តើអ្នកធ្លាប់មានអារម្មណ៍ឈឺឆៀបៗនៅម្រាមដៃ, ប្រអប់ដៃ ឬជើងដែរទេនៅពេលអង្គុយយូររាប់ម៉ោង? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហានេះកើតឡើងនៅពេលចរន្តឈាមហូរក្នុងរាងកាយទទួលរងការរំខានដែលអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ស្ពឹកស្រពន់ឈឺឆៀបៗ។ អ្វីដែលសំខាន់នោះ គឺចរន្តឈាមហូរមិនប្រក្រតី ឬឧស្សាហ៍ទទួលរងការរំខានអាចបង្កបញ្ហាសុខភាពជាច្រើន។ ប៉ុន្តែកុំបារម្ភ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីសម្រួលចរន្តឈាមរត់ ៖

១. គ្រាប់ធញ្ញជាតិ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិដូចជាគ្រាប់អាល់ម៉ុន និងគ្រាប់វាល់ណឹតឱ្យបាន ១ពែងតូចជាប្រចាំ។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនការផ្គត់ផ្គង់ឈាមតាមរយៈការពង្រីកសសៃឈាម។

២. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃ។ អ្នកក៏អាចទំពារខ្ទឹមសតែមួយមុខតែម្ដងប្រសិនបើចូលចិត្ត។ គ្រឿងទេសនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលអាចជួយបន្សុទ្ធឈាមនិងបង្កើនការផ្គត់ផ្គង់ឈាម ហើយសម្រួលចរន្តឈាមរត់។ ខ្ទឹមសក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។

៣. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមរួមបញ្ចូលខ្ញីក្នុងអាហារប្រចាំថ្ងៃ។ ខ្ញីមិនត្រឹមតែជួយសម្រួលការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រើសដ៏ប្រសើរសម្រាប់ធ្វើឱ្យចរន្តឈាមរត់កាន់តែមានលក្ខណៈប្រសើរឡើង។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃខ្ញីក៏ជួយបន្សាបជាតិពុលក្នុងឈាមនិងការពាររាងកាយមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។

៤. ឪឡឹក

ចូរព្យាយាមទទួលទានឪឡឹកដែលកាត់ជាដុំតូចៗ ១ចានគោមជាប្រចាំ។ សារធាតុ lycopene ក្នុងឪឡឹកជួយសម្រួលដល់ចរន្តឈាម។

៥. ផ្លែឈើប្រភេទCitrus Fruits

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមបញ្ចូលផ្លែឈើប្រភេទ Citrus Fruits ដូចជាក្រូច, ក្រូចឆ្មារ និងក្រូចថ្លុងជាដើមក្នុងរបបអាហារប្រចាំថ្ងៃ។ ផ្លែឈើប្រភេទនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជាសារធាតុប្រឆាំងអុកស៊ីតកម្មល្អណាស់សម្រាប់រយៈសុខភាពរាងកាយ ព្រមទាំងបន្សុទ្ធឈាម ហើយសម្រួលចរន្តឈាមរត់។

៦. សូកូឡាខ្មៅ

ចូរព្យាយាមទទួលទានសូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវប្រមាណ ៧៥ភាគរយ ១ដុំតូចជាប្រចាំ។ អាហារសម្រន់នេះមានផ្ទុកសារធាតុ flavonoids ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងជម្រុញចរន្តឈាមរត់។

៧. ផ្លែបឺរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានផ្លែបឺរទុំដែលកាត់ជាដុំៗ ១ចានគោមតូចឱ្យបានទៀងទាត់។ អាស៊ីតអាមីណូ L-carnitine ក្នុងផ្លែបឺរជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយ កម្ចាត់ជាតិខ្លាញ់មិនល្អ និងសម្រួលចរន្តឈាមរត់ជាពិសេសក្នុងខួរក្បាល។

សម្គាល់៖ អ្នកក៏ចាំបាច់ត្រូវធ្វើចលនា ឬហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ។ ជាធម្មតាអារម្មណ៍ស្ពឹកស្រពន់ឈឺឆៀបៗលើរាងកាយកើតឡើងនៅពេលអ្នកស្ថិតក្នុងទីតាំងមួយយូរពេក។ សសៃឈាមត្រូវជួបបញ្ហារាំងស្ទះ ដូច្នេះអ្នកត្រូវក្រោកឈរឡើង ហើយចាប់ផ្ដើមធ្វើចលនារាងកាយខ្លះ។ ត្រឹមតែការដើររយៈពេលប្រមាណជា ១០នាទី ក៏ជួយជម្រុញចរន្តឈាមរត់ឱ្យមានលក្ខណៈល្អប្រសើរដែរ។ បង្កើនរយៈពេលនៃការដើរបន្តិចម្ដងៗ រហូតដល់អ្នកអាចបញ្ចូលសកម្មភាពនេះក្នុងទម្លាប់ប្រចាំថ្ងៃបាន!