Join with Health.com.kh on Telegram

យោងតាមការសិក្សាថ្មីមួយបានបង្ហាញឱ្យឃើញថា ការគេងថ្ងៃល្អសម្រាប់សុខភាពរបស់អ្នក។ អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Asklepieion General នៅប្រទេសក្រិក សិក្សាលើមនុស្សចំនួន ២១២នាក់។ ពួកគេបានរកឃើញថា អ្នកដែលគេងថ្ងៃមានការថយចុះសម្ពាធឈាមគួរឱ្យកត់សម្គាល់។ គេឃើញទំនាក់ទំនងរវាងការគេងថ្ងៃ និង ការធ្លាក់ចុះសម្ពាធឈាម ដែលជាមធ្យមចុះជាង ៥លេខ នៅពេលវាសម្ពាធឈាម។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការគេងថ្ងៃ ដែលបានចុះផ្សាយនៅលើគេហទំព័រ Pulse។

១. វាអាចជួយបង្កើនការចងចាំរបស់អ្នក

ការសិក្សាបានបង្ហាញថា ការគេងថ្ងៃដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការចងចាំ។ វាជួយឱ្យអ្នកចងចាំអ្វីៗដែលបានរៀនមុនពេលថ្ងៃ។

២. វាជួយបង្កើនភាពច្នៃប្រឌិត

អត្ថប្រយោជន៍សុខភាពមួយនៃការគេងពេលថ្ងៃ ដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល គឺវាបង្កើនការច្នៃប្រឌិត។ ភ្ញាក់ឡើងជាមួយនឹងគំនិតដ៏អស្ចារ្យមួយ គឺជាអ្វីដែលការគេងថ្ងៃអាចជួយអ្នកបាន។ វគ្គមួយនៃការគេង ដែលគេហៅថា REM ដែលជាទូទៅចាប់ផ្តើមមានក្រោយពីគេងបាន៧០ទៅ៩០នាទី ភ្ញោចផ្នែកខ្លះនៃខួរក្បាលរបស់អ្នក ដែលមានទំនាក់ទំនងជាមួយនឹងការស្រមៃ និង ក្តីសុបិន។

៣. វាជួយឱ្យអារម្មណ៍ស្រស់ស្រាយ

ប្រសិនបើអ្នកកំពុងពិបាកចិត្ត សូមព្យាយាមគេងដើម្បីឱ្យចិត្តរបស់អ្នកមានភាពប្រសើរឡើងវិញ។ ការគេងថ្ងៃក្នុងមួយរយៈពេលត្រឹម១ម៉ោង ជួយធ្វើឱ្យអ្នកមានពន្លឺផ្លូវចិត្តឡើងវិញ។​ បើទោះបីជាការគេងថ្ងៃនោះ មិនមែនជាការលង់លក់ក៏ដោយ ក៏វាអាចជួយសម្រាលដល់អារម្មណ៍ហ្មងសៅផងដែរ។

៤. វាជួយកាត់បន្ថយស្រ្តេស

ប្រសិនបើអ្នកស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ការគេងពេលថ្ងៃជួយដល់ការឡើងស្រ្តេស និង បង្កើនសុខភាពប្រព័ន្ធភាពស៊ាំរបស់អ្នក។ អ្នកជំនាញជឿជាក់ថាការគេងថ្ងៃរយៈពេល ៣០នាទី អាចជួយអ្នកបានក្នុងការដោះស្រាយបញ្ហាស្រ្តេស។

៥. វាអាចជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់

ទោះបីជាវាមើលទៅហាក់ដូចជាមិនសមហេតុផលក៏ដោយ ការគេងថ្ងៃ អាចជួយមនុស្សចាស់គេងបានស្កប់ល្អនៅពេលយប់។ ការសិក្សាបានរកឃើញថា ការគេងថ្ងៃនៅចន្លោះម៉ោង១រសៀល និង​ ម៉ោង៣រសៀល បូកផ្សំជាមួយនឹងការហាត់ប្រាណ អាចជួយដល់ការគេងពេលយប់៕