ធ្មេញគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូចនេះអ្នកគួរតែថែទាំធ្មេញរបស់កូនតាំងពីតូច ទើបគេអាចមានធ្មេញដែលស្អាតបាន។ ដូចនេះតើកូនអាយុប៉ុន្មានគួរតែដុសធ្មេញ?
នៅពេលដែលកូនទើបតែដុះធ្មេញទីមួយប្រហែលនៅអាយុ៦ខែ អ្នកគួរតែចាប់ផ្តើមសម្អាតធ្មេញឲ្យគេហើយ ដោយអ្នកអាចយកស្បៃមុងដែលទន់ដែលមានលក្ខណៈដូចសម្លី ឬក្រណាត់រុំរបួសយកមករុំនៅម្រាមដៃអ្នក ហើយជ្រលក់ទឹកឲ្យសើម បន្ទាប់មកយកមកសម្អាតអណ្តាត និងធ្មេញរបស់កូនឲ្យស្អាត ដោយសម្អាតបែបនេះដល់កូនអាយុ២ខួបកន្លះ។
ក្រោយពេលដែលកូនមានអាយុ២ខួបកន្លះរួច អ្នកអាចទិញច្រាសដុសធ្មេញសម្រាប់កុមារមកឲ្យកូនដុសបាន ដោយប្រាប់ឲ្យគេដុសនៅព្រឹក និងយប់។ នៅពេលដែលគេដុស អ្នកត្រូវតែឈរនៅក្បែរ ហើយមានចិត្តអំណត់បង្រៀនកូនរាល់ថ្ងៃ ទើបកូនព្យាយាមដុសធ្មេញជាប់រាល់ថ្ងៃដែរ នោះគេនឹងមានធ្មេញដែលស្អាត និងសមួយជាមិនខានឡើយ៕