រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រៀបចំ​ធ្វើ​ពិធី​ប្រគល់ទទួល​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ និង ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​។

សូម​បញ្ជាក់​ថា នេះ​ជា​ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួល​បាន កាលពី​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ ២០២០ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ហើយ​ក៏​ជា​និមិត្តរូប​នៃ​ភាព​ជោគជ័យ របស់​កម្ពុជា​ទាំងមូល ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទន្ទឹងរង់ចាំ​ជា​ច្រើន​ជំនាន់​មក​ហើយ​ ។ ​សមិទ្ធផល​ថ្មី​នេះ កើត​ចេញពី​នយោបាយ ឈ្នះ ឈ្នះ ដែល​ដាក់​ចេញ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដំណក់​ប្រេង​ដំបូង​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ដ៏​លំបាក ដែល​គំរាមកំហែង ដោយ​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩ គឺជា​សក្ខីភាព នៃ​ការ​ខិតខំ​ប្រឹងប្រែង អំណត់​ព្យាយាម និង​ពុះពារ​សម្រេច​ជោគជ័យ របស់​រាជរដ្ឋាភិបាល និង​វិនិយោគ​គិ​ន ។

តទៅ​នេះ​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ស្វែង​យល់​ពី​អត្ថន័យ​នៃ​ការ​រចនា​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា
១. កែវ​ដំណក់​ប្រេង​មាន​ទម្រង់​ក្រពុំ​ឈូក ឬ​ស្លឹកពោធិ​តំណាង​ឲ្យ​ភាព​រុងរឿង បរិសុទ្ធ ការ​ចម្រើន​លូតលាស់​ដែល​ជា​កំណប់ទ្រព្យ​របស់​កម្ពុជា​។ កែវ​ដំណក់​ប្រេង​មាន​កម្ពស់ ២៩​សង់ទីម៉ែត្រ តំណាង​ឲ្យ​ថ្ងៃ​ទី ២៩ ដែល​ទទួល​បាន​ដំណក់​ប្រេង​របស់​កម្ពុជា​។

២. ជើងពាន​ត្របកឈូក តំណាង​ឱ្យ​សេចក្តី​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​រហូត​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា គឺ​ការ​ទទួល​បាន​នូវ​ធនធាន​ប្រេងកាត​សម្រាប់​អភិវឌ្ឍ​ជាតិ​មាតុភូមិ​កម្ពុជា​។ ជើងពាន​ត្របកឈូក​មាន​កម្ពស់ ១២​សង់ទីម៉ែត្រ តំណាង​ឱ្យ​ខែ ១២​ឬ​ខែធ្នូ​ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។

៣. ពាន​ជើង​សឹ​ង្ហ ឬ​ឋាន​ជើង​បាត​តំណាង​ឱ្យ​ការ​ជ្រោមជ្រែង​របស់​ប្រជាជន​កម្ពុជា និង​មន្ត្រីរាជការ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាញ​យក​ផល​នៃ​ធនធានធម្មជាតិ ដើម្បី​យក​មក​អភិវឌ្ឍ​សង្គម​ជាតិ​។ ពាន​ជើង​សឹ​ង្ហ និង​ឋាន​ជើង​បាត​មានកំ​ពស់ ២០​សង់ទីម៉ែត្រ​សំណាង​ឱ្យ​ឆ្នាំ ២០២០​ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។

៤. ក្បាច់​កញ្ចាំង​ភ្ញីភ្លើង​លម្អ​ដោយ​នាគ​ក្បាល​បី តំណាង​ឱ្យ​តេជៈ ភាព​ចម្រុងចម្រើន សម្បូរ​សប្បាយ​និង​តំណាង​ឲ្យ​ឆ្នាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សម័យ​កាលដែល​ទទួល​បាន​នូវ​ដំណក់​ប្រេង​របស់​កម្ពុជា​។

៥. និមិត្តរូប​រួម​នៃ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​បឋម​តេ​ល​ពិន្ទុ​កម្ពុជា​»​។
បឋម​តេ​ល​ពិន្ទុ​កម្ពុជា (​ភាសាបាលី​) មក​ពី​ពាក្យ បឋម ប្រែ​ថា​ដំបូង + តេ​ល ប្រែ​ថា​ប្រេង + ពិន្ទុ ប្រែ​ថា​ដំណក់ + កម្ពុជា គឺ​ប្រទេស​កម្ពុជា​។ ប្រែជា​រួម​ថា «​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​»៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង