេះវាជាជម្រើសនៃអាហារដ៏ប្រសើរបំផុតមួយដើម្បីទប់ស្កាត់រមួលសាច់ដុំ។

១០. ប្រឆាំងកោសិកាមហារីក

សារធាតុ polysaccharides ដែលមានវត្តមានក្នុងផ្លែក្រូចថ្លុងអាចជួយប្រឆាំងការលូតលាស់នៃដុំសាច់មហារីក។ បន្ថែមពីនេះសារធាតុប្រឆាំងអុកស៊ីតកម្ម Naringenin ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការលូតលាស់នៃកោសិកាជំងឺមហារីកសួត ជំងឺមហារីកប្រូស្តាត និងជំងឺមហារីកលំពែង។

១១. ជួយឱ្យសុខភាពអញ្ចាញកាន់តែមានលក្ខណៈប្រសើរឡើង

ក្រូចថ្លុងជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលកង្វះវីតាមីននេះអាចបង្កើនហានិភ័យនៃជំងឺរលាកអញ្ចាញធ្មេញ៕